ទំព័រមុខ » គណៈកម្មការទី១ » សកម្មភាព » អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សសិក្សាស្វែងយល់ពីនីតិវិធីដាក់ពាក្យបណ្ដឹង ប្រភេទនៃពាក្យបណ្ដឹង និងកិច្ចអន្តរាគមន៍របស់គណៈកម្មការទី១នៃរដ្ឋសភា
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សសិក្សាស្វែងយល់ពីនីតិវិធីដាក់ពាក្យបណ្ដឹង ប្រភេទនៃពាក្យបណ្ដឹង និងកិច្ចអន្តរាគមន៍របស់គណៈកម្មការទី១នៃរដ្ឋសភា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (3/23/2016 10:31:58 PM )

លោកស្រីរ៉ូណា ស្មីតអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី២៣ខែមីនា ឆ្នាំ២០១៦ បានជួបពិភាក្សា ការងារជាមួយគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភាដឹកនាំដោយ ឯកឧត្តម អេង ឆៃអ៊ាង ប្រធានគណៈកម្មការនៅវិមានរដ្ឋសភា។ 

លោកស្រី រ៉ូណា ស្មីត បានមានប្រសាសន៍ឲ្យដឹងថា ការមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ ក្នុងគោលបំណងសិក្សាស្រាវជ្រាវ លើបញ្ហា ការគោរពសិទ្ធិមនុស្សនៅកម្ពុជា និងវិធីសាស្ត្រ​ផ្សេងៗ ក្នុងការដោះស្រាយលើបញ្ហាវិវាទនានា រួមទាំងបញ្ហាទំនាស់ដីធ្លីជាដើម។ លោកស្រីបន្តថា លោកស្រីក៏ចង់ស្វែងយល់ពីការងារ របស់គណៈកម្មការទី១ នៃរដ្ឋសភា លើការជួយអន្តរាគមន៍ពីរដ្ឋសភា ក្នុងការដោះស្រាយទំនាស់នានា ថាតើ ការដោះស្រាយ ទំនាស់ទាំងនេះផ្អែកលើច្បាប់ជាតិ ច្បាប់អន្តរជាតិ ឬក៏ដោះស្រាយតាមភាពជាក់ស្តែងនៅលើទីតាំងទំនាស់។ ជាមួយគ្នានេះលោកស្រី ក៏ចង់ដឹងពីការអនុវត្តន៍ច្បាប់ របស់តុលាការ លើការចាប់ខ្លួន ឃុំខ្លួន អនីតិជនផងដែរ។

ឯកឧត្តម អេង ឆៃអ៊ាង ប្រធានគណៈកម្មការ បានមានប្រសាសន៍ជំរាបជូនលំអិតពីការអនុវត្តការងារ របស់គណៈកម្មការទី១ ដែលមានសមាសភាព សមាជិកមកពីគណបក្សទាំងពីរដែលមានអាសនៈក្នុងរដ្ឋសភា និងធ្វើការជាមួយគ្នាបានល្អ។ ឯកឧត្តមប្រធានគណៈកម្មការ មានប្រសាសន៍ទៀតថា កន្លងមកគណៈកម្មការទី១ បានទទួលពាក្យបណ្តឹងរឿងទំនាស់ដីធ្លីចំនួន ៣៧០ករណី និងបានធ្វើអន្តរាគមន៍ទៅកាន់ស្ថាប័នជំនាញ ចំនួន ១២៤ករណី ក្រៅពីនោះកំពុងធ្វើការសិក្សាស្រាវជ្រាវ និងត្រួតពិនិត្យឲ្យបានត្រឹមត្រូវតាមលក្ខណៈច្បាប់ ដើម្បីមានមូលដ្ឋានគ្រឹះច្បាស់​លាស់ ក្នុងការជួយជំរុញ និងធ្វើការសម្របសម្រួលបញ្ហាទាំងអស់នោះ ឲ្យខាងស្ថាប័ននីតិប្រតិបត្តិ និងអាជ្ញាធរ​​ពាក់ព័ន្ធទាំងអស់ ដោះស្រាយបានលឿន។

ឯកឧត្តមបានបន្តថា នៅថ្ងៃទី២៥ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ  គណៈកម្មការទី១នឹងជួបពិភាក្សាការងារជាមូយឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីជជែកពិភា​ក្សា​លើបញ្ហាធំៗ៣ ទាក់ទងទៅនឹងការចាប់និងឃុំខ្លួនអនីតិជន ការឃុំខ្លួនលើសពេលកំណត់ និងការកំណត់នូវនីតិវិធីឲ្យបានត្រឹមត្រូវ ក្នុងការបំពេញតួនាទីរបស់ចៅក្រម តុលាការ លើបញ្ហាទំនាស់ដីធ្លី និងលើកយកករណីជាក់ស្តែងមួយចំនួនមកពិភាក្សាគ្នាបន្ថែមទៀត។

ទាក់ទិននឹងការអនុវត្តន៍ច្បាប់របស់តុលាការ លើការចាប់ខ្លួន ឃាត់ខ្លួន ឃុំខ្លួន ពិសេសអនីតិជន ឯកឧត្តម អេង ឆៃអ៊ាង មានប្រសាសន៍ថា តាមច្បាប់ក្រមព្រហ្មទណ្ឌកម្ពុជា ការចាប់ឬឃុំខ្លួនជនណាម្នាក់ លុះត្រាតែមានបទល្មើសជាក់ស្តែង ភស្តុតាងជាក់ស្តែង ទើបធ្វើការចាប់ឃុំខ្លួនបាន តែប្រសិនបើមានការចាប់ ដោយមិនមានបទល្មើស និងភស្តុតាងជាក់ស្តែងទេគឺខុសច្បាប់ ហើយបើជាអនីតិជនទៀត គឺជាការរំលោភសិទ្ធិកុមារ ថែមទៀត។ឯកឧត្ដមបញ្ជាក់ថា ប្រសិនបើបញ្ហាទំនាស់ផ្សេងៗ មិនមានលក្ខណៈនយោ​បាយទេ គឺគណៈកម្មការទី១នៃរដ្ឋសភាជំរុញទៅអាជ្ញាធរ ធ្វើការដោះស្រាយបានលឿន និងទទួលបានលទ្ធផលល្អ។

បន្ទាប់ពីគណៈកម្មការទី១ នៃរដ្ឋសភាជម្រាបលំអិតអំពីការអនុវត្តន៍ការងាររួចមក លោកស្រី រ៉ូណា ស្មីត យល់ថា គណៈកម្មការទី១ ពិតជាមានជំនាញ និងបទពិសោធន៍ចំរុះ ហើយសមាជិកគណៈកម្មការមកពីគណបក្សទាំងពីរធ្វើការជាមួយគ្នាបានល្អ។ លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមប្រធាន និងសមាជិក សមាជិកា នៃគណៈកម្មការទី១ទាំងអស់ ដែលបានខិតខំប្រឹងប្រែងជួយប្រជាពលរដ្ឋ​ ក្នុងការជួយសម្របសម្រួល និងពន្លឿនការដោះស្រាយវិវាទផ្សេងៗ ក៏ដូចជាវិវាទដីធ្លីឲ្យបានឆាប់រហ័ស ដោយកាត់បន្ថយនិងចៀសវាងការចាប់ឃុំឃាំងមនុស្សលើករណីវិវាទ និងបានខឹតខំប្រឹងប្រែងសហការជាមួយស្ថាប័នផ្សេងៗ ជួយទប់ស្កាត់និងកាត់បន្ថយការរំលោភសិទ្ធិមនុស្សនៅកម្ពុជា៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន

 

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh