លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាអបអរសាទរក្នុងពិធី បើកកិច្ចប្រជុំតុមូលកម្រិតខ្ពស់ នៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទឹក នៃសភាអាស៊ី (Asia Assembly Water Consultativr Board-AAWC) លើកទី៥ នៅព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅក្រោមប្រធានបទ៖ "របៀបវារៈស្តីពីសកម្មភាពរបស់អាស៊ីសម្រាប់ភាពធន់នឹង អាកាសធាតុតាមរយៈទឹក" នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋគារសូហ្វីតែល ភូគីត្រា ភ្នំពេញ។
សូមជម្រាបថា កិច្ចប្រជុំនេះមានគោលបំណងបង្កើនសកម្មភាពរួមគ្នា ដើម្បីកាត់បន្ថយហានិភ័យនានាទាក់ទងនឹងទឹក និងលើកកម្ពស់ ស្មារតីសហគមន៍ ដោយបង្កើនសំឡេងក្នុងតំបន់ និងពិភពលោក សម្រាប់ភាពធន់នឹងទឹក ក្នុងការប្រឈមមុខនឹងការឡើងកម្តៅអាកាស- ធាតុ។
ក្នុងឱកាសដ៏សំខាន់នេះ ថ្នាក់ដឹកនាំពិភពលោក ក៏ដូចជាតំណាងមកពីរដ្ឋាភិបាល សភា និងអង្គការអន្តរជាតិនានា បានចែករំលែកនូវ ការអនុវត្ត និងមេរៀន ព្រមទាំងបទពិសោធន៍ល្អៗពីអ្វីដែលដំណើរការប្រកបដោយប្រសិទ្ធភាព និងអ្វីដែលជាឧបសគ្គរាំងស្ទះដល់ការ ឆ្ពោះទៅរកការសម្រេចបានគោលដៅប្រកបដោយចីរភាពទី៦ និងគោលដៅផ្សេងៗទៀតទាក់ទងនឹងទឹក ដែលអនុលោមតាមរបៀបវារៈ ស្តីពីសកម្មភាពទឹកនៃសន្និសីទទឹករបស់អង្គការសហប្រជាជាតិឆ្នាំ២០២៣ ដែលទើបប្រារព្ធធ្វើឡើងកាលពីខែមីនា ឆ្នាំ២០២៣ កន្លងទៅ ថ្មីៗនេះ។
ក្នុងសុន្ទរកថាអបអរសាទររបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត អនុប្រធានទី២រដ្ឋសភា បានលើកឡើងថា ការទទួលបានទឹកដែលមាន សុវត្ថិភាពគឺជាតម្រូវការមូលដ្ឋានសំខាន់បំផុតរបស់មនុស្ស ហើយមិនគួរទុកនរណាម្នាក់ចោលឡើយ។ សព្វថ្ងៃនេះ មនុស្សរាប់ពាន់លាន- នាក់នៅតែបន្តខ្វះខាតទឹកប្រើប្រាស់ប្រកបដោយសុវត្ថិភាព ដោយសារការកើនឡើងនៃតម្រូវការ និងការប្រកួតប្រជែង។
លោកជំទាវ បានមានប្រសាសន៍បន្ថែមទៀតថា ភាពតានតឹងធ្ងន់ធ្ងរដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុលើប្រព័ន្ធទឹក បាន បណ្តាលឱ្យការខ្វះខាតទឹកមានការកើនឡើង ធ្វើឱ្យជម្លោះទាក់ទងនឹងទឹកកាន់តែធ្ងន់ធ្ងរ និងបានពន្យារពេលវឌ្ឍនភាព ក្នុងការសម្រេច បាននូវការប្តេជ្ញាចិត្តរបស់យើងក្រោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិស្តីពីទឹក។
លោកជំទាវ បានសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបែបនេះ យើងត្រូវតែបង្កើតកិច្ចសហការកាន់តែជិតស្និទ្ធរវាងគ្នា។ ជាក់ស្តែង កាលពីអំឡុងពេលកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ASEP11 នៅរាជធានីភ្នំពេញក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ថ្នាក់ដឹកនាំ នៃ តំបន់ទាំងពីរ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់អន្តររកម្មនៃសន្តិសុខស្បៀង ទឹក និងថាមពល ដើម្បីធានាការប្រើប្រាស់ ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងសមធម៌ ក្នុងនោះមានការស្នើឡើងនូវយន្តការ មេគង្គ-ដានូប ដែលពាក់ព័ន្ធនឹងកិច្ចប្រជុំ AAWC លើកទី៥ នាពេលនេះផងដែរ។
កិច្ចប្រជុំតុមូលកម្រិតខ្ពស់ បានធ្វើការពិភាក្សាដេញដោលគ្នាយ៉ាងផុលផុសអំពីសន្តិសុខទឹក ដែលពិតជាមានភាពពាក់ព័ន្ធទៅនឹងវិស័យ ជាច្រើន ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ការគ្រប់គ្រង និងត្រួតពិនិត្យលើបរិមាណ និងគុណភាពទឹក ទាមទារនូវការ យល់ដឹងអំពីវិទ្យាសាស្រ្ត បរិស្ថាន សង្គម និងតម្រូវការរបស់មនុស្ស ជាពិសេស ការវិនិយោគលើការកសាងធនធានមនុស្ស បច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធទឹក ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន
















