រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឥណ្ឌាបង្ហាញគម្រោងជំនួយ និងវិនិយោគជាច្រើននៅកម្ពុជា
ឥណ្ឌាបង្ហាញគម្រោងជំនួយ និងវិនិយោគជាច្រើននៅកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/19/2021 9:04:00 PM )

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកជំទាវបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (H.E. Mrs. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត ដែលទើបតែងតាំងថ្មី នៃសាធារណរដ្ឋឥណ្ឌា ប្រចំា នៅព្រះរាជាណាចក្រកម្ពុជា បានជម្រាបសម្តេចពីគម្រោងជំនួយ និងការវិនិយោគជាច្រើន របស់ប្រទេសឥណ្ឌាមកកម្ពុជា។ ពិសេស លោកជំទាវ បានប្តេជ្ញាចិត្តនៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណីដែលមានតំាងពីយូរលង់ណាស់មក ហើយរវាងប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំថែមទៀតទំាងនៅស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

នៅក្នុងជំនួបសវនាការ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ លោកជំទាវបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ បានលើកឡើងថា ឥណ្ឌា មានគម្រោងចូលរួមជួយជួសជុលអភិរក្សប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក ចូលរួមជំរុញលើកកម្ពស់ការប្រើប្រាស់ទឹក ស្អាតនៅជនបទ និងជួយដល់វិស័យសុខាភិបាល ការប្រយុទ្ធប្រឆំាងជំងឺគ្រុនចាញ់ និងការកសាងសមត្ថភាពសមាជិក សមាជិកាសភា និងមន្រ្តីរាជការ ជាដើម។

ជាមួយគ្នានេះ លោកជំទាវបានប្តេជ្ញាថា នឹងខិតខំជំរុញដល់អ្នកវិនិយោគិនពីប្រទេសឥណ្ឌា មកបណ្ដាក់ទុននៅកម្ពុជា ក្នុងវិស័យសុខា- ភិបាល ជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ។ លោកជំទាវឯកអគ្គរដ្ឋទូតបានជម្រាបសម្តេចដែរថា ឥណ្ឌានឹងលើកកម្ពស់ ការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមបែបឌីជីថល នៅក្នុងនោះមាន ប្រជាជនកម្ពុជា និងប្រជាជនឥណ្ឌា ប្រជាជនឥណ្ឌា និង ប្រជាជនក្នុងតំបន់អាស៊ាន ហើយឥណ្ឌានឹងកសាងផ្លូវគមនាគមន៍ដ៏ធំមកកាន់បណ្តាប្រទេសសមាជិកអាស៊ានផងដែរ។

លោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាប សម្តេចប្រធានរដ្ឋសភា ដែរថា ចំពោះសំណើរបស់ សម្តេចនាយករដ្ឋមន្រ្តី ដែលបានស្នើដល់ ប្រទេសឥណ្ឌាជួយផ្តល់ជំនួយមនុស្សធម៌ វ៉ាក់សំាងការពារកូវីដ១៩ ដល់ប្រទេសកម្ពុជានោះ លោកជំទាវនឹងរាយការណ៍ជូនថ្នាក់ដឹកនាំ ឥណ្ឌាបានជ្រាប និងសម្រេចនៅក្នុងកិច្ចការនេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគំាទ្របេសកកម្មការទូតថ្មីរបស់ លោកជំទាវ នៅកម្ពុជា។ សម្តេច បានលើកឡើងថា បេសកកម្មនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិ- ការ រវាងប្រទេសយើងទំាងពីរដែលមានស្រាប់ ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតថែមទៀត។

កម្ពុជា-ឥណ្ឌា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតនេះជាមួយគ្នា ជាយូរយារណាស់មកហើយ ទាំងផ្នែកសិល្បៈ វប្បធម៌ និងជំនឿសាសនា។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ឥណ្ឌាជាប្រទេសមួយ ក្នុងចំណោមប្រទេសមិនច្រើនទេ ដែលបានគំាទ្រដល់រដ្ឋាភិបាលកម្ពុជា នៅក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ខណៈប្រទេសជាច្រើន ពិសេសប្រទេសលោកខាងលិច បានហ៊ុមព័ទ្ធសេដ្ឋកិច្ចកម្ពុជា។

សម្តេចបានលើកឡើងថា រដ្ឋសភាកម្ពុជា មានការពេញចិត្ត ដោយសង្កេតឃើញពីវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគី រវាងប្រទេសយើងទំាងពីរ កម្ពុជា-ឥណ្ឌា មានការរីកចម្រើនឥតឈប់ឈរ ទំាងវិស័យ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌា ដែលរយៈពេលកន្លងមកនេះ បានជួយបណ្តុះបណ្តាលធនធានមនុស្សរយៈពេលខ្លី និងវែង ដល់និស្សិត និងមន្រ្តីកម្ពុជា ជាងមួយពាន់នាក់ និងសូមស្នើឥណ្ឌាបន្តជួយ បណ្តុះបណ្តាលជំនាញផ្សេងៗបន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាសូមអបអរសាទរ រដ្ឋាភិបាល ប្រទេសទាំងពីរដែលបានចុះកិច្ចព្រមព្រៀង និងអនុស្សរណៈ ជាមួយគ្នា ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន និងបាន ត្រៀមចុះហត្ថលេខាលើឯកសារសំខាន់ៗជាច្រើនទៀត។

លោកជំទាវ ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ បានស្នើសុំសម្តេចបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងសភាប្រទេសទំាងពីរ ឱ្យកាន់តែ រឹងមាំថែមទៀត និងបានគោរពអញ្ជើញសម្តេចដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាក្រោយពេលជំងឺ កូវីដ១៩ ធូរស្រាល។

សម្តេចប្រធាន បានទទួលយកសំណើនេះ និងបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការជាច្រើនជាមួយរដ្ឋសភា ឥណ្ឌា នៅក្នុងក្របខណ្ឌក្រុមមិត្តភាពសភាទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភា នានា នៅក្នុងតំបន់ និងសកលលោក មានជាអាទិ៍ អន្តរសភាអាស៊ាន និងសហភាពអន្តរសភា(IPU) ជាដើម ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន