គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការ បានអញ្ជើញចុះទៅសិក្សាស្វែងយល់ពីសមិទ្ធផលការងារ បញ្ហាប្រឈម និងយន្តការដោះស្រាយទំនាស់ ដីធ្លីរបស់រដ្ឋបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។
នៅក្នុងឱកាសជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ុន ឆាលី សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ សុទ្ធី អភិបាលរងនៃ គណៈអភិបាលខេត្តកោះកុង និងមន្ទីរពាក់ព័ន្ធ នៅសាលាខេត្តកោះកុង ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ជម្រាបជូនដល់រដ្ឋបាល ខេត្តកោះកុងបានយល់ដឹងផងដែរ អំពីតួនាទីភារកិច្ចសំខាន់ៗទាំងបីដែលជាការងារស្នូលរបស់រដ្ឋសភាត្រូវបំពេញ មានដូចជា ១.ការងារ នីតិកម្ម ២.ការត្រួតពិនិត្យតាមដានការអនុវត្តច្បាប់ និង៣.ភាពជាអ្នកតំណាងរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមប្រធានគណៈកម្មការរដ្ឋសភា បានមានប្រសាសន៍ជម្រាបជូន ពីគោលបំណងនៃបេសកកម្មរបស់គណៈកម្មការ មកកាន់ខេត្ត កោះកុងនាពេលនេះ ថាក្រៅពីស្វែងយល់ពីភាពរីកចម្រើន និងបញ្ហាប្រឈម នៅក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងដំណើរការ នៃការគោរពសិទ្ធិមនុស្សនៅក្នុងខេត្តកោះកុងហើយនោះ គណៈកម្មការក៏ចង់ស្វែងយល់ អំពីយន្តការដោះស្រាយទំនាស់ ដីធ្លីនៅក្នុងខេត្តនេះផងដែរ ដោយហេតុថា នៅក្នុងឆ្នាំ២០២០កន្លងទៅ គណៈកម្មការរបស់ឯកឧត្ដម បានទទួលពាក្យបណ្តឹងសរុបពី ប្រជាពលរដ្ឋនៅទូទាំងប្រទេស ចំនួន៩៧ករណី គណៈកម្មការបានចាត់ការតាមនីតិវិធីបានមួយចំនួនហើយ នៅសល់មួយចំនួនទៀត កំពុងសិក្សាស្វែងយល់បន្ថែម ដើម្បីធ្វើអន្តរាគមន៍រកដំណោះស្រាយបន្តទៀត។
ឯកឧត្តម សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ឲ្យដឹងថា ដោយអនុវត្តតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខេត្តកោះកុងអភិវឌ្ឍន៍បានសមិទ្ធិផលធំៗជាច្រើន ដែលបានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជា- ពលរដ្ឋក្នុងខេត្តមានការប្រែប្រួលរីកចម្រើនជាលំដាប់និងមានភាពស៊ីវិល័យ ហើយអត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។
ឯកឧត្តមអភិបាលរងខេត្តបានបន្តទៀតថា ខេត្តបានធ្វើការកែលំអហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្ត តាំងពីទីប្រជុំជនរហូតដល់ជនបទ មានការកសាងរមណីយដ្ឋានទេសចរណ៍តាមសហគមន៍ និងមានការសាងសង់ផែសមុទ្រទឹកជ្រៅបន្ថែមទៀត។ ឯកឧត្តមក៏បានជម្រាប ជូនគណៈកម្មការរដ្ឋសភា អំពីយន្តការដោះស្រាយវិវាទដីធ្លីនៅក្នុងខេត្តកោះកុង ដោយខេត្តបានធ្វើការសម្របសម្រួលដោះស្រាយវិវាទ ដីធ្លីជូនប្រជាពលរដ្ឋទៅតាមយន្តការជាច្រើន ដូចជា ១.អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី ២.អនុគណៈកម្មការសុរិយោដី និង៣.នីតិវិធី ទទួលពាក្យបណ្តឹង បំពេញឯកសារ និងចុះស្រាវជ្រាវដល់ទីតាំងជាក់ស្តែង។
រដ្ឋបាលខេត្តក៏បានលើកឡើងពីបញ្ហាប្រឈមជាច្រើន លើករណីទំនាស់ដីធ្លីដែលតែងតែកើតមានជាហូរហែរ ដែលបង្កឡើងដោយក្រុម មនុស្សមួយចំនួនតូច និងការលក់ដីជាន់គ្នារបស់អ្នកគួកជេរដីជាដើម។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលខេត្តកោះកុង ដែលបានខិតខំយកចិត្ត- ទុកដាក់បម្រើសេវា និងដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ ប្រកបដោយភាពសុខដុមរមនា ក្នុងសង្គម។ ឯកឧត្តមប្រធានគណៈកម្មការ បានធ្វើការកត់សម្គាល់លើបញ្ហាប្រឈមទាំងអស់ ដែលខេត្តបានលើកឡើង ដោយគណៈ- កម្មការនឹងនាំយកបញ្ហាទាំងនោះ ទៅជម្រាបជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ ដោះស្រាយតាមនីតិវិធីរបស់រដ្ឋសភា៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន