សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត ត្រូវបានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានលើកយកមកប្រជុំពិនិត្យសិក្សាផ្ទៃក្នុងគណៈកម្មការនៅ រសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។
សេចក្តីព្រាងច្បាប់នេះ មាន៦ជំពូក ចែកចេញជា១៨មាត្រា។ លោកជំទាវប្រធានគណៈកម្មការ បានស្នើឲ្យ ឯកឧត្តម លោកជំទាវ នៅក្នុង គណៈកម្មការធ្វើការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់នេះ ឲ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ក្នុងករណីមានចំណុចមន្ទិលមិនច្បាស់ លាស់ គឺអាចទុកយកទៅសាកសួរនៅក្នុងកិច្ចប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលក្នុងពេលឆាប់ៗខាងមុខនេះ។
លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថា ក្នុងបរិការណ៍ ពិភពលោកកំពុងប្រឈមមុខនឹង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាន់តែសាហាវ ស្មុគស្មាញ និងក្នុងទ្រង់ទ្រាយកាន់តែធំ ដែលបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ វិស័យ សេដ្ឋកិច្ច និងសង្គម ជាពិសេសប៉ះពាល់ដល់ជីវភាពរស់នៅជាប្រក្រតីរបស់មនុស្សជាតិ។
សេចក្តីព្រាងច្បាប់នេះ បានកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែលត្រូវអនុវត្តន៍ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ន និង ពេលអនាគត សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបាន ជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺបែបនេះ ចំពោះវិស័យសេដ្ឋកិច្ច និងសង្គម។
លោកជំទាវប្រធានគណៈកម្មការបន្តថា នៅពេលសេចក្តីព្រាងច្បាប់នេះ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅពេលខាងមុខ វានឹងក្លាយជាមូលដ្ឋានគតិយុត្តមួយរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដល់ការគ្រប់គ្រងស្ថានការណ៍ នៃការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន