សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត
រដ្ឋសភាប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/24/2020 8:53:24 PM )

រដ្ឋសភានៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានបន្តសម័យប្រជុំលើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយបានលេីកយករបៀបវារៈចំនួន៧ មកធ្វេីការពិភាក្សា និងអនុម័ត។ នៅក្នុងនោះមាន សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ មួយដែរ។

នៅក្នុងការពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលមាន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ជាអ្នករាយការណ៍ពីលទ្ធផលនៃការពិនិត្យសិក្សា សេចក្តីព្រាងច្បាប់ជូនដល់អង្គសភា និង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ជាអ្នកការពារសេចក្តីព្រាងច្បាប់។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ដែលជំងឺកូវីដ១៩ ដ៏កាចសាហាវ បាននឹងកំពុងយាយីហើយនាំមកនូវផលប៉ះពាល់អវិជ្ជមាន បញ្ហាប្រឈម និងហានិភ័យជាច្រើន ដែលមិនធ្លាប់មានពីមុនមកចំពោះតំបន់ និងសកលលោកទំាងមូល ដោយគ្មានការលើកលែងចំពោះប្រទេសណាមួយឡើយ ព្រមទំាងបានធ្វើឲ្យមនុស្សរាប់លាននាក់ បាត់បង់ ការងារ ធ្លាក់ចុះនូវប្រាក់ចំណូល ហើយប្រជាជនមួយចំនួនធំនៅលើពិភពលោកធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ថវិកាឆ្នាំ២០២១ គឺជាថវិកាប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹង សង្គម សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅ ក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីធានាសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ច ព្រមទំាងភាពប្រកួតប្រជែងរបស់កម្ពុជាជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នឹងរក្សាលំនឹង សង្គម-សេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងការស្ដារ និងជំរុញការងើបឡើងវិញ នូវកំណើន សេដ្ឋកិច្ចក៏ដូចជា ដើម្បីសម្រេចឱ្យបាននូវគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ ពិសេសការជំរុញអនុវត្តកិច្ចការកែទម្រង់គ្រប់វិស័យក្នុងឆ្នាំ២០២១ ដែលជាឆ្នាំពាក់កណ្ដាល អាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ សំដៅឈានទៅសម្រេចបាន នូវបំណងប្រាថ្នារយៈពេលវែងរបស់ប្រទេសកម្ពុជា ដែលចង់ឱ្យ កម្ពុជាក្លាយជាប្រទេសមានមោទនភាពជាតិ មានអនាគតដ៏រុងរឿងភ្លឺស្វាង ត្រចះត្រចង់ និងជារដ្ឋអធិបតេយ្យមួយរឹងមាំ ដែលគោរព ខ្ជាប់ខ្ជួននូវ គោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ និងមានសន្តិភាពពេញលេញ ព្រមទាំងមានកិត្យានុភាពខ្ពស់ត្រដែតលើឆាក អន្តរជាតិ។

តំណាងរាជរដ្ឋាភិបាលបានបន្តថា ថវិកាឆ្នាំ២០២១ ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចជួយរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងបញ្ហា ប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស សំដៅធានាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងការពារអាយុជីវិតប្រជាជនពី ការរាតត្បាតនៃជំងឺកូវីដ១៩ ព្រមទាំងស្ដារនិងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចក្រោយពីវិបត្តិកូវីដ១៩។

សូមជម្រាបថាសេចក្តីព្រាងច្បាប់ទំាង៧ដែលរដ្ឋសភាលើកយកមកពិភាក្សានាពេលនេះ មាន៖

១-សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

២-សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។

៣-សេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ។

៤-សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

៥-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង អាស៊ានស្តីពីការទទួលស្គាល់ទៅវិញទៅមក លើការផ្តល់អាជ្ញាបណ្ណ ក្រុមអាកាសយានិក។

៦-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖

-ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ

-ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណលរវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។

៧-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម។

រដ្ឋសភាបានធ្វើការពិភាក្សាសេចក្តីព្រាងច្បាប់តាមនីតិវិធី និងតាមលំដាប់លំដោយនៃរបៀបវារៈ ដែលបានអនុម័ត។ ចំពោះលទ្ធផលនៃ កិច្ចប្រជុំរដ្ឋសភាថ្ងៃនេះទំាងស្រុង អគ្គលេខាធិការដ្ឋានរដ្ឋសភានឹងចេញសេចក្តីប្រកាសព័ត៌មាន នៅក្រោយសម័យប្រជុំរដ្ឋសភាបានបិទ បញ្ចប់៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន