អន្តរគណៈកម្មការជំនាញ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខា- ធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖
១-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិដោយបន្ថែម មាត្រា៣ស្ទួន
២-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០ (ក) នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ
៣-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ។
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានជម្រាបជូនអង្គប្រជុំថា អនុសញ្ញាស្ដីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ ត្រូវបានចុះហត្ថលេខានៅទីក្រុង ស៊ីកាហ្គោនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤៤ ដែលហៅកាត់ថា អនុសញ្ញាស៊ីកាហ្គោ។ រហូតមកដល់បច្ចុប្បន្ននេះ មានប្រទេសចំនួន១៩៣ ហើយ ដែលបានចូលជាភាគីនៃអនុសញ្ញានេះ ហើយព្រះរាជាណាចក្រកម្ពុជាបានក្លាយជារដ្ឋភាគី នៃអនុសញ្ញា- នេះកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ១៩៥៦។ អនុសញ្ញាស៊ីកាហ្គោបានផ្ដល់មូលដ្ឋានគតិយុត្ត សម្រាប់បង្កើតអង្គការអាកាសចរណ៍ស៊ីវិល អន្តរជាតិ និងបង្កើតវិធានគតិយុត្តអន្តរជាតិសម្រាប់គ្រប់គ្រងប្រតិបត្តិការហោះហើរ អាកាសយានប្រកបដោយសុវត្ថិភាព សន្តិសុខ និង មានលក្ខណៈសេដ្ឋកិច្ច ដែលរដ្ឋសមាជិកទាំងអស់ ត្រូវប្រតិបត្តិតាម។
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានបន្តថា ដោយមានតម្រូវការចាំបាច់នូវវិធានការការពារការរំលោភដែនអាកាសរបស់រដ្ឋសមាជិក និងដើម្បី ចៀសវាងការប្រើប្រាស់អាកាសចរណ៍ស៊ីវិល ក្នុងគោលបំណងមិនស្របនឹងគោលបំណង នៃអនុសញ្ញាស៊ីកាហ្គោ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៨៤ នៅក្នុងសម័យប្រជុំវិសាមញ្ញលើកទី២៥របស់ខ្លួន នៅទីក្រុងម៉ុងរ៉េអាល់ នៃប្រទេសកាណាដា។ អង្គសន្និបាតនៃអង្គការ អាកាសចរណ៍ស៊ីវិលអន្តរជាតិបានអនុម័តស្របតាមបទប្បញ្ញត្តិនៃមាត្រា៩៤ កថាខណ្ឌ(ក) នៃអនុសញ្ញាស៊ីកាហ្គោ នូវវិសោធនកម្មលើ អនុសញ្ញានេះដោយដាក់បញ្ចូលបន្ទាប់ពី មាត្រា៣ នូវមាត្រា៣ស្ទួន និងស្នើសុំឱ្យរដ្ឋភាគីរៀបចំផ្តល់សច្ចាប័នលើពិធីសារនេះ តាមនិតីវិធី ផ្ទៃក្នុងរៀងៗខ្លួន។ ជាងនេះទៀត ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ វិស័យអាកាសចរណ៍ស៊ីវិលពិភពលោកមានការរីកចម្រើនខ្លាំង ទាំងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា ដែលតម្រូវឱ្យអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិពង្រឹងស្ថាប័ន ទាំងកម្រិតរៀបចំផែនការគោល- នយោបាយ និងកម្រិតបច្ចេកទេស ដើម្បីធានានិរន្តរភាពប្រតិបត្តិការ អាកាសចរណ៍ស៊ីវិលអន្តរជាតិ ប្រកបដោយសុវត្ថិភាព សន្តិសុខ ប្រក្រតីភាព និងមានលក្ខណៈសេដ្ឋកិច្ច។
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ក៏បានគូសបញ្ជាក់ពីគោលបំណង និងខ្លឹមសារសំខាន់ៗនៃពិធីសារទាំង៣ និងថាព្រះរាជាណាចក្រកម្ពុជានឹង ទទួលបានផលប្រយោជន៏ពីពិធីសារទាំង៣នេះ៖ កម្ពុជាមានសិទ្ធិ ក្នុងការចាត់វិធានការសមស្រប ដើម្បីការពារការរំលោភដែនអាកាស របស់ខ្លួន និងទប់ស្កាត់ការប្រើប្រាស់អាកាសយានក្នុងគោលបំណងមិនស្របនឹងគោលបំណងនៃអនុសញ្ញា សំដៅលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពអាកាសចរណ៍ស៊ីវិលកម្ពុជា។ ធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ អ្នកដំណើរតាមផ្លូវអាកាស និងអ្នកវិនិយោគកាន់តែមានជំនឿ លើសន្តិសុខ និងសុវត្ថិភាពដែនអាភាសកម្ពុជា ដែលតាមរយៈនេះកម្ពុជាទាក់ទាញការហោះហើរនិងដឹកជញ្ជូនកាន់តែច្រើនមកកម្ពុជា។
លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការខិតខំធ្វើសេចក្តីព្រាងច្បាប់នេះឡើងរបស់ រាជរដ្ឋាភិបាល ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអាកាសចរណ៍ស៊ីវិលជាតិ និងអន្តរជាតិ។
ក្នុងនាម គណៈកម្មការជំនាញរដ្ឋសភា លោកជំទាវ បានគំាទ្រសេចក្តីព្រាងច្បាប់នេះទាំងស្រុង ដោយពុំមានការកែប្រែអ្វីនោះទេ។លោកជំទាវ និន សាផុន បានគូសបញ្ជាក់ថា បន្ទាប់ពីបានការពន្យល់ និងបកស្រាយយ៉ាងលម្អិតពីតំណាងរាជរដ្ឋាភិបាលនៅពេលនេះ គណៈកម្មការរដ្ឋសភានឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ដើម្បីពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈ សម័យប្រជុំរដ្ឋសភានាពេលខាងមុខ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន