សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភា។ កិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
សម័យប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃទី២៩ ខែធ្នូនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តរបៀបវារៈចំនួនពីរ គឺការប្រកាសសុពល- ភាពនៃអាណត្តិតំណាងរាស្រ្តទំាងពីររូប មាន ឯកឧត្តម លី ស៊ុគ្រី ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តតាកែវ ជំនួស ឯកឧត្តម សុខ សូកាន ដែលបានសុំលាលែង និង ឯកឧត្តម សៅ ស៉ារ៉ាត់ ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តប៉ៃលិន ជំនួស លោកជំទាវ បាន ស្រីមុំ ដែលបាន លាលែង។
ក្នុងសម័យប្រជុំរដ្ឋសភានាពេលនោះ នឹងរៀបចំបោះឆ្នោតជ្រើសតំាង ឯកឧត្តម ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងជ្រើសតំាង លោកជំទាវ នូ សុវណ្ណនី ជាសមាជិកាគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន