ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ការប្រើនីតិវិធីដោះស្រាយជម្លោះដីធ្លី ក្រៅប្រព័ន្ធតុលាការនៅក្នុងខេត្តពោធិ៍សាត់កន្លងមក ទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់ និងបានធ្វើឲ្យគូទំនាស់ទទួលយកបានទាំង សងខាង។ ឯកឧត្ដមបានបន្ថែមថា ក្រៅពីនីតិវិធីដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការហើយនោះ ខេត្តពោធិ៍សាត់កន្លងមកក៏បាន ប្រើយន្តការជាច្រើនផ្សេងទៀត សម្រាប់សម្របសម្រួល និងដោះស្រាយ ដូចជា តាមរយៈអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី តាមរយៈ គណៈកម្មការសុរិយោដី និងប្រើនីតិវិធីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ហើយបំពេញឯកសារ និងចុះស្រាវជ្រាវដល់ទីតាំងជាក់ស្តែង ជាដើម។
ឯកឧត្ដមអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ ដូចខាងលើ នៅក្នុងឱកាសទទួលស្វាគមន៍ និងជួបប្រជុំជាមួយ គណៈប្រតិភូ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការ ដែលបានដឹកនាំសហការីចុះសិក្សាស្វែងយល់អំពីភាពរីកចម្រើនរបស់ខេត្ត បញ្ហាប្រឈម និងយន្តការដោះស្រាយ ទំនាស់ដីធ្លីនៅក្នុងខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។
កិច្ចប្រជុំពិភាក្សាការងារនេះ បានធ្វើឡើងនៅនៅសាលាស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានការចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធាន ក្រុមប្រឹក្សាខេត្ត និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការរដ្ឋសភា បានមានប្រសាសន៍ជម្រាបជូនរដ្ឋបាលខេត្ត ពីគោលបំណងនៃ បេសកកម្មរបស់គណៈកម្មការ និងតួនាទីភារកិច្ចរបស់រដ្ឋសភា ជាពិសេស តួនាទីភារកិច្ចរបស់គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យ បណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ជូនដល់រដ្ឋបាលខេត្តបានជ្រាប។
ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ក៏បានមានប្រសាសន៍ជម្រាបជូនគណៈកម្មការរដ្ឋសភា អំពីសកម្មភាពការងារទូទៅដែលរដ្ឋបាលខេត្តបាន អនុវត្តកន្លងមក ពីសក្ដានុពលរបស់ខេត្ត និងសមិទ្ធផលទាំងឡាយ ដែលខេត្តពោធិ៍សាត់សម្រេចបាន ក្រោមកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ បានធ្វើឲ្យប្រទេសជាតិមានសុខ សន្តិភាពពេញលេញ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងជាលំដាប់ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
ក្រៅពីបានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ស្នើសុំគណៈកម្មការរដ្ឋសភា ជួយអន្តរាគមន៍ដោះស្រាយ ឯកឧត្តម អភិបាលខេត្ត ពោធិ៍សាត់ ក៏បានជម្រាបជូនពីការយកចិត្តទុកដាក់របស់ខេត្ត ចំពោះការចូលរួមក្នុងការទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ដែល ខេត្តបានចាត់វិធានធ្វើការផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយត្រូវ ធ្វើអនាម័យលាងសម្អាតដៃជាប្រចាំជាមួយអាល់កុល ឬសាប៊ូ និងទឹកស្អាត ព្រមទាំងពាក់ម៉ាស់ពេលចេញទៅកន្លែងទីប្រជុំជនជាដើម។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការ បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះរដ្ឋបាលខេត្ត ដែលបានយកចិត្តទុកដាក់ បម្រើសេវា និងដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ និងធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយភាពសុខដុមរមនា។
ឯកឧត្តមប្រធានគណៈកម្មការ ក៏បានទទួលយកសំណើរបស់ខេត្ត ដែលបានលើកឡើងយកទៅជម្រាបជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ដោះស្រាយតាមនីតិវិធីរបស់រដ្ឋសភា។ បន្ទាប់មកគណៈប្រតិភូរដ្ឋសភា ក៏បាន អញ្ជើញចុះទៅមើលផ្លូវមួយខ្សែតភ្ជាប់ទៅច្រកព្រំដែនស្ពានជ័យជំនះ ស្ថិតក្នុងស្រុកវាលវែង ដែលបានស្ថាបនារួចរាល់ និងដាក់ឲ្យប្រើ- ប្រាស់រួចហើយ ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន