អន្តរគណៈកម្មការនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្ម មាត្រា១៤០ នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រាបជូនកិច្ចប្រជុំថា សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្ម មាត្រា១៤០ នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានរៀបចំឡើងក្នុងគោលបំណងកែសម្រួលចំនួន គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនធនធានមនុស្សនៅក្នុងគណៈអភិបាល ដែលជាអង្គប្រតិបត្តិឱ្យមានចំនួន សមស្របតាមស្ថានភាពនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្ត្រ នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។
សម្តេចក្រឡាហោមបានបន្តថា ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាប្រព័ន្ធគ្រប់គ្រងរដ្ឋបាលបែបទំនើប នៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោត ជាសំខាន់ទៅលើការលើកកម្ពស់អភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋាន ដោយមានការចូលរួមពីប្រជាពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះយ៉ាង សំខាន់ក្នុងដំណើរការប្រជាធិបតេយ្យមូលដ្ឋាន និងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព និងសមធម៌សង្គម។
សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់អំពីច្បាប់រៀបចំអង្គការថា ក៏បានកំណត់ឱ្យមានប្រព័ន្ធ អភិបាលកិច្ចនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានតួអង្គពីរសំខាន់ ដែលតួអង្គទី១គឺក្រុមប្រឹក្សា ដែលត្រូវបានបង្កើតឡើង តាមការ- បោះឆ្នោត ដើម្បីធ្វើជាតំណាងឱ្យសំឡេង និងផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ និង តួអង្គទី២គឺគណៈអភិបាល ដែលត្រូវបានតែងតាំងដោយថ្នាក់ជាតិឱ្យទៅបម្រើការងារជាមួយក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បី ចាត់ចែងអនុវត្តការងារប្រចាំថ្ងៃ។
បន្ទាប់ពីតំណាងរាជរដ្ឋាភិបាល បានធ្វើការបកស្រាយនូវសំនួរមួយចំនួនរបស់គណៈកម្មការជំនាញនៃរដ្ឋសភា ពាក់ព័ន្ធទៅនឹងខ្លឹមសារនៃ សេចក្តីព្រាងច្បាប់នេះរួចមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បាន ថ្លែងអំណរគុណ និងកោតសរសើរចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ដែលបានមកឆ្លើយបំភ្លឺ និងបកស្រាយលើខ្លឹមសារដែលទាក់ទង និងសេចក្តីព្រាងច្បាប់នេះ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបញ្ជាក់ថា ក្រោយពីបានស្ដាប់ការបកស្រាយបំភ្លឺពីតំណាងរាជរដ្ឋាភិបាលហើយនេះ គណៈកម្មការ រដ្ឋសភាសម្រេចគាំទ្រទាំងស្រុង នឹងបញ្ជូនសេចក្ដីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសម្រេចដាក់បញ្ចូលក្នុង របៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាធ្វើការពិភាក្សានិងអនុម័តនាពេលខាងមុខ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន




















