សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានចូល ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ថងលួន ស៊ីសូលីត អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នាទីក្រុងវៀងច័ន្ទ ខណៈសម្តេចប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជា ផ្លូវការ និងមិត្តភាពនៅក្នុងប្រទេសឡាវ។
សម្តេចប្រធានរដ្ឋសភា បានជម្រាប ឯកឧត្តមប្រធានរដ្ឋ ពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ គឺដើម្បីបន្ត ពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា- ឡាវ ដែលមានជាយូរមកហើយ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ជាពិសេសរវាងរដ្ឋសភា នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអរសាទរ ចំពោះសមិទ្ធផលដ៏ធំធេង ដែលបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនឡាវ សម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អ ប្រសើរ ហើយកិត្យានុភាព និងតួនាទីរបស់មិត្តឡាវ កាន់តែត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ។
ឯកឧត្តម ថងលួន ស៊ីសូលីត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបទ្វេភាគី រវាងសម្តេចប្រធានរដ្ឋសភា និង ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថា នឹងផ្តល់សារៈសំខាន់នៅក្នុងការពង្រឹងពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពឡើង។
ឯកឧត្តមប្រមុខរដ្ឋ បានអបអរសាទរ ចំពោះការអភិវឌ្ឍន៍លើគ្រប់វិស័យរបស់កម្ពុជា និងបានថ្លែងអំណរគុណដល់ពលរដ្ឋ និងរាជរដ្ឋាភិ- បាលកម្ពុជា ដែលបានផ្តល់ជំនួយវ៉ាក់សំាងកូវីដ-១៩ រថយន្តដឹកវ៉ាក់សំាង និងបរិក្ខារពេទ្យជាច្រើនទៀតដល់រដ្ឋាភិបាលឡាវ សម្រាប់ ប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ នាពេលកន្លងមកនេះ ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន