នៅរាត្រីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានរៀបចំពិធីលាងលៀងសាយភោជន៍ ជូន ឯកឧត្តម អំ បឺរឡា ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌា និងគណៈប្រតិភូ នៅសណ្ឋាគារភូកេត្រាភ្នំពេញ ក្នុងឱកាសដែល ឯកឧត្តមបានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា។
ពិធីលាងសាយភោជន៍នេះ ស្ថិតក្នុងបរិយាកាសពោរពេញដោយមហាភាតរភាពមិត្តភាព។ តាងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍សារជាថ្មីម្តងទៀត នូវវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អំ បឺរឡា និងសមាជិក គណៈប្រតិភូ ដែលបានអញ្ជើញចូលរួមផ្តល់កិត្តិយសក្នុងពិធីលៀងសាយភោជន៍ ជាមិត្តភាពនារាត្រីដ៏សែនមនោរម្យនេះ។ សម្តេចបាន គូសបញ្ជាក់ថា វត្តមានគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឥណ្ឌាដែលជាមិត្តរបស់កម្ពុជានាពេលនេះ ចំពេលគម្រប់ខួប៧០ឆ្នាំនៃចំណងការទូត ដ៏ប្រសើរ ដែលប្រជាជាតិទាំងពីរ បាននិងកំពុងអបអរសាទរ ចំពោះសមិទ្ធផលធំៗដែលប្រសូត្រចេញពីចំណងការទូតជាប្រវត្តិសាស្ត្រ របស់យើង។
ឯកឧត្តម អំ បឺរឡា បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់សម្តេចប្រធានរដ្ឋសភា ជូនឯកឧត្តម និងគណៈប្រតិភូទំាងអស់។ ឯកឧត្តម បានលើកឡើងពីទំនាក់ទំនងដ៏សំខាន់ រវាងកម្ពុជា និងឥណ្ឌា ដែលមានវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ស្រដៀងគ្នា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង ឯកឧត្តម អំ បឺរឡា បានសូមឱ្យចំណងមិត្តភាព សាមគ្គីភាព រវាងប្រទេសទាំងពីរកម្ពុជា- ឥណ្ឌា ស្ថិតស្ថេរយូរអង្វែង និងបានថ្វាយព្រះពរថ្វាយ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនពរ ឯកឧត្តម រ៉ាម ណាត កូវីន ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា និងសូមមានសុខភាព និងព្រះរាជ សុខភាពល្អបរិបូរណ៍ និងសូមឱ្យប្រទេសទំាងពីរទទួលបាននូវវឌ្ឍនភាព សេចក្តីសុខ ចម្រុងចម្រើនជារៀងរហូតតទៅ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន