សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ង្វៀន ធីថាញ់ ប្រធាន សមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។
លោកជំទាវ ង្វៀន ធីថាញ់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលសម្តេចប្រធានរដ្ឋសភា បានចំណាយពេលវេលាដ៏មានតម្លៃ និង មមាញឹកទទួលជួបគណៈប្រតិភូរបស់លោកជំទាវនាឱកាសនេះ ប្រកបដោយការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជាទីបំផុត។
លោកជំទាវប្រធានគណៈប្រតិភូ ចូលរួមអបអរសាទរចំពោះការអភិវឌ្ឍឥតឈររបស់កម្ពុជាលើគ្រប់វិស័យ ទោះបីនៅក្នុងកាលៈទេសៈ នៃ ការរាតត្បាតជំងឺកូវីដ-១៩យ៉ាងណាក្តី។
ឆ្លៀតឱកាសនោះ លោកជំទាវ ង្វៀន ធីថាញ់ បានរាយការណ៍ជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អំពីការវិវិឌ្ឍន៍ថ្មីៗនៅក្នុង ប្រទេសវៀតណាម ក៏ដូចជាកិច្ចការរបស់រដ្ឋសភាវៀតណាម ដែលបានអនុវត្តនាពេលកន្លងមក និងកិច្ចសហប្រតិបត្តិការ រវាងសមាគម មិត្តភាព នៃប្រទេសទំាងពីរ វៀតណាម-កម្ពុជាផងដែរ។
លោកជំទាវ បានគូសបញ្ជាក់ថា វៀតណាមមិនខុសពីកម្ពុជា និងបណ្តាប្រទេសនានាទូទំាងពិភពលោកនោះទេ បានទទួលរងនូវការរាត- ត្បាតពីជំងឺកូវីដ-១៩ តែទោះជាយ៉ាងណាបក្ស រដ្ឋ និងប្រជាជនវៀតណាម បានខិតខំប្រយុទ្ធប្រឆំាងជំងឺនេះ នៅក្នុងការស្តារសេដ្ឋកិច្ច និងសង្គមវៀតណាមឡើងវិញ ដែលជាលទ្ធផលនៅឆ្នាំ២០២១ ស្ថានភាពGDP របស់វៀតណាមមានកំណើនចំនួន៣% ហើយនៅក្នុង រយៈពេល៦ខែ ដើមឆ្នាំ២០២២នេះ កើនបាន៧%។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចាត់ទុកដំណើរទស្សនកិច្ចរបស់លោកជំទាវ នាពេលនេះ ស្របពេលដែលអង្គភាព និងស្ថាប័ន ផេ្សងៗនៃប្រទេសទាំងពីរ បាននិងកំពុងធ្វើកម្មវិធីផ្សេងៗ ក្នុងការអបអរសាទរខួបទី៥៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា- វៀតណាម។
សម្តេចបានគូសបញ្ជាក់ថា សមាគមមិត្តភាពវៀតណាម-កម្ពុជា ជាតួអង្គដ៏មានសារៈសំខាន់មួយ នៃការរួមចំណែកផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរអោយកាន់តែរឹងមាំ និងស្ថិតស្ថេរយូរអង្វែង តាមបំណងប្រាថ្នា នៃថ្នាក់ដឹកនាំប្រទេស ទាំងពីរ។
សម្តេចប្រធានរដ្ឋសភា បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេង ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម សម្រេចបាន ក្នុងការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម មានការអភិវឌ្ឍជឿនលឿនយ៉ាងឆាប់រហ័ស។ ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់បក្សកុម្មុយនីស្តវៀតណាម ប្រជាជនវៀតណាម នឹងបន្តទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងការអភិវឌ្ឍប្រទេសជាតិ កាន់តែរុងរឿងថែមទៀត ហើយកិត្យានុភាព ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ នៅលើឆាកអន្តរជាតិ។
នៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជំរុញលើកទឹកចិត្តដល់សមាគមមិត្តភាពនៃប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកសកម្មភាព និងកិច្ចសហប្រតិបត្តិការរបស់ខ្លួនលើវិស័យសំខាន់ៗ ក្រៅពីសង្គម និងមនុស្សធម៌ រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងវិទ្យាសាស្ត្រជាដើម៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន