ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ទើបតែងតាំងថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជា បាន លើកឡើងថា នៅក្នុងបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែស្អិតរមួតឡើង ដោយសារនៅពេលនេះទំាង កម្ពុជា និងជប៉ុន បានធូរស្រាលពីបញ្ហាកូវីដ-១៩ ហើយព្រំដែនប្រទេសទំាងពីរបាន បើកចំហរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលជួប ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី បានកោតសរសើរចំពោះ ពលីកម្ម និងការចូលរួមរំដោះ និងកសាង ប្រទេសកម្ពុជារបស់សម្តេចប្រធានរដ្ឋសភាតំាងពីដើមរហូតមក។
ឯកអគ្គរាជទូត បានអបអរសាទរចំពោះ ការរីកចម្រើនរបស់កម្ពុជា និងជោគជ័យ នៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហា- សន្និបាតអន្តរសភាអាស៊ាន នាពេលថ្មីៗនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ខាងមុខនេះ រាជរដ្ឋាភិបាលជប៉ុនបានត្រៀមខ្លួនជួយដល់កម្ពុជាជានិច្ច។
ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយ និងបានស្វាគមន៍ និងអបអរសាទរ ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ដែលត្រូវបានរាជរដ្ឋាភិបាលជប៉ុន ផ្តល់សេចក្តីទុកចិត្ត តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ ប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
សម្តេចបានគូសបញ្ជាក់ថា ជប៉ុនមានគុណបំណាច់យ៉ាងធំធេងណាស់ ក្នុងការរួមចំណែកធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងអភិវឌ្ឍន៍បាន ដូចសព្វថ្ងៃ។ ប្រការនេះធ្វើអោយជប៉ុន ក្លាយជាដៃគូអភិវឌ្ឍដ៏មានសក្តានុពលរបស់កម្ពុជា។ សម្តេចបានស្នើដល់ភាគីជប៉ុនបន្តជួយគាំទ្រ ដល់ការបណ្តុះបណ្តាលធនធានរបស់កម្ពុជាបន្ថែមទៀត ដែលការបណ្តុះបណ្តាលនោះ ជាការកសាងធនធានមនុស្ស សម្រាប់ចូលរួមការ អភិវឌ្ឍប្រទេសជាតិ។
សម្តេចសង្ឃឹមថា នៅក្នុងអាណត្តិការទូតថ្មីនេះ ឯកឧត្តម នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្តា ក្រសួង មន្ទីរ និងស្ថាប័ន ខេត្ត-ក្រុងនានា របស់កម្ពុជា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ឱ្យកាន់តែស្អិតរមួតថែមទៀត ជាពិសេសបន្ត ជួយសម្រួលដល់កម្មសិក្សាការីជំនាញកម្ពុជា បានទៅធ្វើការនៅជប៉ុនអោយបានកាន់តែច្រើនថែមទៀត។ រដ្ឋសភាត្រៀមខ្លួនជាសេ្រចក្នុង ការធ្វើកិច្ចសហប្រតិបត្តិការគ្រប់យ៉ាងជាមួយឯកឧត្តម ដើម្បីអោយបេសកកម្មការទូតរបស់ឯកឧត្តម ទទួលបានជោគជ័យ ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន










