ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបប្រជុំពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មលើមាត្រាមួយចំនួន នៃច្បាប់ស្តីពីការងារ
គណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបប្រជុំពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មលើមាត្រាមួយចំនួន នៃច្បាប់ស្តីពីការងារ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/27/2021 8:16:17 PM )

គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានជួបប្រជុំជាមួយ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធវីដេអូ Zoom ភ្ជាប់ពីវិមានរដ្ឋសភា ទៅកាន់ក្រសួង ដើម្បី ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ "ស្តីពីវិសោធនកម្ម មាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ មាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ"។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថា បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រគល់ភារកិច្ចជូនគណៈកម្មការ ក្នុងការ ពិនិត្យលើសេចក្តីព្រាងវិសោធនកម្ម មាត្រាមួយចំនួន នៃច្បាប់ស្ដីពីការងារ គណៈកម្មការបានធ្វើការប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យលើសេចក្តី ព្រាងច្បាប់ដែលត្រូវធ្វើវិសោធនកម្មទាំង ៨មាត្រា និងពិនិត្យលើសេចក្តីថ្លែងហេតុផងដែរ។

លោកជំទាវ ឡោក ខេង បានលើកឡើងថា ច្បាប់ស្តីពីការងារនេះគឺជាក្របខ័ណ្ឌគតិយុត្តមួយដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិការងារ និងភាពសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងខិតខំអភិវឌ្ឍវិស័យការងារ ដោយ ផ្សារភ្ជាប់ជាមួយពាណិជ្ជកម្មជាតិ អន្តរជាតិ តាមរយៈភាពរីកចម្រើន នៃការវិនិយោគលើវិស័យឯកជន ជាពិសេសវិស័យឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ និងការផលិតស្បែកជើង។ល។

លោកជំទាវបានបន្តទៀតថា ច្បាប់ស្តីពីការងារនេះ ត្រូវបានធ្វើវិសោធនកម្មចំនួន២លើករួចមកហើយ គឺនៅឆ្នាំ២០០៧ ធ្វើវិសោធនកម្ម ពាក់ព័ន្ធនឹងអត្រាប្រាក់ឈ្នួលបន្ថែមម៉ោង និងការងារពេលយប់ និងនៅឆ្នាំ២០១៨ បានធ្វើវិសោធនកម្មពាក់ព័ន្ធនឹងប្រាក់បំណាច់អតីត- ភាពការងារ។ ច្បាប់នេះបានជួយដល់បងប្អូនកម្មករដែលធ្វើការវេនយប់ទទួលបានប្រាក់បៀវត្ស៍រហូតឡើងដល់១៣០% នៃប្រាក់ខែ។

ឯកឧត្តមបណ្ឌិត អុិត សំហេង បានមានប្រសាសន៍ថា ការធ្វើវិសោធនកម្មលើសេចក្តីព្រាងច្បាប់ស្ដីពីការងារនាពេលនេះ គឺផ្ដើមចេញពី កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់សេដ្ឋកិច្ច សង្គមក្នុងបរិបទថ្មី នៃសកលភាវូបនីយកម្ម គឺបដិវត្តបច្ចេកវិទ្យាមាន ការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលឈានដល់ចំណុច៤.០ គឺតម្រូវឲ្យមានធនធានមនុស្ស និងលក្ខខណ្ឌការងារ ដែលអាចមានការប្រកួត ប្រជែងមួយ ដើម្បីទាក់ទាញការវិនិយោគពីខាងក្រៅ។ ម្យ៉ាងទៀតផ្អែកទៅលើបរិបទនៃសេដ្ឋកិច្ចសង្គម ដែលមានភាពប្រកួតប្រជែងក្នុង ការទាក់ទាញវិនិយោគ កំពុងមានភាពស្រួចស្រាវនេះ គឺយើងត្រូវពិនិត្យមើលពីលក្ខខ័ណ្ឌការងាររបស់ប្រទេសយើង ដែលខ្ពស់ជាងគេ ការឈប់ប្រចាំឆ្នាំច្រើន និងប្រាក់ឈ្នួលយើងខ្ពស់ជាងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន មិនត្រឹមតែប៉ុណ្ណោះ ប្រទេសជិតខាងខ្លះ មានកម្លាំងពលកម្មច្រើនជាងប្រទេសយើងទៀតផង។

ឯកឧត្តមបណ្ឌិត អុិត សំហេង បានបន្តថា ច្បាប់ស្តីពីការងារ គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិការងារ និង ភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងតាមរយៈវិសោធនកម្មច្បាប់ស្តីពីការងារ និងការអនុវត្តច្បាប់នេះ ក្នុងរយៈពេល២ទសវត្ស ចុងក្រោយនេះ ពិតជាបាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិ- បាលកម្ពុជា ដោយបានផ្តល់នូវជំនឿទុកចិត្តដល់សាធារណៈជនជាតិ និងអន្តរជាតិ មកលើព្រះរាជាណាចក្រកម្ពុជា ក្នុងការគោរពសិទ្ធិ ការងារ និងបានធ្វើឲ្យលំហូរនៃការវិនិយោគវិស័យឯកជន មានការកើនឡើងជាបន្តបន្ទាប់ ដែលការណ៍នេះបាននាំមកនូវការអភិវឌ្ឍ វិស័យសង្គម-សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាកាន់តែរីកចម្រើនទៅមុខជាលំដាប់។

បន្ទាប់ពីបានស្ដាប់ការពន្យល់បកស្រាយរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរួចមក គណៈកម្មការរដ្ឋសភា បានឯកភាពសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ "ស្តីពីវិសោធនកម្ម មាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ មាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ" ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីពិនិត្យដាក់បញ្ចូលក្នុង របៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន