ឆ្លៀតពេលដ៏មមាញឹកក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសឡាវ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសំណាលសួរសុខទុក្ខជាមួយនិស្សិតនិងមន្រ្តីការទូតកម្ពុជា ដែលកំពុងសិក្សានិងបំពេញបេសកកម្មការងារនៅក្នុងប្រទេសឡាវ។
ពិធីសំណេះសំណាលនេះបានធ្វើឡើងនៅក្នុងសណ្ឋាគារ ដែលសម្តេចស្នាក់នៅ ក្នុងទីក្រុងវៀងចន្ទន៍។ នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានពំានាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជូននិស្សិតនិងមន្រ្តីការទូតទំាងអស់ដែលមានវត្តមាននាឱកាសនោះ។
សម្តេចរដ្ឋសភាធិបតី បានផ្តាំផ្ញើនិងលើកទឹកចិត្តក្មួយៗនិស្សិតទំាងអស់ខិតខំសិក្សារៀនសូត្រ ប្រកាន់ខ្ជាប់នូវសីលធម៌ ចូលរួមចំណែកកសាងពង្រឹងចំណងមិត្តភាពជាមួយប្រជាជនឡាវ ដែលជាមិត្ត ជាបងប្អូនមានទំនាក់ទំនងជាប្រពៃណី ជាមួយកម្ពុជាតំាងពីរយូរលង់មកហើយ។ សម្តេចបានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពលើការកសាងធនធានមនុស្ស ដើម្បីពន្លឿនការអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះសមត្ថភាព និងសីលធម៌របស់យុវជន ជាធនធានសំខាន់ប្រកបដោយគុណភាព ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិយើង។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជម្រាបក្មួយៗនិស្សិតពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលផ្តោតសំខាន់លើការថែរក្សាការពារសុខសន្តិភាព និងការលើកកម្ពស់ជីវភាពលរដ្ឋប្រកបចីរភាព។
សម្តេចបានគូសបញ្ជាក់ថា សន្តិភាពមានសារៈសំខាន់ណាស់ ដូច្នេះយុវជនជំនាន់ក្រោយមានកាតព្វកិច្ចចូលរួមថែរក្សាការពារ កុំចាំដល់ពេលបាត់បង់សន្តិភាព ទើបស្វែងរកនោះមិនមែនជាការងាយស្រួលឡើយ។ សន្តិភាពនៅកម្ពុជា ទទួលបានដោយលំបាក បានមកពីការលះបង់ធ្វើពលិកម្មរបស់ឥស្សរជនជំនាន់មុន មានសម្តេចតេជោ ហ៊ុន សែន មួយរូបបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ បញ្ចប់សង្រ្គាមទំាងស្រុងពីទឹកដីរបស់កម្ពុជា។
តាមរបាយការណ៍របស់ ឯកឧត្តម ហ៊ុលក្រង ផាណង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ និស្សិតកម្ពុជាកំពុងសិក្សានៅឡាវមានចំនួន៦៧នាក់ ក្នុងនោះ៣០នាក់ជាស្រ្តី។សិក្ខាកាមយោធាផ្លាស់ប្តូរមានចំនួន២៥នាក់ បួននាក់ជាស្រ្តី ចំណែកសិក្ខាកាមនគរបាលមានចំនួន៤នាក់ម្នាក់ជាស្រ្តី។ និស្សិតកម្ពុជា សិក្សានៅប្រទេសឡាវ សិក្សាលើជំនាញជាច្រើន ដូចជាអក្សរ សាស្រ្តឡាវ កុំព្យូទ័រ ស្ថាបត្យកម្ម ភាសាអង់គ្លេសជាដើម។
សម្តេចមហារដ្ឋសភាធិការធិបតី បានមានប្រសាសន៍ថាសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងតែគិតគូរនិងយកចិត្តទុកដាក់ចំពោះនិស្សិតនិងពលរដ្ឋខ្មែរ ដែលសិក្សា និងធ្វើការនៅក្រៅប្រទេសជាប្រចាំ៕