ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីទស្សនកិច្ច សិក្សាស្វែងយល់អំពី ”តួនាទី និងភារកិច្ចរបស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា” របស់និសិ្សតនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ចំនួន១៥០នាក់ ដែលកម្មវិធីនេះ រៀបចំដោយលេខាធិការដ្ឋានសម្របសម្រួលបច្ចេកទេសនៃសភាកម្ពុជា (ល.ស.ប) នៅសាលសន្និសីទ បាយ័ន នៃវិមានរដ្ឋសភា។
ឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍ជម្រាបជូនអំពីប្រវត្តិរបស់រដ្ឋសភាកម្ពុជា ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៧មក និង បានឆ្លងកាត់ប្រែប្រួលទៅតាមរបបដឹកនាំជាច្រើនជាបន្តបន្ទាប់។
ឯកឧត្តមអគ្គលេខាធិការរដ្ឋសភាបានបញ្ជាក់ថា រដ្ឋសភាជាស្ថាប័នដែលកើតចេញពីការបោះឆ្នោតជាសកល ហើយចាប់តាំងពីឆ្នាំ១៩៩៣ មកបច្ចុប្បន្ននេះ រដ្ឋសភាមានដំណើរការជាប្រក្រតី ដែលមានអាយុកាលចំនួន ៦អាណត្តិ ដែលក្នុងមួយអាណត្តិរដ្ឋសភាមានរយៈពេល ៥ឆ្នាំ។
ឯកឧត្តមបានបន្តថា រដ្ឋសភានីតិកាលទី៦នេះ ដឹកនាំដោយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានរដ្ឋសភា និងមានអនុ- ប្រធានចំនួនពីររូប និងគណៈកម្មការជំនាញចំនួន១០។
ឯកឧត្តមក៏បានជម្រាបជូនលម្អិតដល់និស្សិតទាំងអស់ បានយល់ដឹងអំពីតួនាទីភារកិច្ចការងារសំខាន់ទាំងបីរបស់រដ្ឋសភា គឺការងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល និងភាពជាតំណាងរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា បានជម្រាបជូននិស្សិតពីដំណើរការនៃការប្រជុំពេញអង្គរបស់រដ្ឋសភា ដែលមានចំនួនពីរដងក្នុងមួយឆ្នាំ ដែលសម័យប្រជុំនីមួយៗ មានរយៈពេលយ៉ាងតិច៣ខែ ដើម្បីធ្វើការពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់ផ្សេងៗ។ សមាជិករដ្ឋសភាទាំងឣស់ត្រូវបំពេញតួនាទី ភារកិច្ចដោយឈរលើមូលដ្ឋានរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងគោលការណ៍ច្បាប់។
ឯកឧត្តម កៃ កេតនិន ឣគ្គនាយកនីតិកម្ម និងស្រាវជ្រាវ ក៏បានមានប្រសាសន៍ជម្រាបជូននិស្សិតទាំងអស់ ពីតួនាទីរបស់អគ្គលេខាធិកា- រដ្ឋានរដ្ឋសភា ដែលជាសេនាធិការរបស់រដ្ឋសភា មានតួនាទីក្នុងការ ផ្តល់សេវាបច្ចេកទេស សម្ភារៈ និងធនធានមនុស្សដល់សមាជិក រដ្ឋសភា នៅក្នុងការបំពេញការងារ ពោលគឺអគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវធានាដល់ដំណើរការជាអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងការផ្តល់ លទ្ធភាពជូនសមាជិក សមាជិការដ្ឋសភា បំពេញភារកិច្ចជូនប្រទេសជាតិ ទៅតាមរដ្ឋធម្មនុញ្ញដែលបានកំណត់ និងធ្វើការស្នើរច្បាប់ ឣនុម័តច្បាប់ ព្រមទាំងតាមដានរាល់ការឣនុវត្តច្បាប់ ដែលបានដាក់ឲ្យប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះ កញ្ញា មិត្ត ចាន់លីនដា ប្រធាននាយកដ្ឋានស្រាវជ្រាវកិច្ចការជាតិ បានធ្វើបទបង្ហាញទាក់ទងលើប្រធានបទស្ត្រី និង យេនឌ័រ ក្នុងវិស័យច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជូនដល់និស្សិតទាំងអស់បានជ្រាបផងដែរ។
បន្ទាប់ពីបានស្ដាប់ ការធ្វើបទបង្ហាញរបស់ថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋានរដ្ឋសភារួចមក និស្សិតទាំងអស់ក៏ទទួលបានការអនុញ្ញាតឱ្យ ចូលទស្សនាសាលប្រជុំពេញអង្គរដ្ឋសភា បណ្ណាល័យ សាលពិព័រណ៍ និងកន្លែងសំខាន់ៗមួយចំនួនទៀតនៅក្នុងវិមានរដ្ឋសភា៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន