ថ្ងៃ សៅរ៌ ទី 29 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » គណៈកម្មការទី៩ » សកម្មភាព » គណៈកម្មការជំនាញនៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបប្រជុំពិភាក្សាគ្នាដើម្បីពិនិត្យលើ សេចក្តីព្រាងច្បាប់ស្តីពី ​កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងប្រទេសកម្ពុជា និងបេឡារុស
គណៈកម្មការជំនាញនៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបប្រជុំពិភាក្សាគ្នាដើម្បីពិនិត្យលើ សេចក្តីព្រាងច្បាប់ស្តីពី ​កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងប្រទេសកម្ពុជា និងបេឡារុស
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (9/29/2015 5:21:33 PM )

សេចក្តីព្រាងច្បាប់ស្តីពី “ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រវាងរាជរដ្ឋាភិបាល​នៃព្រះរាជា- ណាចក្រកម្ពុជា ​និងរដ្ឋាភិបាលនៃសាធារណរដ្ឋបេឡារុស”​ ត្រូវបានគណៈ​កម្ម​ការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ សហការជាមួយ ​គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ​ឃោសនា​ការ  វប្បធម៌ និងព័ត៌មាននៃរដ្ឋសភា​ ដឹកនាំដោយ​ ឯកឧត្តម ឈាង វុន ព្រមទាំង ឯកឧត្តម លោកជំទាវ ជាតំណាងមកពីគណៈកម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា លើក​យក​មកប្រជុំពិនិត្យនិងពិភាក្សាជាមួយ តំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខា​ធិការ​ក្រសួងពាណិជ្ជកម្ម ​នៅ​ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ នៅវិមាន រដ្ឋសភា។

លោកជំទាវ និន សាផុន បានជម្រាបជូនអង្គប្រជុំថា សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើ​កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម​ និងសេដ្ឋកិច្ចរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ​និង​រដ្ឋាភិបាល នៃសាធារណរដ្ឋបេឡារុស ​ត្រូវបានរាជរដ្ឋាភិបាល បញ្ជូនមក រដ្ឋសភា​ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥​ ដោយមានភ្ជាប់មកនូវសេចក្តីថ្លែងហេតុ​ និងអត្ថបទសេចក្ដីព្រាងច្បាប់ មកជាមួយមាន៣មាត្រា។ គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃរដ្ឋសភាក៏បានសម្រេចប្រគល់ភារកិច្ច ឲ្យ​គណៈកម្មការទី៩ និងគណៈកម្មការទី៥​ នៃរដ្ឋសភាធ្វើការសហការ​គ្នា​ក្នុងការ ពិនិត្យ និងសិក្សាស្រាវជ្រាវមុននឹងដាក់ចូលក្នុងសម័យប្រជុំពេញអង្គ​រដ្ឋសភា​ នាពេលខាងមុខ។

ឯកឧត្ដម​ អ៊ុក​ ប្រជា​​​​ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កិច្ចព្រមព្រៀង ស្ដីពីកិច្ចសហ​ប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ​និងរដ្ឋាភិបាល នៃសាធារណរដ្ឋ​បេឡារុស មាន១៣មាត្រា​ ត្រូវបានចុះហត្ថលេខានៅទីក្រុង មីនស្ក នៃសាធារណរដ្ឋ​បេឡារុស​ នៅថ្ងៃទី២៣​ ខែមេសា ឆ្នាំ២០១៤ ដោយរាជរដ្ឋាភិបាលកម្ពុជា​ និងរដ្ឋាភិបាលបេឡារុស។ នៅពេលកិច្ចព្រមព្រៀងនេះ​ចូលជាធរមាន គឺមាន​សុពលភាពអនុវត្តរយៈពេល៥ឆ្នាំ ហើយ​និងអាចបន្ត​បានជាស្វ័យប្រវត្តិ​៥ឆ្នាំ​ទៀត​ ក្រោយថ្ងៃ​ទទួលបានការជូនដំណឹង​តាមផ្លូវ ការទូត ដោយមានការព្រមព្រៀង​រវាងប្រទេសទាំងពីរ។​

ឯកឧត្ដម បន្តថា សេចក្តីព្រាងច្បាប់ស្តីពី “ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ​និងរដ្ឋាភិបាលនៃសាធារណរដ្ឋបេឡារុស”​នេះ​ មានគោលបំណងពង្រីក ​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង សេដ្ឋកិច្ច​ រវាង ប្រទេសទាំង២ កម្ពុជា បេឡារុស ដើម្បីផលប្រយោជន៍ទៅវិញទៅមក។

បន្ទាប់ពីបានពិភាក្សាគ្នា យ៉ាងល្អិតល្អន់តាមនីតិវិធី គណៈកម្មការជំនាញនៃរដ្ឋសភា បានសម្រេចឯកភាពគ្នា​រក្សាខ្លឹមសារដើម នៃសេចក្តីព្រាងច្បាប់ ទាំងស្រុង ដដែល ហើយលោកជំទាវ និន សាផុន បានថ្លែងការកោតសរសើរ​និង​វាយតំលៃខ្ពស់ ចំពោះ​កិច្ចខិតខំប្រឹងប្រែង​របស់ក្រសួងពាណិជ្ជកម្ម ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្ត​ទុកដាក់​ក្នុងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្មដែលកំពុងលេចធ្លោលើឆាក​អន្តរជាតិ​។

លោកជំទាវ និន​ ​សាផុន បានជម្រាបជូនតំណាងរាជរដ្ឋាភិបាលថា បន្ទាប់ពីបាន​ពិនិត្យពិភាក្សាគ្នា នៅពេលនេះ​គណៈកម្មការជំនាញ​នៃរដ្ឋសភា នឹងបញ្ជូន សេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា​ ធ្វើការពិនិត្យ​និងសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈ សម័យប្រជុំពេញអង្គ រដ្ឋសភា ដើម្បី​ធ្វើការពិភាក្សា និងអនុម័តនាពេលខាងមុខ សម្រាប់ឲ្យរាជរដ្ឋាភិបាលយកទៅអនុវត្តបម្រើផលប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋ៕ ​

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន

 

          

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh