ថ្ងៃ អង្គារ ទី 30 ខែ ឧសភា ឆ្នាំ​ 2017


ទំព័រមុខ » គណៈកម្មការទី៨ » សកម្មភាព » អភិបាលរងខេត្តកំពតជម្រាបគណៈប្រតិភូគណៈកម្មការជំនាញរដ្ឋសភាថា អាជ្ញាធរខេត្តនេះយកចិត្តទុកដាក់ណាស់ លើការផ្ដល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋក្រីក្រ
អភិបាលរងខេត្តកំពតជម្រាបគណៈប្រតិភូគណៈកម្មការជំនាញរដ្ឋសភាថា អាជ្ញាធរខេត្តនេះយកចិត្តទុកដាក់ណាស់ លើការផ្ដល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋក្រីក្រ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (10/2/2015 10:15:33 AM )

បន្ទាប់ពីបញ្ចប់បេសកកម្មនៅខេត្តតាកែវ គណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ លោកជំទាវ កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា បណ្តុះបណ្តាលវជ្ជាជីវៈ និងកិច្ចការនារី រួមដំណើរដោយ ឯកឧត្តម លោកជំទាវ ជាសមាជិក ​សមាជិកា​ គណៈកម្មការ ក៏បានបន្តអញ្ជើញ ចុះបំពេញបេសកកម្ម ដើម្បី​សិក្សាស្វែងយល់ពីលទ្ធផលការងារ ​និង​បញ្ហា​​ប្រឈមនានា ​នៅក្នុងខេត្តកំពតជាបន្តទៀត ដោយផ្ដោតលើ ការងារ​របស់មន្ទីរ​ជំនាញចំនួន៤ ដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការ មានដូចជា ​បញ្ហាការផ្តល់​មូលនិធិ​សមធម៌លើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ បញ្ហាកង្វះខាតគ្រូពេទ្យជំនាញ បញ្ហាការផ្តល់ប្រាក់​សោធន​និវត្តន៍​ជូន​អតីត​យុទ្ធជននិងមន្រ្តីរាជការ​ចូល​ និវត្តន៍ ការប្រើប្រាស់កំលាំង​ពលកម្ម​កុមារ បញ្ហាពលករចំណាកស្រុក និងករណី​អំពើហិង្សាក្នុងគ្រួសារជាដើម ។

នៅក្នុងជំនួបរវាងគណៈប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភាជាមួយ ឯកឧត្តម សូត យា អភិបាលរង​ខេត្ត​កំពត និងលោក ​លោកស្រី ​ជាប្រធាន​មន្ទីរជំនាញ ពាក់ព័ន្ធ ​នៅឯសាលាខេត្តកំពត នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម សូត យា បានជម្រាបជូនគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភាថា មូលនិធិសមធម៌គឺជាមូលនិធិមួយ​ជួយដល់ជនក្រីក្រអោយទទួលបាននូវសេវាថែទាំសុខភាព​ ដោយមិន​ចំណាយប្រាក់។ ឯកឧត្តមបន្តថា  ខេត្តបាន​យក​ចិត្តទុកដាក់ណាស់លើបញ្ហានេះ ដោយខេត្តបានបែងចែក​ជនក្រីក្រជាពីរកម្រិត គឺកម្រិត១និងកម្រិត២ ព្រមទាំង​បាន​ចេញ​​ប័ណ្ណ​ក្រីក្រជូនពួកគាត់ថែមទៀត។ លើសពីនោះទៀតអាជា្ញធរខេត្ត​ក៏បានដាក់វិធានការ​ចំពោះគ្រូពេទ្យ​មិនឲ្យយក​ថវិកា ​ពីអ្នកជម្ងឺដែលមានប័ណ្ណក្រីក្រនោះទេ។

ឯកឧត្តម សូត យា បានឲ្យដឹងដែរថា នៅក្នុងខេត្តកំពតក៏មានអង្គកា​រមួយចំនួន​បានក្លាយជាដៃគូ​របស់ខេត្ត​ ក្នុងចូលរួមផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ​ មានដូចជា អង្គការព្រះពុទ្ធ​សាសនា​ដើម្បីសុខភាព​និងកម្មវិធី​គាំពារ​សុខភាពសង្គមជាដើម។

ដោយឡែកទាក់ទិនទៅនឹងបញ្ហាផ្សេងៗទៀត ឯកឧត្តម សូត យា រួមជាមួយលោក លោកស្រី ជាប្រធានមន្ទីរ​ពាក់​ព័ន្ធ ក៏បានបកស្រាយ និងឆ្លើយតប នូវរាល់ចម្ងល់ របស់គណៈកម្មការទី៨នៃរដ្ឋសភាដែលបានលើក​ឡើង។

បន្ទាប់ពីបានស្ដាប់នូវការបកស្រាយយ៉ាងក្បោះក្បាយ លោកជំទាវ កែ សុវណ្ណរតន៍ ក៏បានថ្លែងការកោតសរសើរ ចំពោះអាជ្ញាធរ និងមន្ត្រីរាជការនៃ ខេត្តកំពតទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋ ហើយលោក​ជំទាវក៏បាន​ជំរុញឲ្យអាជ្ញាធរខេត្តនេះបន្តខិតខំបន្ថែមទៀត ដើម្បីឆ្លើយ​តបដោះស្រាយរាល់បញ្ហាទំាងឡាយ ដែលជាទុក្ខ​កង្វល់របស់ ប្រ​ជា​ពលរដ្ឋឲ្យបានទាន់ពេលវេលា៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh