សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញទទួលអំណោយពីសប្បុរសជន ជាឧបករណ៍តេស្តរហ័សរកមេរោគ កូវីដ-១៩ និងសម្ភារៈបរិក្ខារពេទ្យមួយចំនួន សម្រាប់ទុកចែកជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ នៅរសៀល ថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ នៅភូមិគ្រឹះសម្តេចផ្ទាល់ ក្នុងរាជធានីភ្នំពេញ។
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និង លោកជំទាវ ហ៊ាង យ៉ារ៉ាដារ័ត្ន បាននាំយកឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ចំនួន២០កេស ស្មើនឹង៥,០០០ឧបករណ៍ ម៉ាស់ចំនួន ៥ម៉ឺនម៉ាស់ និងទែម៉ូម៉ែតចំនួន ២០០ឧបករណ៍ ជូនសម្តេចប្រធានរដ្ឋសភា សម្រាប់ចែកជូនប្រជាពលរដ្ឋ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរចំពោះកាយវិការមនុស្សធម៌របស់ ឯកឧត្តម សួស យ៉ារ៉ា និង លោកជំទាវ ដែលបានចូលរួមចំណែកជួយប្រជាពលរដ្ឋនៅក្នុងកាលៈទេសៈចំាបាច់ដែលជំងឺកូវីដ-១៩កំពុងរាតត្បាតនេះ ហើយឧបករណ៍ បរិក្ខារទំាងនោះ ពិតជាមានសារៈសំខាន់ក្នុងការចូលរួមជួយសម្រាលការលំបាក និងទប់ស្កាត់ជំងឺកូវីដ-១៩ របស់ប្រជាពលរដ្ឋ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាខ្លំាង ក្នុងកិច្ចការការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺ កូវីដ-១៩នេះ ហើយកម្ពុជាបានទទួលជោគជ័យយ៉ាងធំធេងនៅក្នុងការទប់ស្កាត់ ការពារជំងឺកូវីដ-១៩ តាមរយៈយន្តការវ៉ាក់សំាង ដែល រហូតមកដល់ពេលនេះ ពលរដ្ឋយ៉ាងច្រើនលើសលប់បានទទួលវ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ទំាងដូសមូលដ្ឋាន និង ដូសជំរុញ បង្កើតភាពសុំាសហគម នាំឱ្យកម្ពុជាបានបើកសេដ្ឋកិច្ច សង្គមឡើងវិញ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបញ្ជាក់ថា វប្បធម៌ចែករំលែក ជួយគ្នានៅសង្គមខ្មែរ ជាវប្បធម៌ដ៏ល្អ ដែលបានចាក់ឬសយ៉ាង ជ្រៅក្នុងដួងចិត្តប្រជាពលរដ្ឋគ្រប់រូប ពិសេសនៅក្នុងគ្រប់គ្រាលំបាក ដូចជាពេលកូវីដ-១៩នេះជាដើម ពលរដ្ឋគ្រប់មជ្ឈដ្ឋានបានចូលរួម ចំណែកជាមួយរដ្ឋាភិបាល នៅក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ តាមលទ្ធភាពជាថវិកា ជាសម្ភារៈ រួមនឹងកម្លំាងទឹកចិត្តតាមរយៈការស្ម័គ្រចិត្ត បំពេញការងារសង្គមក្នុងបេសកកម្មក្រុមគ្រូពេទ្យអាវស ជាដើមនោះ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន