លិខិតជូនពរ របស់ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា សូមគោរពជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា __ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា __ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា ផ្ញើសារលិខិតជូនពរ គោរពជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមអនុប្រធានរដ្ឋសភាវៀតណាម គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភាកម្ពុជានៅវៀតណាម បង្ហាញពីមនោសញ្ចេតនាស្និទ្ធស្នាល និងការជឿជាក់គ្នា រវាងកម្ពុជា-វៀតណាម
ឯកឧត្តមអនុប្រធានរដ្ឋសភាវៀតណាម គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភាកម្ពុជានៅវៀតណាម បង្ហាញពីមនោសញ្ចេតនាស្និទ្ធស្នាល និងការជឿជាក់គ្នា រវាងកម្ពុជា-វៀតណាម
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (11/30/2023 5:43:12 PM )
បន្ទាប់ពីបានអញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាម នៅរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយ ឯកឧត្តម Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាវៀតណាមកម្ពុជា នៅសណ្ឋាគារដែលសម្តេចស្នាក់នៅ នាទីក្រុងហាណូយ។

នៅក្នុងឱកាសនោះ ឯកឧត្តម Nguyen Duc Hai បានអបអរសាទរចំពោះការបោះឆ្នោតដោយជោគជ័យរបស់កម្ពុជាកាលពីខែកក្កដាកន្លង​មក ក៏ដូចជាការបង្កើតនូវរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលទទួលបានការគំាទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ប្រជាពលរដ្ឋ។ ឯកឧត្តមអនុប្រធានរដ្ឋសភាបានអបអរសាទរជូន សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភាអាណត្តិថ្មី និងស្រ្តីទីមួយដែលទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមនេះ។

ឯកឧត្តម Nguyen Duc Hai ចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចរដ្ឋសភាធិបតី អមដោយ សមាជិក សមាជិកា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអាណត្តិថ្មី មកកាន់ប្រទេសវៀតណាម នាពេលនេះ បានបង្ហាញពីមនោសញ្ចេតនាស្និទ្ធស្នាលដ៏ជ្រាលជ្រៅ និងការជឿជាក់គ្នារវាងប្រទេសទំាងពីរ។ ឯកឧត្តម ចាត់ទុកថា ដំណើរទស្សនកិច្ចនេះ នឹងចូលរួមចំណែកដល់ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិ​បត្តិការប្រទេសទំាងពីរ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឱ្យកាន់រឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

ឯកឧត្តមបានស្នើសូម សម្តេចប្រធានរដ្ឋសភា បន្តជួយជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យរឹងមាំ និងគ្រប់ជ្រុងជ្រោយឡើង ដូចជាការផ្លាស់ប្តូរដំណើរទស្សនកិច្ច ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសមាជិកសភាវ័យក្មេង និងក្រុមមិត្តភាព​សភា​ប្រទេសទំាងពីរឱ្យកាន់តែសកម្ម។

ជាការឆ្លើយតប សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគំាទ្រប្រសាសន៍លើកឡើងរបស់ ឯកឧត្តម អនុប្រធានរដ្ឋសភាវៀតណាម។ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតរបស់មិត្តវៀតណាម ជូនចំពោះគណៈប្រតិ​ភូ​រដ្ឋសភាកម្ពុជាទំាងអស់នាឱកាសនេះ។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសវៀតណាម ក្រោមការដឹក​នាំដ៏ត្រឹមត្រូវរបស់បក្ស និងរដ្ឋវៀតណាម។

សម្តេចរដ្ឋសភាធិបតី បានរំលឹកពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងវៀតណាម ដែលបានបង្កើតឡើងដោយ ព្រះករុណា សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោកប្រធានហូជីមិញ ជាទំនាក់ទំនងក្នុងកាលៈទេសៈលំបាកហើយបានប្រកៀកស្មាគ្នាតស៊ូដើម្បីបញ្ចប់សង្រ្គាម ការបង្រួបបង្រួមទឹកដី និងការទទួលបានឯករាជ្យ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងវៀតណាម មានលក្ខណៈពិសេស ដោយឈរលើមូលដ្ឋាននៃការគោរព ទុកចិត្តគ្នា និងការយោគយល់គ្នាទៅវិញទៅមក មិនត្រឹមតែរក្សាបាននូវមិត្តភាពជាអ្នកជិតខាងល្អ មានលក្ខណៈជាប្រពៃណីយូរអង្វែង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាអមតៈ និងបាននាំមកនូវផលប្រយោជន៍ សន្តិភាព និងការអភិវឌ្ឍ សម្រាប់ប្រទេសទំាងពីរប៉ុណ្ណោះទេ ថែមទំាងបានចូលរួមចំណែកដល់ការកសាងសុខសន្តិភាព ស្ថិរភាព ដល់ពិភពលោកថែមទៀត ជាពិសេសការជឿទុកចិត្តគ្នា ការគោរពគ្នា យោគយល់គ្នា និងការគិតគូរពីប្រយោជន៍គ្នាទៅវិញទៅមក។

សូមជម្រាបថា  សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចំនួនបីថ្ងៃ គឺពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។ បន្ទាប់មកនឹងបន្តដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ជាបន្តទៀត។

ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពលើកដំបូងរបស់ថ្នាក់ដឹកនាំរដ្ឋសភានីតិកាលទី៧ ទៅកាន់ប្រទេសជិតខាងនាពេលនេះ មិនត្រឹមបានពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងស្ថាប័នរដ្ឋសភាប៉ុណ្ណោះទេ ប៉ុន្តែនឹងចូលរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជំរុញដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ទៀតផង ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន