ថ្ងៃ សៅរ៌ ទី 29 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » គណៈកម្មការទី៩ » សកម្មភាព » លោកជំទាវ និន សាផុន ដឹកនាំសមាជិកគណៈកម្មការ បំពេញបេសកកម្មនៅខេត្តស្ទឹងត្រែង និងចុះពិនិត្យមើលការសាងសង់ ទំនប់វារីអគ្គិសនី ទន្លេសេសានក្រោម២
លោកជំទាវ និន សាផុន ដឹកនាំសមាជិកគណៈកម្មការ បំពេញបេសកកម្មនៅខេត្តស្ទឹងត្រែង និងចុះពិនិត្យមើលការសាងសង់ ទំនប់វារីអគ្គិសនី ទន្លេសេសានក្រោម២
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (2/5/2016 11:22:22 AM )

នៅក្នុងដំណើរបំពេញបេសកកម្មតាមបណ្ដាខេត្តភាគឦសាននៃប្រទេស នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ រួមដំណើរដោយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានចាកចេញពីខេត្តរតនគិរី បន្តដំណើរមកកាន់ខេត្តស្ទឹងត្រែង ដើម្បីចុះពិនិត្យ​មើលជាក់ស្តែងនៅ ទំនប់វារីអគ្គិសនីទន្លេសេសានក្រោម២ និងសិក្សាស្វែងយល់ពីការអភិវឌ្ឍ និង បញ្ហាប្រឈមរបស់ខេត្តនេះ។

លោកអគ្គនាយកក្រុមហ៊ុន ហ៊ីត្រូ ឡាំងកាំង(Hydro Lancang) បានមានប្រសាសន៍រាយការណ៍ជូន គណៈប្រតិភូគណៈកម្មការជំនាញរដ្ឋសភាថា ក្រោយពីបានទទួលអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលមក ក្រុមហ៊ុនចាប់ផ្តើមប្រតិបត្តិការសាងសង់នៅដើមឆ្នាំ២០១៤ រហូតដល់ពេលនេះ សម្រេចបាន លទ្ធផលប្រ​ហែល​៦០%ហើយ។ លោកបន្តថា នៅឆ្នាំ២០១៧ខាងមុខ នឹងដំណើរការបានម៉ូទ័រមួយ ដែលអាចផលិត​ថាម​ពល​​អគ្គីសនីបានខ្លះៗ។ ដោយឡែកផលប៉ះពាល់ដល់ប្រជាពលរដ្ឋ គឺក្រុមហ៊ុនបានសហការជាមួយក្រសួងពាក់ព័ន្ធដោះស្រាយគោលនយោបាយទៅតាម​តម្លៃ​​ទីផ្សារ​ និងតាម ការស្ម័គ្រចិត្ត ក្នុងន័យធ្វើយ៉ាងណាឲ្យមានភាពសុខដុមរមនានឹងគ្នា។ លោកអគ្គនាយកបានបញ្ជាក់ថា ទំនប់វារីអគ្គីសនីនេះ ចំណាយថវិកាប្រមាណ​៨០០លានដុល្លារអាមេរិក និងអាចផលិតថាមពលអគ្គិសនីបានរហូតដល់៤០០មេហ្គាវ៉ាត់។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា នេះជាគម្រោងវារីអគ្គិសនីទី៧ដែលមាននៅកម្ពុជា។ មុននឹងមាន ការអនុវត្តគម្រោងនេះ រាជរដ្ឋាភិបាលបាន យកចិត្តទុកដាក់ក្នុងការ​ដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ដោយមានការផ្លាស់​ប្តូរ​ពី​លំនៅដ្ឋានចាស់​ទៅ​កាន់លំនៅដ្ឋានសង់ថ្មី។ សំណង់ថ្មីដែលផ្ដល់ជូនប្រជាពលរដ្ឋមានពីរជម្រើស គឺមានជាផ្ទះថ្ម និងផ្ទះឈើ​ ព្រមទាំងផ្ដល់ដីសម្រាប់ធ្វើកសិកម្មជូន ស្ថិតនៅក្នុងឃុំចំនួនបី គឺឃុំភ្លក់ ឃុំក្បាលរមាស និងឃុំស្រែពក ដែលនៅទីនោះ មានសាលារៀន ប៉ុស្តិ៍សុខភាព​ បង្គន់អនាម័យ អណ្តូងទឹក និងប្រព័ន្ធអគ្គិសនីសម្រាប់ប្រើប្រាស់ផងដែរ។

លោកជំទាវ និន សាផុន  បានថ្លែងថា ទំនប់វារីអគ្គិសនីទន្លេសេសានក្រោម២នេះ ជាទំនប់វារីអគ្គិស​​នីដ៏ធំដំបូងគេ​​បង្អស់នៅក្នុងព្រះរាជាណាចក្រ កម្ពុជា។ លោកជំទាវក៏ដូចជាប្រជាពលរដ្ឋខ្មែរ មានមោទនភាពចំពោះ សមិទ្ធិផលវារីអគ្គិសនីនេះ ដែលជាចក្ខុវិស័យមួយ ក្នុងការអភិវឌ្ឍប្រទេស លើគ្រប់វិស័យ។ លោកជំទាវបានកោតសរសើរចំពោះរាជរដ្ឋាភិបាលក៏ដូចជាក្រុមហ៊ុន ដែលបានខិតខំក្នុងការជម្រុញការដោះស្រាយ​ផលប៉ះពាល់ ចំពោះប្រជាពលរដ្ឋ លើការអនុវត្តគម្រោងសាងសង់ទំនប់វារីអគ្គីសនីសេសានក្រោម២នេះ រហូតទទួលបានជោគជ័យ។ មិនតែប៉ុណ្ណោះក្រុមហ៊ុននេះ បានជួយបណ្តុះបណ្តាលនូវជំនាញបច្ចេក​ទេសអគ្គិសនី និងបានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាថែមទៀត។

បន្ទាប់ពីបានទស្សនកិច្ចចុះពិនិត្យការដ្ឋាន សាងសង់ទំនប់វារីអគ្គិសនី សេសានក្រោម២ និងការសាងសង់ផ្ទះជូនប្រជាពលរដ្ឋរួចមក  គណៈប្រតិភូ ដឹកនាំដោយ លោកជំទាវ និន សាផុន ក៏បានបន្តដំណើរទៅកាន់សាលាខេត្តស្ទឹងត្រែងដើម្បីធ្វើការសិក្សាស្វែងយល់ពីភាពរីកចម្រើននិងទិសដៅភារកិច្ច ដែលត្រូវអនុវត្តន៍បន្តរបស់ខេត្ត ថាតើប្រព្រឹត្តទៅមានភាពងាយស្រួលឬជួបការលំបាកអ្វីខ្លះ។         

ឯកឧត្តម ជា ថាវរិទ្ធ អភិបាលស្តីទីនៃគណៈអភិបាលខេត្តស្ទឹងត្រែង​ និង ឯកឧត្តម ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានមាន ប្រសាសន៍ជម្រាបជូន លោកជំទាវ និន សាផុន និងគណៈប្រតិភូពីការអភិវឌ្ឍ រីកចម្រើនក្នុងខេត្តលើគ្រប់វិស័យ  ទាំងការងារកសាង ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងខេត្ត ដូចជា ធារាសាស្រ្ត ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងការងារថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសេចក្ដីសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។​

ទន្ទឹមនឹងនេះខេត្ត ក៏មានសំណូមពរមួយចំនួនដូចជា ស្នើសុំឲ្យរាជរដ្ឋាភិបាលជួយផ្តល់ថវិកាបន្ថែម សម្រាប់ធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ឲ្យបានទូលំទូលាយ កសាងផ្លូវមួយចំនួនបន្ថែមទៀត  និងបណ្ដុះបណ្ដា​ល​មន្រ្តីឲ្យកាន់តែមានជំនាញប្រសើរឡើងផងដែរ។

ក្រោយពីស្តាប់នូវរបាយការណ៍របស់ថ្នាក់ដឹកនាំមន្ទីរជំនាញនីមួយៗ ក៏ដូចជាអាជ្ញាធរខេត្តរួចមក លោកជំទាវ និន សាផុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមអភិបាលខេត្ត និងមន្ត្រីរាជការទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយ ការយកចិត្តទុកដាក់និងមានការទទួលខុសត្រូវខ្ពស់ ។ លោកជំទាវប្រធាន មានប្រសាសន៍ទៀតថា ខេត្តស្ទឹងត្រែងជាតំបន់មានសក្តានុពលច្រើនផ្នែក វិស័យកសិកម្ម វិស័យរ៉ែ និងវិស័យផ្សេងៗទៀត ដែលការអភិវឌ្ឍវិស័យទាំងនេះគឺអាចឆ្លើយតបទៅនឹងផលប្រយោជន៍ប្រទេសជាតិ និងរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh