នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមេភូមិ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និង ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានធ្វើការអំពាវនាវអោយប្រជាពលរដ្ឋស្រុកព្រះស្ដេច ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមថែរក្សា សុខសន្តិភាពដើម្បីទទួលបានការអភិវឌ្ឍជាបន្តទៀត។
ពិធីនេះក៏មានវត្តមាន ឯកឧត្តម ហ៊ឺ ប៉ាវី ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះជួយស្រុកព្រះស្តេច ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែងទាំងអស់ អញ្ជើញចូល រួមផងដែរ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានធ្វើការកោតសរសើរ ចំពោះអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញ ការងារបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានភាពរីកចម្រើន និងមានសុខសុវត្ថិភាព បានធ្វើឲ្យប្រជាពលរដ្ឋមានការពេញចិត្ត និងគាំទ្រយ៉ាងច្រើនលើសលប់ ដែលឆ្លុះបញ្ចាំងបានតាមរយៈលទ្ធផលនៃការបោះឆ្នោត ជូនរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ឲ្យបន្តដឹកនាំ ប្រទេស ដើម្បីថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានណែនាំឲ្យអាជ្ញាធរត្រូវបន្តចូលរួមអនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល ក្នុងការ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ឱ្យបានម៉ត់ចត់។ ទន្ទឹមនឹងនោះ ក៏ត្រូវរក្សាសាមគ្គីភាពនៅក្នុងសហគមន៍ តាមរយៈការបង្ហាញនូវ តម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវារបស់ខ្លួន ជូនប្រជាពលរដ្ឋ ជាពិសេសការកំណត់អត្តសញ្ញាណប្រជាជនក្រីក្រ និងការ ផ្តល់ថវិកាជំនួយសង្គម។
ឯកឧត្តម បានជំរុញអោយអាជ្ញាធរស្រុកព្រះស្តេច លើកទឹកចិត្ត និងបង្កបរិយាកាសដល់ប្រជាពលរដ្ឋ ក្នុងការប្រកបរបរចិញ្ចឹមជីវិត ជាពិសេសការពង្រីកមុខរបរកសិកម្ម ការបង្កបង្កើនផល និងការចិញ្ចឹមសត្វជាដើម។ល។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានស្នើឲ្យអាជ្ញាធរត្រូវបន្តជំរុញអនុវត្តឱ្យបានល្អនូវគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ទំាង៩ចំណុច នៅមូលដ្ឋាន។ ត្រូវយកចិត្តទុកដាក់ តាមដាន និងអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ យុវជន កុមារ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន។ ព្រោះគ្រឿងញៀន បំផ្លាញអាយុជីវិត បំផ្លាញគ្រួសារ និងសង្គមជាតិ។ បន្តលើកកម្ពស់ឱ្យបានល្អប្រសើរការផ្តល់សេវាសាធារណៈជូន ប្រជាពល រដ្ឋនៅមូលដ្ឋាន ដូចជា អត្រានុកូលដ្ឋាន ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការផ្តល់សៀវភៅគ្រួសារ និងសៀវភៅ ស្នាក់នៅ។ល។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានលើកទឹកចិត្តដល់ សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក ឃុំ បន្ត និងជំរុញសកម្មភាព អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ដោយប្រកាន់ខ្ជាប់នូវអំពើល្អ ប្រកបដោយ សេចក្តីថ្លៃថ្នូរ សំដៅត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តឆ្នាំ២០២៣ខាងមុខ ឱ្យទទួលបានជោគជ័យ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តដឹកនាំ និង អភិវឌ្ឍន៍ប្រទេសជាបន្តទៀត ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន