ថ្ងៃ អង្គារ ទី 30 ខែ ឧសភា ឆ្នាំ​ 2017


ទំព័រមុខ » គណៈកម្មការទី៧ » សកម្មភាព » គណៈកម្មការជំនាញរដ្ឋសភាចុះសិក្សាស្វែងយល់ពីវិស័យអប់រំ និងទេសចរណ៍នៅខេត្តក្រចេះ
គណៈកម្មការជំនាញរដ្ឋសភាចុះសិក្សាស្វែងយល់ពីវិស័យអប់រំ និងទេសចរណ៍នៅខេត្តក្រចេះ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (9/15/2016 8:47:31 PM )

គណៈកម្មការអប់រំយុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាដឹកនាំដោយ ឯកឧត្ដមហែម ខន អនុប្រធានគណៈកម្មការ នៅរសៀលថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០១៦ បានអញ្ជើញដឹកនាំសមាជិកសមាជិកា ចុះបំពេញបេសកកម្មនៅខេត្តក្រចេះ ដើម្បីសិក្សាស្វែងយល់ពីវិស័យ ពាក់ព័ន្ធ និងការទទួលខុសត្រូវរបស់គណៈកម្មការ ពិសេសវិស័យ​អប់រំ និងទេសចរណ៍​​។

ក្នុងបេសកកម្មនេះ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត និងប្រ​ធានមន្ទីរ ស្ថាប័នជំនាញនានាជុំវិញខេត្ត។ នៅក្នុងកិច្ចប្រជុំដែល ធ្វើឡើងនៅសាលាខេត្តក្រ​ចេះ ឯកឧត្តម សរ ចំរ៉ុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានជម្រា​បជូនគណៈប្រតិភូ ពីការរីកចម្រើនរបស់ខេត្ត ពិសេសការរីកចម្រើនក្នុងវិស័យអប់រំ និងទេសចរណ៍ ដែលខេត្តបានយកចិត្តទុកដាក់អនុវត្តតាមផែនការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល តាមយុទ្ធសាស្រ្តចតុកោណដំណាក់កាល​ទី៣។

ឯកឧត្តម សរ ចំរ៉ុង បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសំ​ណាក់ ឯកឧត្តម អ៊ឹម ឈុនលឹម អតីតរដ្ឋមន្រ្តីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និងក្រុមការងារ ហេដ្ឋារចនាសម្ព័ន្ធអប់រំ នៅក្នុងខេត្តបានកសាង រីកដុះដាលគួរឲ្យកត់សម្គាល់ ចំណែកជីវភាពលោកគ្រូ អ្នកគ្រូ មានលក្ខណៈប្រ​សើរជាលំដាប់ តាមរយៈយន្តការដំឡើងប្រាក់បៀវត្សរ៍ របស់រាជរដ្ឋាភិបាលផង និងតាមរយៈការជួយឧបត្ថម្ភពីសំណាក់ ឯកឧត្តម អ៊ឹម ឈុនលឹម និងក្រុមការ​ងារផង ពិសេសការឧបត្ថម្ភចំពោះលោកគ្រូ អ្នកគ្រូ ដែលត្រូវបង្រៀន បំប៉នចំណេះដឹង ដល់​សិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀម​ប្រឡងសញ្ញាបត្រទុតិយភូមិ ជារៀងរាល់ឆ្នាំ​។ សម្រាប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០១៦នេះ នៅខេត្តក្រចេះ មានសិស្សប្រឡងជាប់មានចំនួនសរុប៩៥៦នាក់ ក្នុងនោះស្រីចំនួន ៥៣២នាក់។ សិស្សជាប់និទ្ទេសAមាន៩នាក់ ស្រី៣នាក់។

ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍បន្តថា ក្រោមការផ្តួចផ្តើមពីសំណាក់ថ្នាក់ដឹកនាំសំ​ខាន់ៗ មាន ឯកឧត្ដម គាត ឈន់ ឯកឧត្ដម អ៊ឹម ឈុនលឹម និង ឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន ខេត្តក្រចេះ គ្រោងសាងសង់សាកលវិទ្យាល័យមួយក្នុងពេលឆាប់ៗនេះ ជាសាកលវិទ្យាល័យក្នុងតំបន់ប៉ែកឦសាន ប្រទេស ដែលគ្រោងចំណាយថវិកាប្រមាណ១៥លានដុល្លារ បានមកពីការជួយឧបត្ថម្ភ ពីសប្បុរសជននានា និងជំនួយពីសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម សរ ចំរ៉ុង បានគូសបញ្ជាក់ថា សាកលវិទ្យាល័យនេះ នឹងដើរតួនាទីដ៏សំខាន់ ក្នុងការចូលរួមចំណែកបណ្តុះបណ្តាល ធនធានមនុស្ស នៅប៉ែកឦសានប្រទេស ដែលមានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ កូនចៅពលរដ្ឋ ដែលធ្លាប់ឡើងទៅរៀនថ្នាក់​ឧត្តមសិក្សា​នៅភ្នំពេញ នឹងងាកមកសិក្សានៅក្នុងសាកលវិទ្យាល័យនេះ ដែលធ្វើឲ្យពួកគាត់ កាត់បន្ថយការចំណាយថវិកាបានមួយកម្រិត ក្នុងការសិក្សា។

ដោយឡែកចំពោះវិស័យទេសចរណ៍វិញ ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងថា ភ្ញៀវទេស​ចរ​ជាតិ និងអន្តរជាតិ បានចូលមកទស្សនាខេត្តក្រចេះ មានចំនួនកើនជាលំដាប់ ដោយសារខេត្តមានសក្តានុពលទេសចរណ៍ធម្មជាតិ និងវប្បធម៌ ជាច្រើន ពិសេសត្រីផ្សោតទន្លេមេគង្គ។​

ក្នុងនាមថ្នាក់ដឹកនាំគណៈប្រតិភូគណៈកម្មការជំនាញមួយរបស់រដ្ឋសភា ដែលទទួលបន្ទុក វិស័យអប់រំ និងទេសចរណ៍ ឯកឧត្ដម ហែម ខន បានសម្តែង ការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំខេត្ត និងមន្រ្តីរាជការជុំវិញខេត្តទំាងអស់ ដែលបានខិតខំបំពេញការងារ បម្រើដល់ពល​រដ្ឋដោយយកចិត្តទុកដាក់។  ឯកឧត្តមបានលើកឡើងថា អាជ្ញាធរខេត្តដើរតួនាទីសំខាន់ណាស់​ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ដោយសារនៅជាប់នឹង ពលរដ្ឋ ស្គាល់ដឹង ពីទុក្ខលំបាកនិងតម្រូវការពលរដ្ឋបានច្បាស់។

ឯកឧត្តមបានជំរុញ បន្ថែមដល់អាជ្ញាធរ ត្រូវខិតខំផ្តល់សេវាសាធារណៈ នានាជូនពលរដ្ឋឲ្យមានប្រសិទ្ធិភាព គុណភាព និងតម្លាភាព។បន្ទាប់ពីបានជូប ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តរួច មកនៅរសៀលថ្ងៃដដែលគណៈប្រ​តិភូ បានចុះពិនិត្យ សិក្សាស្វែងយល់ពីសុខទុក្ខនិងបញ្ហាផ្សេងៗ របស់ លោកគ្រូអ្នកគ្រូនៅក្នុងវិទ្យា​ល័យក្រចេះក្រុង ដែលស្ថិតនៅទីរួមខេត្តក្រចេះ  ដោយផ្ទាល់ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh