នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើក ក្នុងកម្មវិធីប្រកាសជាផ្លូវការ នៃគម្រោង "ទូកសន្តិភាព មេគង្គ-ឡានឆាង" នៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដោយមានការចូលរួមពី ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថាន ចក្ខុវិស័យអាស៊ី និងជាទីប្រឹក្សាជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានលេខាធិការដ្ឋានជាតិ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងថា «គម្រោងទូកសន្តិភាពមេគង្គនេះ គឺស្របតាម «គំនិតផ្តួចផ្តើមអរិយ្យធម៌សាកល» របស់ ឯកឧត្តមប្រធានាធិបតី Xi ក្នុងការបង្កើត "គំនិតផ្តួចផ្តើមអរិយធម៌សកល" ដែលនឹងជំរុញសេចក្តីប្រាថ្នាសម្រាប់សន្តិភាព វិបុលភាព និង ការអភិវឌ្ឍរួម តាមរយៈការរស់នៅចុះសម្រុងគ្នា ក្នុងចំណោមអរិយ្យធម៌ផ្សេងៗគ្នាដោយបរិយាប័ន្ន។
ឯកឧត្តម បានបន្ថែមទៀតថា គម្រោងនេះ អាចដើរតួជាផ្នែកមួយនៃច្រករបៀងវប្បធម៌ ដែលលើកកម្ពស់ការផ្លាស់ប្តូរ រវាងយុវជនមកពី វប្បធម៌ និងអរិយធម៌ផ្សេងៗ ដើម្បីកសាងទំនុកចិត្តសម្រាប់សន្តិភាព និងវិបុលភាពព្រោះយុវជនគឺជា «បង្អួចនៃក្តីសង្ឃឹមសម្រាប់សន្តិភាព នាពេលអនាគត»។
ទូកសន្តិភាពមេគង្គ-ឡានឆាង គឺជាគម្រោងដែលអនុវត្តដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ដោយមានការគាំទ្រពីមូលនិធិពិសេស នៃ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សាធារណរដ្ឋប្រជាមានិតចិន (PRC) ឆ្នាំ២០២២។
គម្រោងនេះ ផ្តោតសំខាន់លើការកសាងសមត្ថភាព និងការស្រាវជ្រាវគោលនយោបាយទាក់ទងនឹងតំបន់មេគង្គ ដែលចែកចេញជាពីរ- ផ្នែក៖ មួយគឺជាកម្មវិធីបណ្តុះបណ្តាល និងមួយទៀតគឺការបោះពុម្ពសៀវភៅ។
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន











