ទំព័រមុខ » គណៈកម្មការទី៨ » សកម្មភាព » អង្គការ GIZ ស្នើដល់គណៈកម្មការជំនាញរដ្ឋសភា ជំរុញសកម្មភាពមូលនិធិសមធម៌ ដើម្បីជួយពលរដ្ឋឲ្យបានច្រើន ក្នុងការទទួលសេវាព្យាបាលឥតគិតថ្លៃ
អង្គការ GIZ ស្នើដល់គណៈកម្មការជំនាញរដ្ឋសភា ជំរុញសកម្មភាពមូលនិធិសមធម៌ ដើម្បីជួយពលរដ្ឋឲ្យបានច្រើន ក្នុងការទទួលសេវាព្យាបាលឥតគិតថ្លៃ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (3/1/2016 3:02:16 PM )

ថ្នាក់ដឹកនាំ សមាជិកគណៈកម្មការជំនាញរបស់រដ្ឋសភាមួយចំនួន ពិ​សេស គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធវជន យុវនិតិសម្បទា ការ​ងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ដែលដឹកនាំដោយ លោកជំទាវ កែ សុវណ្ណរតន៍ បានជួបប្រជុំពិភាក្សាការងារ ជាមួយ លោក ស្ទេសហ្វ ផ្លេមម៉ា(Steffer Flema ) តំណាងអង្គការ GIZ  នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា ដើម្បី ពិនិត្យសិក្សា ធ្វើយ៉ាងណាជួយជំរុញ សកម្មភាពមូលនិធិសមធម៌ ឲ្យកាន់តែទូលំទូលាយ ជួយប្រជាពលរដ្ឋឲ្យទទួលបានសេវាសុខភាពកាន់តែច្រើនឡើង។

នៅក្នុងកិច្ចប្រជុំនេះ លោក ស្ទេសហ្វ ផ្លេមម៉ា បានមានប្រសាសន៍ថាអង្គការ GIZ តែងបានជួបប្រជុំសូមយោបល់ ពីអ្នកតាក់តែងគោលនយោបាយ ដែលមាន សមាជិកព្រឹទ្ធសភា រដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល ដើម្បីស្នើសូមជួយជំរុញកិច្ចការមនុស្សធម៌ ខាងវិស័យសុខាភិបាល គឺសកម្មភាព មូលនិធិសមធម៌នេះ ឲ្យរីកដុះដាលនៅទូទំាងប្រទេសតែម្តង។

ជាមួយគ្នានេះ លោក ស្ទេសហ្វ ផ្លេមម៉ា ក៏បានគូសបញ្ជាក់ថា អង្គការ GIZ  ក៏តែងតែស្តាប់មតិយោបល់ ខាងអង្គការមិនមែនរដ្ឋាភិបាល និងដៃគូរ ពាក់ព័ន្ធទាំងអស់ ដើម្បីយកមកធ្វើជាត្រីវិស័យ ក្នុងការជួយប្រជាជនក្រីក្រ ឲ្យលោកមកទទួល​សេវាសុខភាពប្រកបដោយគុណភាព។

សូមបញ្ជាក់ថា មូលនិធិសមធម៌ ជាយន្តការហិរញ្ញប្បទានសុខាភិបាល របស់រាជរដ្ឋាភិបាល ដែលមានការចូលរួមគំាទ្រពីអង្គការដៃគូមួយចំនួន ក្នុងនោះ មានអង្គការGIZនេះដែរ។ មូនិធិសមធម៌ បានជួយដល់ប្រជាពលរដ្ឋក្រីក្រ ឲ្យទទួលសេ​វាព្យា​បាល​ជំងឺ ប្រកបដោយគុណភាព នៅមន្ទីរពេទ្យសាធារណៈ មិនអស់ប្រាក់។

លោកជំទាវ កែ សុវណ្ណរតន៍ បានថ្លែងអំណរគុណ ដល់អង្គការ GIZ ដែលបានចូលរួមគំាទ្រ ដល់មូលនិធិសមធម៌ ជួយប្រជាជន ដែលគ្មានលទ្ធភាព ឲ្យលោកមានលទ្ធភាព ទៅប្រើប្រាស់សេវាសុខាភិបាល ពោលគឺទៅព្យាបាលជំងឺ ក្នុងករណីសង្គ្រោះបន្ទាន់  សម្រាលកូន នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យនានារបស់រដ្ឋ ដោយឥតគិតប្រាក់។

ជាមួយគ្នានេះ លោកជំទាវ ប្រធានគណកម្មការ ក៏បានថ្លែងអំណរគុណ ដល់អង្គការGIZ ដែលកន្លងមក បានជួយឧបត្ថម្ភគាំទ្រ ដល់គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី បានទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ វិស័យសុខាភិបាលនេះ នៅប្រទេសឥណ្ឌូនេស៊ី។ ចំពោះសំណើនិងសំណូមពរ របស់អង្គការGIZ  នៅពេលនេះ គណៈកម្មការជំនាញរដ្ឋសភា និងលើកយកទៅជជែកពិភាក្សា ជាមួយខាងរាជរដ្ឋាភិបាល ពីព្រោះនេះជាកិច្ចការសង្គម និងជាតម្រូវការរបស់ប្រជាពលរដ្ឋ ផងដែរ៕

អត្ថបទ និង រូបថត ដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh