ថ្ងៃ សៅរ៌ ទី 29 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » គណៈកម្មការទី៨ » សកម្មភាព » គណៈកម្មការសុខាភិបាល សង្គមកិច្ចរដ្ឋសភា ជំរុញអាជ្ញាធរខេត្តកំពង់ស្ពឺយកចិត្តទុកដាក់ សុវត្ថិភាព សុខភាព កម្មករកម្មការិនី
គណៈកម្មការសុខាភិបាល សង្គមកិច្ចរដ្ឋសភា ជំរុញអាជ្ញាធរខេត្តកំពង់ស្ពឺយកចិត្តទុកដាក់ សុវត្ថិភាព សុខភាព កម្មករកម្មការិនី
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (8/17/2016 7:33:27 PM )

គណៈកម្មការសុខាភិបាលសង្គមកិច្ចអតីតយុទ្ធជនយុវនីតិសម្បទាកាងារបណ្តុះបណ្តាលវិជ្ជាជីវៈនិងកិច្ចការនារីដឹកនាំដោយ លោកជំទាវ កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការ បានអញ្ជើញចុះបំពេញបេសកកម្មនៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៥ខែសីហា​ឆ្នាំ២០១៦ ដើម្បីសិក្សាស្វែងយល់ពីវិស័យការងារ មួយចំនួនដែលពាក់ព័ន្ធនិងការទទួលខុសត្រូវរបស់គណៈកម្មការ ដូចជាវិស័យសុខាភិបាល សង្គមកិច្ច ជាដើមនោះ។

បន្ទាប់ពីបានអញ្ជើញដល់ខេត្តកំពង់ស្ពឺ គណៈប្រតិភូនៃគណៈកម្មការជំនាញរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម យឹម សុខុម ប្រធានក្រុម ប្រឹក្សាខេត្តឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺដែលមានការចូលរួមពីប្រធានមន្ទីរស្ថាប័នមួយចំនួនជុំវិញខេត្តចូលរួមផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ លោកជំទាវប្រធានគណៈ​កម្មការបានសម្តែងការកោតសរសើរចំពោះ កិច្ចខិតខំបំពេញការងាររបស់អាជ្ញាធរខេត្ត ក្នុងការអភិវឌ្ឍ មូលដ្ឋាននិងផ្តល់សេវាសាធារណៈនានាដល់ពលរដ្ឋមានលក្ខណៈល្អប្រសើរ។ ដោយហេតុថា ខេត្តកំពង់ស្ពឺជាខេត្តមួយ ដែលមានរោងចក្រ សហគ្រាស ជាច្រើននាពេលកន្លងមក លោកជំទាវប្រធានគណៈកម្មការបានសង្កេតឃើញថា មានបញ្ហាមួយចំនួនបានកើតមានឡើងដូចជា ករណីគ្រោះថ្នាក់ ចរាចរណ៍លើមធ្យោបាយដឹកជញ្ជូនកម្មករកម្មការិនី មានបញ្ហាបរិស្ថាននៅតាមរោងចក្រដែលបង្កឲ្យមានកម្មករដួលសន្លប់​ជាដើម។

ជាមួយការសង្កេតឃើញមានករណីដូចខាងលើកើតមានឡើង នៅក្នុងឱកាសនោះ លោកជំទាវ កែ សុវណ្ណរតន៍ បានសំណូមពរនិងជំរុញដល់អាជ្ញាធរ ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ជួយដោះស្រាយបញ្ហាដែលកើតមានទំាងនោះ និងជួយបន្តធ្វើការត្រួតពិនិត្យសុវត្ថិភាពផ្លូវថ្នល់ ចំណីអាហារ ពន្លឿនការអនុវត្ត របបសន្តិសុខសង្គម ប្រឆំាងការប្រើប្រាស់កម្លំាងពលកម្មកុមារទប់ស្កាត់អំពើហិង្សាលើស្រ្តី និងកុមារបន្ថែមទៀត។

ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺដែលមាន ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ីសំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានជម្រាបជូនគណៈប្រតិភូអំពី ស្ថានភាពទូទៅរបស់ខេត្ត និងការអភិវឌ្ឍនៅក្នុងខេត្ត ដែលបានធ្វើឲ្យកម្រិតជីវភាពពលរដ្ឋ មានការកើនឡើង​ សេវាសាធារណៈរបស់រដ្ឋកាន់តែមានប្រសិទ្ធភាពរហ័ស ក្នុងនោះវិស័យសុខាភិបាលខេត្តកំពង់ស្ពឺ​មានមន្ទីរពេទ្យបង្អែកចំនួន៤មណ្ឌលសុខភាពចំនួន៥៤ និងបុស្តិ៍សុខភាពចំនួន៣ ដែលសរុបជាគ្រែសម្រាកព្យាបាលគឺទូទាំងខេត្ត មានចំនួន២៦៥ក្នុងនោះគ្រែសម្រាប់អ្នកជំងឺរបេងមានចំនួន​១០៩គ្រែ​។

ដោយអនុវត្តតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងសមាហរណកម្មអាស៊ានផង អាជ្ញាធរខេត្តបានកំពុងយកចិត្តទុកដាក់ក្នុងការពង្រឹង និងអភិវឌ្ឍន៍វិស័យសុខាភិបាលពោលគឺ មន្ទីរសុខាភិបាលខេត្ត មានផែនការយុទ្ធសាស្រ្តពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០ ក្នុងការធានាឲ្យបានល្អប្រសើរនូវ សេវាសុខភាពសាធារណៈឲ្យមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺដល់ពលរដ្ឋ ហើយនឹងខិតខំធ្វើយ៉ាងណាចូលរួមចំណែកកាត់បន្ថយការចំណាយរបស់ ប្រជាពលរដ្ឋលើសេវាសុខភាពនេះ​។

ចំពោះបញ្ហាសេដ្ឋកិច្ចវិញ បើតាមអាជ្ញាធរខេត្ត បច្ចុប្បន្ននេះខេត្តកំពង់ស្ពឺមានការរីកចម្រើន   គួរឲ្យកត់សម្គាល់ ក្នុងនោះខេត្តកំពង់ស្ពឺមានរោងចក្រខ្នាតធំ ចំនួន១០៨រោងចក្រ រោងចក្រចំនួន៦កំពុង​​​ដំ​ណើរ​​ការ ដែលបានផ្តល់ការងាររាប់ម៉ឺននាក់ដល់ប្រជាពលរដ្ឋមកពីខេត្តនានា មិនថាតែខេត្តកំពង់ស្ពឺនោះ ឡើយ។

បន្ទាប់ពីបានជួបប្រជុំជាមួយថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺហើយ គណៈប្រតិភូនៃគណៈកម្មការ   សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា កាងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានអញ្ជើញទៅសាកសួរសុខទុក្ខប្រជាពលរដ្ឋកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរបង្អែកខេត្តកំពង់ស្ពឺ មុននឹងបន្តដំណើរទៅបំពេញបេសកកម្មនៅខេត្តកោះកុងនិងខេត្តព្រះសីហនុ បន្ត​ទៀត៕

អត្ថបទ និងរូបថត ដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh