ថ្ងៃ អង្គារ ទី 28 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » គណៈកម្មការទី៨ » សកម្មភាព » តាមរយៈគណៈកម្មការជំនាញរដ្ឋសភា ខេត្តស្ទឹងត្រែងសុំសាងសង់មន្ទីរពេទ្យបង្អែកនៅស្រុកសៀងប៉ាង
តាមរយៈគណៈកម្មការជំនាញរដ្ឋសភា ខេត្តស្ទឹងត្រែងសុំសាងសង់មន្ទីរពេទ្យបង្អែកនៅស្រុកសៀងប៉ាង
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (2/19/2016 3:21:43 PM )

បន្ទាប់ពីបានដឹកនាំសមាជិកសមាជិកា ចុះសិក្សា​ស្វែង​យល់ការ​ងារ ​ពាក់​​ព័ន្ធក្នុង​វិស័យ​​ទទួល​ខុសត្រូវ របស់គណៈកម្មការនៅខេត្ត​មណ្ឌល​គិរី ខេត្តរតនគិរី រួចមក នៅ​ថ្ងៃ​​ទី​​១៨ ខែ​កុម្ភៈ ឆ្នាំ២០១៦ លោកជំទាវ កែ សុវណ្ណរតន៍ ប្រធាន​គណៈកម្មការសុខាភិបាល សង្គម​កិច្ច អតី​ត​យុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃ​រដ្ឋ​សភា បាន​អញ្ជើញដឹកនាំគណៈប្រតិភូបំពេញបេសកកម្ម នៅក្នុង​ខេត្ត​ស្ទឹង​ត្រែង​។

នៅក្នុងខេត្តស្ទឹងត្រែង មិនខុសពីខេត្តមុនៗនោះទេ ​គណៈប្រតិភូ​គណៈ​កម្មការ​ជំនាញរដ្ឋសភា​នេះ  បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរ ស្ថាប័ន​ជំនាញ ​​​ជុំវិញ​ខេត្ត ដើម្បីសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ និងស្ថាន​ភាពទូទៅ​នៃការផ្តល់សេវា​ជូនប្រជាពលរដ្ឋ។

នៅក្នុងជំនួបពិភាក្សាការងារ ដែលធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង ឯកឧត្តម យង់ សុវឌ្ឍនា អភិបាលរងខេត្ត ក៏ដូចជា លោកប្រធានមន្ទី រសុខាភិបាលខេត្ត បានស្នើ​សុំ​​​គណៈ​កម្មការជំនាញ រដ្ឋសភាជួយជំរុញដល់រាជរដ្ឋាភិបាល សាងសង់នូវមន្ទីរ​ពេទ្យបង្អែក​មួយកន្លែង ​នៅក្នុងស្រុក សៀងប៉ាង និងស្នើសុំរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ដើម្បី​សម្រួល​ដល់ការធ្វើដំណើរទៅរកសេវាព្យាបាលជំងឺ នៅក្នុងទីរួមខេត្ត ដែល​មាន​ចម្ងាយ​ឆ្ងាយ​​​។

ក្រៅពីបានលើកឡើងនូវសំណើខាងលើ ថ្នាក់ដឹកនាំខេត្ត ក៏បាន​ជម្រាបជូន គណៈប្រតិភូនៃ​គណៈ​កម្មការជំនាញរដ្ឋសភា ពីវិស័យសង្គមកិច្ចផងដែរ។ ឯកឧត្តម​អភិ​បាល​​រងខេត្ត បានលើកឡើងពីការបណ្តុះបណ្តាល​ជំនាញ​​ខ្លីៗ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ ឲ្យប្រជាពលរដ្ឋទទួលបាន​ជំនាញ​​ពិត​ប្រាកដ ​សម្រាប់ទទួលបានការងារចិញ្ចឹមជីវិត។

ឯកឧត្តម យង់ សុវឌ្ឍនា បានគូសបញ្ជាក់ថា នៅខេត្តស្ទឹងត្រែង មានមជ្ឈម​ណ្ឌល​បណ្តុះ​បណ្តា​ល​វិជ្ជាជីវៈរដ្ឋ ឯកជន និងអង្គការសង្គមស៊ីវិល ​កំពុងបំពេញ​បេស​កកម្ម​ក្នុងការ​បណ្តុះ​បណ្តាលជំនាញខ្លីដល់​ប្រជា​ពល​រដ្ឋ ​ពិសេសដល់យុវជន។ ជំនាញ​ដែល​មជ្ឈ​មណ្ឌល​ទំាងនោះ បើកបង្រៀន មានដូចជា កាត់ដេរ ជួស​ជុល​ម៉ូតូ ម៉ាញ៉េ ទូរទស្សន៏ ជំនាញកុំព្យូទ័រ ជំនាញសំណង់ អគ្គីសនី ​និងកសិកម្ម មាន​ការ​ចញ្ចឹម​សត្វ ជាដើម។

នៅខេត្តស្ទឹងត្រែងមានគ្រឹះសា្ថនបណ្តុះបណ្តាលវិជ្ជាជីវៈសាធារណៈ​ចំនួន០៤​ គ្រឹះ​ស្ថាន​ឯក​ជន​ចំនួន០១ និងគ្រឹះស្ថានដែលគ្រប់គ្រងដោយ​អង្គការ​ក្រៅរដ្ឋាភិបាល​ចំនួន​០៣កន្លែង នេះបើតាមការឲ្យដឹងពីអាជ្ញាធរខេត្ត។

ក្រោយពីបានស្តាប់នូវរបាយការណ៏ និងសំណូមពរ របស់អាជ្ញាធរខេត្តរួចមក​ លោក​ជំទាវ ប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះកិច្ច​ខិតខំ ប្រឹងប្រែង របស់​អាជ្ញាធរ​ក្នុងការ​ផ្តល់​​សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ​លោកជំទាវ កែ សុវណ្ណរតន៍ មានប្រសាសន៍​ថា ​ក្រោពីបញ្ចប់​បេស​​កកម្មនេះគណៈកម្មការជំនាញរដ្ឋសភា នឹងពាំនាំសំណូម របស់អាជ្ញាធរ​នៅ​ពេល​នេះ ទៅជជែកជាមួយក្រសួងជំនាញ ​ដើម្បីធ្វើការដោះស្រាយ។ ក្រោយពីបានជួប​ពិ​ភាក្សា​​ការងារ ជាមួយថ្នាក់ដឹកនាំខេត្ត និង អាជ្ញាធររួមមក គណៈប្រតិភូបានអញ្ជើញ​ទៅ​សាក​សួរ​សុខទុក្ខ​​ប្រជា​ពល​រដ្ឋដែលកំពុ​ង​សម្រាក​​ព្យាបាលនៅមន្ទីរពេទ្យបង្អែក ​ខេត្ត​​ស្ទឹង​​ត្រែង​ ផងដែរ​៕

អត្ថបទិងរូបថត ដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh