ទំព័រមុខ » គណៈកម្មការទី៩ » សកម្មភាព » រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា គ្រោងស្នើសុំរដ្ឋសភាធ្វើវិសោធនកម្មច្បាប់ចាស់ និងអនុម័តសេចក្តីព្រាងច្បាប់ថ្មី ក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍នៅកម្ពុជា
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា គ្រោងស្នើសុំរដ្ឋសភាធ្វើវិសោធនកម្មច្បាប់ចាស់ និងអនុម័តសេចក្តីព្រាងច្បាប់ថ្មី ក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍នៅកម្ពុជា
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (9/29/2015 5:02:04 PM )

ថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានស្នើដល់គណៈកម្មការ​សាធារណ​ការ ដឹក​ជញ្ជូន ទូរគមនាគមន៍ ​ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូប​នីយកម្ម​ និងសំណង់នៃរដ្ឋសភា ជួយគំាទ្រលើសំណើរបស់ខ្លួន ដែលស្នើដល់រដ្ឋសភា ធ្វើវិសោធនកម្ម​ច្បាប់​ចាស់ និង​​សេចក្ដីព្រាងច្បាប់ថ្មី ដែលទាក់ទងនឹងវិស័យអាកាសចរណ៍ ដែលនឹងបញ្ជូនទៅកាន់​រដ្ឋសភាក្នុង​ពេល​ឆាប់​ៗនេះ ដើម្បីជាយន្តការគតិយុត្ត ជួយក្នុងការ អភិវឌ្ឍ​វិស័យអាកាសចរណ៍ នៅព្រះ​រាជា​ណាចក្រកម្ពុជា។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់​ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បាន លើកសំណើបែបនេះ ជូន លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ​សាធារណការ ដឹក​ជញ្ជូន ទូរគមនាគមន៍ ​ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម​និង​សំណង់នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ក្នុងឱកាសដែលលោកជំទាវ ដឹកនាំ​សមាជិក សមា​ជិកាគណៈកម្មការ អញ្ជើញ​ចុះសិក្សាស្វែងយល់ការងារនៅរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ កម្ពុជា។

លោកជំទាវ និន សាផុន បានទទួលស្វាគមន៍សំណើនេះ និងបានគំាទ្រចំពោះ គម្រោង​ទំាងឡាយ​ណា ​ដែលធ្វើឲ្យមានការ អភិវឌ្ឍលើវិស័យ អាកាសចរណ៍កម្ពុជា ។ ជាមួយគ្នានេះ លោកជំទាវ ប្រធាន​គណៈ     ក​ម្មការ បានជម្រាបជូនថ្នាក់ដឹកនាំ រដ្ឋលេខាធិការដ្ឋាន​ អាកាស​ចរណ៍ ស៊ីវិលពី គោលបំណង នៃការ​ចុះមកដល់ រដ្ឋលេខា​ធិកា​រ​ដ្ឋានអាកាសចរណ៍ស៊ីវិល របស់​គណៈ​កម្មការជំនាញរដ្ឋសភា នាពេលនេះ គឺដើម្បី​សិក្សា​ស្វែងយល់​ពី​សកម្មភាព​ការងារ និងការអនុវត្តច្បាប់ កិច្ចព្រមព្រៀង ព្រមទាំង​ពិធីសារនានា ដែល​ទាក់ទង​​នឹង​​​វិស័យ​​អាកា​សច​រ​ណ៍ស៊ីវិល ដើម្បីពិគ្រោះ​យោបល់​គ្នា និងរិះរកវិធី ឬយុទ្ធសាស្រ្តជួយ​ដល់​ការ​​អ​ភិវឌ្ឍ​វិស័យ​អា​កាស​ចរណ៍។

លោកជំទាវ និន សាផុន បានលើកឡើងបន្តថា ក្នុងនោះគណៈកម្មការជំនាញរដ្ឋសភា ចង់​សិក្សា​ស្វែង​យល់អំពីគម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុ​ជាផងដែរ។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់​ និងសហការី បានស្វាគមន៍ ចំពោះដំណើរបំពេញបេសកកម្មរបស់ គ​ណៈ​ក​ម្មកា​រជំនាញរដ្ឋសភា​ មកកាន់ រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលកម្ពុជា។ ឯកឧត្តម បានលើក​ឡើង​​ថា រដ្ឋលេខាធិការដ្ឋាន ​អា​កា​ស​ចរណ៍ស៊ីវិល​ គឺជាស្ថាប័នរដ្ឋមួយ ដែលមានភារកិច្ច ក្នុងការ ត្រួតពិនិត្យ ​ទៅលើ​ស្តង់​ដារសុវត្ថិ​ភាពបច្ចេកទេសហោះហើរ។

ឯកឧត្តមបានគូសបញ្ជាក់ថា នៅក្នុងការយកចិត្តទុកដាក់ខ្ពស់ លើវិស័យអាកាសចរណ៍នេះ រាជ​រដ្ឋាភិ​បាល បាន​បង្កើតឲ្យមាន គណៈកម្មការ​គ្រប់​គ្រង​អាកាសយានដ្ឋានដើម្បីដឹកនាំនិងធា​នាសុវត្ថិភាព​ សន្តិសុខ​ទៅលើវិស័យ​អាកាសចរណ៍ ក្នុង​ការ​ទប់​ស្កាត់ដោយគ្មានការគំរាមកំហែង ផ្ដល់​នូវ​សុវត្ថិភាព​និង​សន្តិ​សុខ​​​​​ជូនដល់​កា​រធ្វើ​ដំណើរតាម​ផ្លូវ​ អាកាស។

ជាមួយគ្នានេះ ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ ​​បាន​មានប្រសាសន៍បន្តថា អាកាសចរណ៍ស៊ី​វិល បាន​នឹង​កំពុង​រៀ​បចំ​ផែនការយុទ្ធសាស្រ្ត​ ឈរលើមូលដ្ឋាន នយោបាយចតុកោណ ដំណាក់​កាល​ទី៣ ​​​របស់​រាជ​រដ្ឋាភិបាល ​ក្នុងការអនុវត្តច្បាប់ឲ្យបាន១០០% ដោយទន្ទឹមនឹងអាកាសចរណ៍ស៊ីវិលមានច្បាប់​ជាមូលដ្ឋាន​ហើយ ​តែក៏កំពុង​ធ្វើ​​ការតាក់​តែង​ច្បាប់បន្ថែម​ទៀត សម្រាប់គ្រប់គ្រងទៅលើអាកាសចរណ៍ស៊ីវិល​ឲ្យកាន់​តែ​មានកម្រិត​ស្តង់​ដារ​អន្តរ ​ជាតិ។

សូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា កំពុងធ្វើការអភិវឌ្ឍ​អាកាសយាន​ដ្ឋាន អន្តរជាតិរបស់ខ្លួនចំនួនបី គឺអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅរាជធានីភ្នំពេញ អាកាសយាន​ដ្ឋាន​​អន្តរជាតិខេត្តសៀម​រាប និងអាកាសយានដ្ឋានកងកេងក្នុងខេត្តព្រះសីហនុ។ គម្រោងអភិវឌ្ឍ​ន៍​​អាកាស​យាន​ដ្ឋានអន្តរជាតិទំាងបីនេះ ស្ថិតនៅក្នុងគំរោង​អភិវឌ្ឍ​ន៍​​​សម្បទាន​របស់ប្រទេសបារាំង៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh