គណៈកម្មការជំនាញនៃរដ្ឋសភា សិក្សាស្វែងយល់ពីសកម្មភាពការងារ និងបញ្ហាប្រឈម របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍__ ឯកឧត្តម ឈាង វុន ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម__ សារលិខិតអបអរសាទរ របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា__ សារលិខិតអបអរសាទរ របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ជូនចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា__ គណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបប្រជុំពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មលើមាត្រាមួយចំនួន នៃច្បាប់ស្តីពីការងារ__ សភាកម្ពុជាត្រៀមរៀបចំសន្និសីទលើកទី៨នៃគណៈកម្មការកិច្ចការបរទេសសភា កម្ពុជា ឡាវ វៀតណាម__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់៣មកពិនិត្យសិក្សា និងបានបញ្ចូលសេចក្តីព្រាងច្បាប់ចំនួន៤ ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ__ សេចក្តីប្រកាសព័ត៌មាន ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាមួយមជ្ឈមណ្ឌលសភាអាស៊ី (PCAsia)__ សភាកម្ពុជាចូលរួមប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការសង្គម និងវប្បធម៌ នៃសភាតំបន់អាស៊ី(APA)__ សភាកម្ពុជារៀបចំសមាសភាពគណៈប្រតិភូ សម្រាប់ចូលរួមក្នុងមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤២ ដែលរៀបចំដោយសភានៃប្រទេសប្រ៊ុយណេ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » វឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៥៥,០៥% ហើយ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១
វឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៥៥,០៥% ហើយ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/21/2021 6:18:20 AM )

នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា និង ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូចំរុះ ចុះបំពេញ បេសកកម្មពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញ ពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ។

គម្រោងផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដំណើរការសាងសង់សម្រេចបាន ៥៥,០៥% ហើយ និងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះតភ្ជាប់ពីភូមិ១សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកា ប្រមាណ ២០១៩លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែង ឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។

គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុគឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុត នៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោង មកត្រឹមតែពីរម៉ោង ប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារ កម្មផងដែរ។

គួរកត់សម្គាល់ថា៖ ក្រុមហ៊ុនបានដាក់ចេញគោលដៅទាំង៧ លើការទទួលខុសត្រូវផ្នែកសង្គមអ្នក វិនិយោគ (Corporate Social Responsibility) ដើម្បីគ្រប់គ្រងគម្រោងគឺ៖ សុវត្ថិភាព គុណភាព ប្រសិទ្ធភាព នវានុវត្តន៍ ការដ្ឋានសាងសង់ឆ្លាតវៃ ការការពារបរិស្ថាន និងការយកចិត្តទុកដាក់ចំពោះធន ធានមនុស្ស៖

១-គុណភាព

២-សុវត្ថិភាព៖ គុណភាព និងសុវត្ថិភាព គឺជាបេះដូងរបស់គម្រោង។ ប្រព័ន្ធគ្រប់គ្រង និងស្តង់ដារ ការងារ ដែលមានគុណភាពខ្ពស់ ព្រមទាំងផ្តោតលើប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃ គុណភាព និងប្រើប្រាស់ បច្ចេកវិទ្យាទំនើបៗ

៣-ប្រសិទ្ធភាព៖ គម្រោងបានកំពុងប្រើប្រាស់ផែនការរួមមួយ ព្រមទាំងបានប្រើប្រាស់នូវវិធីសាស្រ្តដែល មានលក្ខណៈវិទ្យាសាស្រ្ត និងការ ប្រើប្រាស់ធនធានល្អៗ

៤-ការការពារបរិស្ថាន៖ ជាមួយការអភិវឌ្ឍប្រកបដោយចីរភាព ដោយប្រើប្រាស់បច្ចេកវិទ្យា និងសម្ភារ នានា ដែលមិនបង្កផលប៉ះពាល់ ដល់បរិស្ថាន

៥-ឱកាសការងារ៖ ពលរដ្ឋកម្ពុជាចំនួន ៣ ២៣៩នាក់ កំពុងបម្រើ ការងារក្នុងគម្រោងស្មើនឹង៧៨%នៃ កម្លាំងពលកម្មសរុប៤ ១៥៣នាក់ (ចិន៩១៤នាក់)

៦-ការផ្ទេរនូវបច្ចេកវិទ្យា៖ កំណត់ចក្ខុវិស័យរយៈពេលវែងសម្រាប់ការអភិវឌ្ឍ នាំយកនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីសាងសង់បណ្តុះបណ្តាល ជំនាញ និងផ្ទេរបច្ចេកវិទ្យាថ្មីៗ ជូនប្រជាពលរដ្ឋកម្ពុជា

៧-សុខមាលភាពសាធារណៈ៖ ក្រុមហ៊ុនគោរពនូវវប្បធម៌របស់ម្ចាស់ប្រទេស និងយកចិត្តទុកដាក់ចំពោះ សុខមាលភាពសាធារណៈ និង គាំទ្រជានិច្ចចំពោះការអប់រំ និងបានត្រៀមខ្លួនចូលរួមចំណែកកសាងនូវ សង្គម និងសហគមន៍។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ យើងកសាងផ្លូវល្បឿនលឿន ដោយសារសេដ្ឋកិច្ចជាតិមានការរីកចម្រើន ហើយសេដ្ឋកិច្ចមានការរីក ចម្រើន គឺដោយសារកត្តាសុខសន្តិភាព បើគ្មានសុខសន្តិភាពទេ យើងមិនអាចឈរនៅទីនេះមើល ការងារសាងសង់ផ្លូវល្បឿនលឿនបានទេ ដូច្នេះកត្តាសុខសន្តិភាពជាកត្តាដ៏សំខាន់បំផុតមិនអាចកាត់ថ្លៃ បាន ហើយយើងគ្រប់រូបត្រូវរួបរួមគ្នា សាមគ្គីគ្នា ការពារសុខសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានជាដាច់ខាត ដើម្បីកសាងប្រទេសជាតិ មាតុភូមិយើងឱ្យបានរុងរឿង ថែមទៀត។

ជាមួយគ្នានេះផងដែរ លោកជំទាវ និន សាផុន បានសម្តែងនូវមោទនភាពយ៉ាងក្រៃលែង ដែលបានឃើញការអភិវឌ្ឍយ៉ាងឆាប់រហ័ស នូវផ្លូវល្បឿនលឿនដែលជាផ្លូវទីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ជាផ្លូវដែល មានដំណើរទិសពីរាជធានីភ្នំពេញទៅកាន់កំពង់ផែសមុទ្រ របស់យើង និងបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ធ្វើឱ្យផ្លូវល្បឿនលឿន ទីមួយនេះលេចជារូបរាងឡើង។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងសុខាភិបាល តាមរយៈ លោកជំទាវ ឱ វណ្ណឌីន ដែលបានអនុញ្ញាតឱ្យកម្មករ កម្មការិនីនៃគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុប្រមាណជាង២ ៧០០នាក់ ស្មើនឹង៦៦% បានចាក់វ៉ាក់សាំង ដូសទីពីរ ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ពន្លឿនការងារសាងសង់របស់ខ្លួនឱ្យបានចប់ សព្វគ្រប់នៅខែកញ្ញា ឆ្នាំ២០២២ និងបានសំណូមពរឱ្យក្រុមហ៊ុនពិនិត្យ លទ្ធភាពអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង ដើម្បីបាន ស្វែងយល់ពីផ្លូវនេះ។

ឆ្លើយតបទៅកាន់សំណួររបស់បងប្អូនប្រជាពលរដ្ឋដែលលើកឡើងក្នុងទំព័រហ្វេសប៊ុកក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ផ្លូវនេះមានរបងបិទជិតសងខាងផ្លូវ គោក្របីមិនឆ្លងកាត់បានទេ និងអាចបើកបានក្នុងល្បឿន១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេល វេលាធ្វើដំណើរប្រមាណ ពីរម៉ោងអាចទៅដល់ក្រុងព្រះសីហនុ និងសាងសង់តាមលក្ខណៈបច្ចេកទេស។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូន សូមកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិត កំណត់ និងបានសំណូមពរឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់គោរព ច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបច្ចុប្បន្នបានធ្វើឱ្យខាតបង់ថវិកាជាតិអស់ប្រមាណ៣៥០លានដុល្លារអាមេរិក និងសូមចូលរួម ទាំងអស់គ្នា ក្នុងការថែរក្សាផ្លូវថ្នល់របស់យើង ឱ្យបានគង់វង្ស ដើម្បីកាត់បន្ថយការចំណាយថវិការបស់រដ្ឋាភិបាល ដែលរកបានដោយ លំបាក៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន