សមាជិក សមាជិកានៃពុទ្ធិកសមាគមកម្ពុជរដ្ឋ ប្រមាណ៧០នាក់ ដឹកនាំដោយ លោកជំទាវ ម៉ែន នារីវុឌ្ឍី ប្រធានប្រតិភូ នៃពុទ្ធិកសមាគម កម្ពុជរដ្ឋ បានធ្វើទស្សនកិច្ចសិក្សានៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីសិក្សាស្វែងយល់ពី រចនាសម្ព័ន្ធ តួនាទី និង ភារកិច្ចរបស់ស្ថាប័នកំពូលរបស់ជាតិមួយនេះ។
ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងសហការី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចនេះ និងបាន ធ្វើបទបង្ហាញពីតួនាទីភារកិច្ចរបស់រដ្ឋសភា និងទិដ្ឋភាពទូទៅ ព្រមទាំងបទបង្ហាញពីស្ថិតិស្ត្រីក្នុងវិស័យច្បាប់ ច្បាប់ទាក់ទងនឹងការលើក- កម្ពស់សមភាពយេនឌ័រ ការផ្តល់ភាពអង់អាចដល់ស្ត្រី និងបានបង្ហាញពីកិច្ចការសភា ព្រមទាំងយន្តការមួយចំនួនទៀត នៅក្នុងការជំរុញ សមភាពយេនឌ័រ។
ឯកឧត្តម ឡេង ប៉េងឡុង បានគូសបញ្ជាក់ថា រដ្ឋសភាជាកន្លែងធ្វើការរបស់តំណាងរាស្រ្ត ក៏ដូចជាកន្លែងរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ ហើយអគ្គលេខាធិការដ្ឋានរដ្ឋសភា គឺជាសេនាធិការរបស់រដ្ឋសភា ដែលមានភារកិច្ចសំខាន់ ក្នុងការផ្ដល់សេវា និងបច្ចេកទេសគ្រប់បែប- យ៉ាងដល់ដំណើរការប្រចាំថ្ងៃរបស់រដ្ឋសភា ក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។
ឯកឧត្ដមបានបន្តថា រដ្ឋសភាជាស្ថាប័នកំពូល តំណាងឲ្យលទ្ធិប្រជាធិបតេយ្យរបស់ជាតិ ដោយហេតុថារដ្ឋសភាកើតឡើងពីឆន្ទៈរបស់ រាស្ដ្រ តាមរយៈការបោះឆ្នោត៥ឆ្នាំម្តង។ ជាមួយគ្នានេះ ឯកឧត្តមបានធ្វើការបង្ហាញយ៉ាងលម្អិតពិស្តារទៅលើភារកិច្ចសំខាន់ៗទាំង៣របស់ រដ្ឋសភា ដែលមានការងារនីតិកម្ម ការឃ្លាំមើលការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល និងភាពជាតំណាងរបស់ប្រជាពលរដ្ឋ។
លោកជំទាវ ម៉ែន នារីវុឌ្ឍី ប្រធានប្រតិភូ នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាពញា- ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យសមាជិក សមាជិកា នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ បាន មកធ្វើទស្សនកិច្ចសិក្សានៅវិមានរដ្ឋសភាដោយផ្ទាល់ និងសូមថ្លែងអំណរគុណផងដែរចំពោះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ រដ្ឋសភា ដែលបានទទួលស្វាគមន៍ និងបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ អំពីការងាររបស់រដ្ឋសភាជូនដល់ប្រតិភូ នៃពុទ្ធិកសមាគម កម្ពុជរដ្ឋ បានយល់ដឹង។
ជាមួយគ្នានោះ លោកជំទាវ ម៉ែន នារីវុឌ្ឍី បានសម្តែងក្តីរីករាយថា ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏មានតម្លៃ សម្រាប់សមាជិក សមាជិកា នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ ក្នុងការទទួលបានចំណេះដឹងបន្ថែមទៀត អំពីតួនាទីភារកិច្ចរបស់រដ្ឋសភាកម្ពុជា គឺជាការពង្រីក ចំណេះដឹងបន្ថែមអំពីនីតិវិធី និងដំណើរការងារ នៃអង្គនីតិប្បញ្ញត្តិរបស់ជាតិ។ លើសពីនោះទៀត សមាជិកពុទ្ធិកសមាគមកម្ពុជរដ្ឋក៏បាន ទស្សនាកន្លែងសំខាន់មួយចំនួននៅក្នុងវិមានរដ្ឋសភាផងដែរ។
សូមជម្រាបថា រដ្ឋសភាបានបើកទូលាយសម្រាប់មហាជនទូទៅ មានដូចជា ព្រះសង្ឃ មន្រ្តីរាជការ សិស្ស និសិ្សត កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ បានចូលមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការងាររបស់ស្ថាប័នជាតិមួយនេះជាហូរហែ ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន
























