ក្នុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារ- ណរដ្ឋសង្គមនិយមវៀតណាម បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ វិមានរដ្ឋសភា នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។
បន្ទាប់ពីជំនួបសម្តែងការគួរសមហើយ សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមប្រធានរដ្ឋ បានអញ្ជើញជាអធិបតីភាពរួមគ្នា នៅក្នុងពិធីបញ្ចុះ បឋមសិលាសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម នៅក្នុងបរិវេណវិមានរដ្ឋសភាផង- ដែរ។
សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ង្វៀន សួនហ៊្វុក និងបានវាយតម្លៃខ្ពស់ចំពោះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ដែលនឹងរួមចំណែកទ្វេដងទៀត ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គី- ភាពជាប្រពៃណី និងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជានាពេលនេះ បានពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស ទាំងពីរ កម្ពុជា-វៀតណាម ដែលមានជាយូរមកហើយនោះ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ទោះបីជាប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ក្តី ក៏កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-វៀតណាម នៅតែប្រព្រឹត្តទៅយ៉ាងល្អប្រសើរលើគ្រប់វិស័យ ជាពិសេសបានចែករំលែកព័ត៌មាន និងជួយគ្នាទៅវិញទៅមក ក្នុងការ ប្រយុទ្ធប្រឆាំងជំងឺនេះ តាមរយៈកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ទាំងថវិកា និងសម្ភារបរិក្ខាពេទ្យ។ ជាមួយគ្នានេះ ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចបានថ្លែងអំណរគុណចំពោះជំនួយជាថវិកាចំនួន ២៥លានដុល្លារអាមេរិក ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម បានផ្តល់ជូនសម្រាប់កសាងអគាររដ្ឋបាលរដ្ឋសភា ដែលបានធ្វើពិធីបញ្ចុះបឋមសិលានាពេលនេះ។
ឯកឧត្តម ង្វៀន សួនហ៊្វុក បានអបអរសាទរចំពោះសមិទ្ធិផលជាប្រវត្តិសាស្ត្រ និងសំខាន់ៗដែលព្រះរាជាណាចក្រកម្ពុជា និងសាធារណ- រដ្ឋសង្គមនិយមវៀតណាម សម្រេចបាននាពេលកន្លងមក ទំាងនៅស្ថាប័ននីតិប្បញ្ញតិ្ត និងនីតិប្រតិបត្តិ។
ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកដ៏សំខាន់របស់សម្តេចប្រធានរដ្ឋសភា នៅក្នុងការជំរុញ និងលើកកម្ពស់ កិច្ចសហ- ប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឲ្យមានការរីកចម្រើនជាលំដាប់។ ឯកឧត្តមប្រធានរដ្ឋសភា បានសម្ដែងនូវការពេញចិត្តចំពោះ ភាពរីកចម្រើនលើគ្រប់វិស័យ ទំាងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ នៃប្រទេសទំាងពីរ និងមានក្តីសង្ឃឹមថាក្រោមកិច្ចសហប្រតិ- បត្តិការជាប្រពៃណី និងបងប្អូននេះ ប្រទេសកម្ពុជា និងវៀតណាម នឹងសម្រេចបានសមិទ្ធិផលធំៗបន្តបន្ទាប់ទៀត។
សូមជម្រាបជូនថា អគាររដ្ឋបាលរដ្ឋសភាថ្មី ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាមនេះ មានកម្ពស់១២ជាន់ និងមានចំណតរថយន្ត ចំនួនពីរជាន់ទៀត ជាសំណង់ដែលប្រកបដោយសោភ័ណភាព នឹងក្លាយជានិមិត្តរូបនៃមិត្តភាព រវាងប្រជាជាតិកម្ពុជា និងប្រជាជាតិ វៀតណាមជារៀងតទៅ។
នៅក្នុងរបាយការណ៍ដែលបានលើកឡើងដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានបង្ហាញថា នៅក្នុងគម្រោង អនុវត្តដ៏ធំ ក្នុងការសាងសង់អគាររដ្ឋបាលថ្មី ដែលជាជំនួយរបស់ប្រទេសវៀតណាមនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចាត់ចែង អនុវត្តទៅតាមផែនការ ដែលមាន៤ដំណាក់កាល គឺការដេញថ្លៃជ្រើសរើសទីប្រឹក្សា បន្ទាប់មកជ្រើសរើសក្រុមហ៊ុន Archetype បានផ្តើម កសាងប្លង់ទំាងឡាយ និងបន្ទាប់មកបានដាក់សុំការអនុញ្ញាតសាងសង់ជូនទៅក្រសួងដែនដីនគរូបនីយកម្ម ដំណាក់កាលទី៣គឺ ដេញថ្លៃ ការសាងសង់អគារ និងការផ្គត់ផ្គង់បរិក្ខាទំាងឡាយ ដែលបានកំពុងអនុវត្ត និងដំណាក់កាលចុងក្រោយគឺត្រូវធ្វើការសាងសង់អគារ និង បំពាក់គ្រឿងបរិក្ខាឲ្យរួចរាល់ក្នុងពេលឲ្យបានឆាប់ជាការល្អ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន