ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានយាងនិវត្តន៍ពីប្រទេសចិន បន្ទាប់ពីព្រះអង្គបានយាងទៅពិនិត្យព្រះរាជ- សុខភាព កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមកនេះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រួមនឹងឥស្សរជនជាតិជាន់ខ្ពស់ជាថ្នាក់ដឹកនាំ ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ជាច្រើនទៀត បានអញ្ជើញទទួលព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សូមរាជាអនុញ្ញាត ក្រាបបង្គំថ្វាយ ព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រគ្រប់រូបរស់នៅក្នុងសុខសន្តិភាពតរៀងទៅ ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន





