ថ្ងៃ សៅរ៌ ទី 29 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » គណៈកម្មការទី១ » សកម្មភាព » គណៈកម្មការទី១នៃរដ្ឋសភាចុះសិក្សាស្វែងយល់ពីករណីទំនាស់ដីធ្លីនៅក្នុងខេត្តបាត់ដំបង
គណៈកម្មការទី១នៃរដ្ឋសភាចុះសិក្សាស្វែងយល់ពីករណីទំនាស់ដីធ្លីនៅក្នុងខេត្តបាត់ដំបង
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (2/24/2016 11:07:38 AM )

នៅក្នុងដំណើរចុះបំពេញបេសកកម្មសិក្សាស្វែងយល់ ពីបញ្ហាទំនាស់ដីធ្លីនៅខេត្តបាត់ដំបង រយៈ​ពេល​២ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ​ឆ្នាំ២០១៦ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹងអង្កេត​ និងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម អេងឆៃអ៊ាង ប្រធាន​គណៈកម្មការ បានមានប្រសាសន៍ជម្រាបជូនអាជ្ញាធរខេត្តនិងស្រុកថា គណៈ​កម្មការ​ទី១ ចុះ​មកកាន់​ខេត្ត​បាត់ដំបង​នាពេលនេះ​ គឺដើម្បីសិក្សា​ស្វែង​យល់ពីករណីទំនាស់ដីធ្លីនានា  ដោយធ្វើការអង្កេត​ស្រាវជ្រាវ ប្រមូលព័ត៌មានពីភាគីពាក់ព័ន្ធ ​និងចង់បាន​ការ​បំភ្លឺពីអាជ្ញាធរខេត្ត ​ពីការដោះស្រាយករណី​ទំនាស់ដីធ្លី​នៅក្នុង​ខេត្តបាត់ដំបង ដូចជាបញ្ហា​ទំនាស់ដីធ្លី​ក្នុងឃុំ​បឹងប្រាំនិងតំបន់ផ្សេងៗទៀតជាដើម។

ឯកឧត្តម ងួនរតនៈ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា ខេត្តមាន​កំណើនប្រជាពលរដ្ឋ កាន់តែច្រើន​ទាំងអ្នកនៅក្នុង​ខេត្ត និងអ្នកបន្លាស់ទី​​ មកពីខេត្តផ្សេងៗ ដែលជាកត្តា​នាំឲ្យប្រជាពលរដ្ឋរុករានដីព្រៃនិងរំលោភលើដីមាន​កម្មសិទ្ធិបង្កឲ្យមានជម្លោះនិងបង្កការលំបាក​ដល់​រដ្ឋបាល​ខេត្តក្នុងការដោះស្រាយ។ឯកឧត្តមអភិបាល​រង​បាន​បន្តថា ខេត្ត​បាន​ប្រើប្រាស់គ្រប់មធ្យោបាយ​ក្នុងការ​ដោះស្រាយមានដូចជា ការសម្រប សម្រួល គោល​ការណ៍​ចែករំលែកគ្នាគោលការណ៍ច្បាប់ គឺអនុវត្ត​តាមរយៈគម្រោងសម្បទានដីសង្គមកិច្ចនិងតាមរយៈ ការធ្វើប្រទានកម្ម ក្នុងការអនុវត្ត បទបញ្ជាលេខ០១ ​របស់​រាជ​រដ្ឋា​​ភិបាលកម្ពុជា។

ឯកឧត្តម ងួនរតនៈ បានឲ្យដឹងទៀតថា បញ្ហាទំនាស់ដីធ្លីកើតមានក្នុងខេត្តបាត់ដំបងមាន៤២០ករណីដោយខេត្តបានធ្វើការដោះស្រាយ​ចប់សព្វគ្រប់​ បាន១៧៩ករណី ច្រានចោល១១១ករណីដកពាក្យបណ្តឹង​៤០ករណី បញ្ជូនទៅថ្នាក់ជាតិជួយដោះស្រាយ​៥០ករណីនិងកំពុងបន្តដោះស្រាយ៤០ករណី ដោយនេះ​មិនទាន់​គិតទំនាស់ស្ថិតនៅក្នុងគម្រោងចុះបញ្ជីជា​ប្រព័ន្ធ ​និងបទបញ្ជាលេខ០១របស់រាជរដ្ឋាភិបាល​នោះ​ទេ។

លោក ទឹម​ ដារ៉េត  អភិបាលស្រុកបវេលបានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូគណៈកម្មការទី១ថា ទំនាស់ដីធ្លីក្នុងឃុំ​បឹង៥ ស្រុកបវេល គឺមានលក្ខណៈស្រួចស្រាល់ និងមានភាពស្មុគស្មាញ តាំងពីឆ្នាំ២០០៥​មកម្លេះជាទំនាស់រវាងមន្ត្រីយោធា​ចូលនិវត្តន៍ និងប្រជាពលរដ្ឋ  ដោយអ្នកខ្លះ មានដីអត់មានប្លង់ ​និងខ្លះទៀត​មាន​ប្លង់​តែអត់មានដីហើយមាន​អ្នកមួយចំនួន​ទៀត បានបន្លាស់ទីមកពីខេត្តផ្សេងៗ ទៅទន្ទ្រានដីនៅទីនោះ​យកមកធ្វើ កម្មសិទ្ធិ។ លោក អភិបាលស្រុកបវេល បានឲ្យដឹងទៀតថា អាជ្ញាធរខេត្តនិងស្រុក​បានខិតខំ​ដោះ​ស្រាយដូចប្រសាសន៍របស់​ឯកឧត្តមអភិបាល​រងខេត្ត​បានលើកឡើងខាងលើ ទោះបីជាលទ្ធផលនៅពុំទាន់​បញ្ចប់​​បញ្ហានេះទាំងស្រុងក៏ដោយ ​ក៏​អាជ្ញាធរបានដោះស្រាយបន្ថយបញ្ហាដីទំនាស់​តាំងពីទំហំ ៣៦៣៨​ហិកតា មក​នៅត្រឹមប្រមាណ​៨០០​ហិកតា​​ប៉ុណ្ណោះ ហើយក៏កំពុងខិតខំដោះស្រាយបន្តទៀតផងដែរ។

បន្ទាប់ពីបានស្ដាប់ការលើកឡើងរបស់អាជ្ញាធរខេត្តនិងស្រុករួចមក ឯកឧត្តម អេង ឆៃអ៊ាង ប្រធាន​គណៈ​ប្រតិភូ បានថ្លែងការកោតសរសើរចំពោះ អាជ្ញាធរ​តាំងពីថ្នាក់ខេត្ត រហូតដល់មូលដ្ឋាន ​ដែល​បាន​ខិតខំ​ប្រឹង​ប្រែង ​យកអស់ពីកំលាំងកាយចិត្ត ក្នុងការដោះស្រាយ​រាល់បញ្ហាផ្សេងៗ ជូន ប្រជាពលរដ្ឋ។ ឯកឧត្ដម​បាន​ជម្រុញឲ្យអាជ្ញាធរខេត្តនិងស្រុក សូមជួយ​ដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅតំបន់បឹងប្រាំ និង​អូរព័រប្រេង ជូន​ប្រជាពលរដ្ឋ ឲ្យមានតម្លាភាព និងធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ​ អាចអាស្រ័យ​ផល​​លើដីទំនាស់ ក្នុងការ​ប្រកប​រ​បរ​ចិញ្ចឹម​ជីវិតបាន ដោយសុំឲ្យអាជ្ញាធរ ជាអ្នកធ្វើការ សម្របសម្រួល ​​ពន្យល់ដល់​ប្រជាពលរដ្ឋ អោយ​ធ្វើការសហការជាមួយអាជ្ញាធរ​ដែនដីនិងចៀសវាងការប្រើអំពើហិង្សាផ្សេងៗ។

បន្ទាប់មកគណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា ក៏បានអញ្ជើញចុះពិនិត្យមើល តំបន់​មានទំនាស់​ដីធ្លី​ផ្ទាល់​ ដើម្បីប្រមូលព័ត៌មានបន្ថែមទៀត ពីប្រជាពលរដ្ឋ៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh