“យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ #Girl2Leader” នៅឆ្នាំនេះ ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយស្ត្រី បានរៀបចំធ្វើ ឡើងនៅក្នុងវិទ្យាល័យ ហ៊ុន សែន កោះអណ្តែត ស្ថិតនៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីលោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា និងជាអនុប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី។
លោកជំទាវ និន សាផុន បានមានប្រសាសន៍ថា យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណង ផ្តល់ការណែនាំអំពីជីវិតនយោបាយផ្ទាល់ខ្លួន របស់សមាជិកាសភាកម្ពុជាជាស្ត្រី ទៅដល់នារីវ័យក្មេង និងបង្ហាញនារីវ័យក្មេងថា នយោបាយគឺជាការងាររបស់ស្ត្រី និងជំរុញឱ្យនារីវ័យ- ក្មេងពិចារណាពីអនាគតក្នុងភាពជាអ្នកដឹកនាំ ក៏ដូចជាការចូលរួមក្នុងនយោបាយកាន់តែច្រើន ដើម្បីសម្រេចបាននូវសមភាពយេនឌ័រ និងសំដៅជំរុញឱ្យនារីវ័យក្មេងអាចកសាងទំនុកចិត្តលើខ្លួនឯងកាន់តែខ្ពស់ មានក្តីសុបិន្តធំ និងយកគម្រូតាមអ្នកនយោបាយជាស្ត្រី។
លោកជំទាវ និន សាផុន បានគូសបញ្ជាក់ទៅកាន់ក្មួយៗជានារីវ័យក្មេង ត្រូវចងចាំថា ក្មួយៗត្រូវតែហ៊ានសុបិន ហើយត្រូវព្យាយាម ក្នុងការប្រែក្លាយសុបិននោះឱ្យទៅជាការពិត។
យុទ្ធនាការនេះ មានការចូលរួមពី លោកជំទាវ នូ សុវណ្ណនី តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាសមាជិកាគណៈកម្មការទី៩ នៃរដ្ឋសភា ក្រុមការងារមជ្ឈមណ្ឌលសភាអាស៊ី ស្ត្រីនៅមូលដ្ឋានធ្វើការអំពីសមភាពយេនឌ័រ មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា អង្គភាពពាក់ព័ន្ធមួយចំនួនជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅក្នុងស្រុកកោះអណ្តែត ប្រមាណជាង ២៥០នាក់។
វាគ្មិនដែលបានចូលរួមបានលើកឡើងពីប្រធានបទផ្សេងៗគ្នា ជាមួយនឹងការចែករំលែកពីបទពិសោធន៍ការងារផ្ទាល់ខ្លួនកន្លងមក រហូត បានក្លាយជាសមាជិកាសភា និងបានក្លាយជាអ្នកធ្វើសេចក្តីសម្រេចនៅក្នុងស្ថាប័ន ឬអង្គភាពរបស់ខ្លួន បង្ហាញអំពីតួនាទីភារកិច្ចរបស់ សមាជិកាសភា ជាពិសេសតួនាទីភារកិច្ចរបស់ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រីក្នុងភាពជាអ្នកដឹកនាំ។
កម្មវិធីនេះក៏បានបង្ហាញពីការចូលរួមរបស់ស្ត្រីក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការផ្តល់ភាពអង់អាចដល់ស្ត្រី គន្លឹះក្នុងការកសាងខ្លួន ឆ្ពោះទៅកាន់ភាពជាអ្នកដឹកនាំ បង្ហាញពីបទពិសោធន៍លើការងារតស៊ូ ក្នុងការងារដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី ក្នុងជីវិតរស់នៅ ការចូលរួមរបស់ស្ត្រីក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ និងគោលនយោបាយជាតិឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ លើបញ្ហាសង្គម និង ព័ត៌មាន។
សូមជម្រាបថា នេះគឺជាលើកទី៦ហើយ ដែលក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី បានរៀបចំកម្មវិធីយុទ្ធនាការនារីវ័យក្មេង ឆ្ពោះទៅភាពជាអ្នកដឹកនាំ។ កម្មវិធីនាពេលនេះសហការរៀបចំដោយ អគ្គលេខាធិការដ្ឋានរដ្ឋសភា មជ្ឈមណ្ឌលសភាអាស៊ី និងលេខា- ធិការដ្ឋានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី “ក.ស.ក.ន.ស”៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន




























