សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Ismail Sabri Bin YAAKOB) នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានរដ្ឋសភា នៅពេលឯកឧត្តមបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា ពីថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។
ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ វត្តមាន ឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានចាត់ទុកដំណើរទស្សនកិច្ចនាពេលនេះ នឹងរួម ចំណែកបន្ថែម ក្នុងការពូនជ្រុំលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិទាំងពីរ ដែលមានជាង៦០ឆ្នាំ មកនេះឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។
ក្រៅពីការថ្លែងអំណរគុណចំពោះម៉ាឡេស៊ី ដែលជួយគំាទ្រកម្ពុជានៅក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រទេសរហូតមក សម្តេច ប្រធានរដ្ឋសភា បានស្នើដល់ភាគីម៉ាឡេស៊ីជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ពីប្រទេសម៉ាឡេស៊ី មកកម្ពុជាបន្ថែម ទៀត។ ជាមួយគ្នានេះ សម្តេចបានស្នើសូមឯកឧត្តមនាយករដ្ឋមន្រ្តី ពិនិត្យលទ្ធភាពបន្តជួយបណ្តុះបណ្តាលធនធានមនុស្សដល់មន្រ្តី- រាជការ និងនិស្សិតកម្ពុជា ដើម្បីជាការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។
ឯកឧត្តម អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានជម្រាប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពីលទ្ធផលនៃជំនួបពិភាក្សាការងារនា ព្រឹកមិញជាមួយសម្តេចនាយករដ្ឋមន្រ្តី នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងសេចក្តីរីករាយក្រៃលែងដោយសងេ្កតឃើញថា រដ្ឋាភិបាលទាំងពីរមានកិច្ចសហប្រតិ- បត្តិការយ៉ាងល្អជាមួយគ្នា ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ពិសេសក្នុងក្រខណ្ឌអាស៊ាន។ រដ្ឋសភាវាយតំលៃខ្ពស់ចំពោះ រដ្ឋាភិបាល ប្រទេសទាំងពីរ ដែលបានបង្កើតកិច្ចព្រមព្រៀង និងអនុស្សរណៈនានា ជាមួយគ្នា សំដៅត្រួសត្រាយឱ្យមានយន្តការគាំទ្រគ្នាទៅវិញ ទៅមក នៅលើវេទិកាតំបន់ និងអន្តរជាតិ។ រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រកិច្ចសហប្រតិបត្តិការពហុវិស័យ ដែលស្ថាប័ននីតិប្រតិបត្តិ នៃប្រទេសទាំងពីរ បានធ្វើរួមគ្នា និងសូមលើកទឹកចិត្តឱ្យបង្កើនកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត ស្របតាមការវិវឌ្ឍន៍នៃសភាពការណ៍ សកលលោកបច្ចុប្បន្ន។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងម៉ាឡេស៊ី បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា យ៉ាងច្រើនផងដែរ តាមរយៈការគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាអន្តរសភាតំបន់ និងសកលលោក មានដូចជា AIPA និង IPU ជាដើម នោះ។
ឯកឧត្តម អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានថ្លែងអំណរគុណចំពោះ សម្តេចប្រធានរដ្ឋសភា ដែលបានជំរុញទំនាក់ទំនងកិច្ចសហប្រតិ- បត្តិការ រវាងរដ្ឋសភាប្រទេសទាំងពីរតាមរយៈក្រុមមិត្តភាពសភាកម្ពុជា-ម៉ាឡេស៊ី។ នៅចុងបញ្ចប់ ឯកឧត្តមនាយករដ្ឋមន្រ្តី បានគោរព អញ្ជើញសម្តេចប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី តាមពេលវេលាសមស្រប ណាមួយ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន