ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា អមដំណើរ ដោយ ឯកឧត្តម លោកជំទាវ អនុប្រធាន លេខាធិការ សមាជិក សមាជិកាគណៈកម្មការ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងគរុសិស្ស នៃសាលាគរុកោសល្យ និងវិក្រិតការ ខេត្តបន្ទាយមានជ័យ ប្រមាណ ១០០នាក់។
មានមតិស្វាគមន៍ជូនចំពោះគណៈប្រតិភូនាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមាជ័យ បានរាយ- ការណ៍ពីស្ថានភាពទូទៅនៃខេត្ត ជាពិសេសវឌ្ឍនភាពនៃវិស័យអប់រំគរុកោសល្យ និងវិក្រិតការរបស់ខេត្ត ដែលបានទទួលបណ្តុះបណ្តាល គរុសិស្សដើម្បីបំពេញតម្រូវការក្នុងវិស័យអប់រំក្នុងខេត្ត និងខេត្តជិតខាងផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តើមកិច្ចសំណេះសំណាលជាមួយការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ខេត្ត ក្នុងការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេសការគាំទ្រយ៉ាងផុសផុលពីវិស័យអប់រំផងដែរ។ លោកគ្រូ អ្នកគ្រូ គរុសិស្ស បាន ខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលសមត្ថភាព គរុកោសល្យ ក្នុងដំណាក់កាលចុងក្រោយនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយ ត្រូវជំនះឧបសគ្គនៃហានិភ័យពីជំងឺឆ្លងផង និងស្វែងរកវិធីសាស្រ្តថ្មីៗដើម្បីបន្តការបង្រៀនសិស្សតាមបែបបទគន្លងថ្មីផង។ ឯកឧត្តមបន្ត- ថា បេសកកម្មរបស់គណៈកម្មការគឺការស្វែងយល់ពីការអនុវត្តគោលនយោបាយ និងវិស័យអប់រំ ដែលទាមទារឱ្យចុះជួបផ្ទាល់ជាមួយ ប្រតិបត្តិករជាក់ស្តែង អំពីបទពិសោធន៍ក្នុងការអនុវត្តការងារកន្លងមក ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមដែលបានជួបប្រទះ។
ឯកឧត្តម បានលើកឡើងបន្តថា ឯកឧត្តមផ្ទាល់ក៏ទទួលបានចំណេះដឹង និងសមត្ថភាពដូចបច្ចុប្បន្ន ក៏ដោយសារបានការអប់រំពីគ្រូ បង្រៀន។ ដូច្នេះហើយ ឯកឧត្តមបានផ្តាំផ្ញើទៅកាន់ប្អូនៗគរុសិស្សឱ្យចងចាំនូវគុណបំណាច់នៃការលះបង់ និងការខិតខំប្រឹងប្រែងរបស់ លោកគ្រូអ្នកគ្រូ ហើយនឹងត្រូវមានមោទនភាពចំពោះតួនាទីរបស់ខ្លួនដែលនឹងក្លាយជាគ្រូបង្រៀននាពេលអនាគតផងដែរ។
នាឱកាសនោះ ឯកឧត្តមក៏បានឆ្លៀតចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនពីការសិក្សារៀនសូត្ររបស់ឯកឧត្តម ដែលសុទ្ធសឹងជាចំណេះដឹង និងបំណិនល្អសម្រាប់ការរៀបចំជីវិតសិក្សា និងការងារសម្រាប់ប្អូនៗជាគរុសិស្សផងដែរ។ ឯកឧត្តមក៏បានផ្តាំផ្ញើឱ្យប្អូនៗត្រូវមានជនឿជាក់ លើខ្លួនឯង និងត្រូវគិតថាភាពជោគជ័យរបស់យើងម្នាក់ៗគឺជាជោគជ័យសម្រាប់ប្រទេសជាតិផងដែរ។
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន