គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញចុះជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងលោក លោកស្រី ជាប្រធានមន្ទីរ ជំនាញពាក់ព័ន្ធ ដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់គណៈកម្មការ នៅក្នុងសាលប្រជុំនៃសាលាខេត្តកំពង់ស្ពឺ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី ឯកឧត្តម សត្យា វុធ ឯកឧត្តម សុខ ប៊ន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យទទួលបន្ទុករបស់គណៈកម្មការផងដែរ។
ឯកឧត្តម ឡូយ សុផាត បានជម្រាបជូនអាជ្ញាធរខេត្ត ពីគោលបំណងបេសកកម្មរបស់គណៈកម្មការ មកកាន់ខេត្តកំពង់ស្ពឺនាពេលនេះគឺ ដើម្បីសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ លើវិស័យទទួលខុសត្រូវរបស់គណៈកម្មការ និងប្រមូលព័ត៌មានអំពីប្រសិទ្ធភាពនៃការអនុវត្តន៍ ច្បាប់របស់ខេត្ត ក៏ដូចជាបញ្ហាប្រឈមដែលខេត្តបានជួបប្រទះនាពេលកន្លងមក ដើម្បីរួមគ្នារកដំណោះស្រាយ ឲ្យបានទាន់ពេលវេលា ពិសេសទាក់ទងនឹងផលប៉ះពាល់ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ទៅលើវិស័យនីមួយៗ។
ឯកឧត្តម វ៉ី សំណាង បានជម្រាបជូន ឯកឧត្តមប្រធានគណៈប្រតិភូពីវឌ្ឍនភាពការងារ និងភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ ដោយ បច្ចុប្បន្នអាជ្ញាធរខេត្តបានខិតខំធ្វើឱ្យសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តត្រូវបានលើកកម្ពស់ តាមរយៈការអភិវឌ្ឍ វិស័យសំខាន់ៗដូចជាវិស័យកសិកម្ម វិស័យធនធានទឹក ការស្ថាបនាប្រព័ន្ធធារាសាស្ត្រ ដែលជំរុញផលិតកម្មកសិកម្មទទួលបានផលជា អតិបរមា និងមានបង្កើតការងារជូនប្រជាពលរដ្ឋ តាមរយៈការវិនិយោគលើវិស័យវាយនភណ្ឌរបស់ក្រុមហ៊ុនឯកជនជាច្រើន ដែលបានធ្វើ ឱ្យអត្រានៃភាពក្រីក្រថយចុះគួរឱ្យកត់សំគាល់។ ទោះបីស្ថិតក្នុងការលំបាកនៃវិបត្តិជំងឺកូវីដ-១៩ក៏ដោយ ក្រោមការដឹកនាំដ៏ឈ្លាវៃ និងប៉ិន- ប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺ កូវីដ-១៩ តាមរយៈការអនុវត្តយុទ្ធសាស្ត្របីជាសំខាន់គឺ ទប់ស្កាត់ ព្យាបាល និងចាក់វ៉ាក់សាំង ជាពិសេសការអនុវត្តន៍នូវគោលនយោបាយ រក្សាលំនឹងជីវភាពប្រជាជន និងធុរកិច្ចនៅគ្រប់វិស័យ។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ទន្ទឹមនឹងសមិទ្ធផលដែលខេត្ត សម្រេចបាន នេះ រដ្ឋបាលខេត្តក៏បានជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដែលស្នើសុំគណៈកម្មការរដ្ឋសភាជួយធ្វើអន្តរាគមន៍ដោះស្រាយផងដែរ។
ក្រោយពីបានស្តាប់នូវការរាយការណ៍របស់ឯកឧត្តម អភិបាលខេត្ត ក៏ដូចជាលោក លោកស្រី ដែលជាប្រធានមន្ទីរជំនាញពាក់ព័ន្ធរួចមក ឯកឧត្តម ទ្បូយ សុផាត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ក្នុងការជួយសម្រួលរាល់ ការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសខិតខំធ្វើការទាក់ទាញនូវអ្នកវិនិយោគអោយមកបណ្តាក់ទុននៅក្នុងខេត្តកំពង់ស្ពឺ ឱ្យកាន់តែច្រើនថែមទៀត ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ និងជាការជួយកាត់បន្ថយការលំបាករបស់ពួកគាត់ផងដែរ។
ឯកឧត្តមប្រធានគណៈកម្មការរដ្ឋសភា ក៏បានកត់សម្គាល់នូវបញ្ហាប្រឈមដែលខេត្តបានជួបប្រទះ ដោយបានលើកទឹកចិត្ត និងជំរុញ ដល់ថ្នាក់ដឹកនាំខេត្ត និងសហការីទាំងអស់ រួមគ្នាខិតខំបំពេញការងារបន្ថែមទៀត ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមទាំងនោះ។ ចំណែកគណៈកម្មការក៏នឹងពាំនាំយកបញ្ហាប្រឈមទាំងនេះ ជម្រាបជូនសម្តេចប្រធានរដ្ឋសភា ដើម្បីធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាល ជួយដោះស្រាយឲ្យបានទាន់ពេលវេលា ដើម្បីឲ្យខេត្តមានលទ្ធភាពពេញលេញ ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងផលប្រ- យោជន៍របស់ប្រទេសជាតិ។
បន្ទាប់មកនារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា រួមដំណើរដោយ ឯកឧត្តម សុខ ប៊ន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ស្ពឺ ព្រមទាំងតំណាងក្រសួងពាក់ព័ន្ធ បានអញ្ជើញចុះជួបសំណេះ- សំណាលជាមួយតំណាងក្រុមហ៊ុនគីរីរម្យ ហ៊្វូដ ប្រដាក់សិន (ខេ.អេហ្វ.ភី) និងបានអញ្ជើញចុះទស្សនកិច្ចសិក្សាស្វែងយល់ពីខ្សែសង្វាក់ ផលិតកម្មរបស់រោងចក្រកែឆ្នៃស្វាយកែវល្មៀត ស្ថិតនៅក្នុងភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន