រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភាប្រគល់អំណោយជាអង្ករ មី ទឹកសុទ្ធ ដល់តំណាងរាស្រ្តយកទៅចែកជូនពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង
សម្តេចប្រធានរដ្ឋសភាប្រគល់អំណោយជាអង្ករ មី ទឹកសុទ្ធ ដល់តំណាងរាស្រ្តយកទៅចែកជូនពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/18/2020 6:32:36 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានប្រគល់អំណោយជាអង្ករចំនួន ២០០តោន មីចំនួន២៨០៨កេស ទឹកសុទ្ធចំនួន១៤០០កេស និងត្រីខចំនួន១០០កេស ដល់តំណាងរាស្រ្ត ដើម្បីយកចែកជូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្ត ប៉ៃលិន ជាដើម។

អំណោយទំាងអស់នេះ ជាការចូលរួមចំណែករំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋពីសំណាក់ សម្តេចប្រធានរដ្ឋសភា និង សម្តេចធម្ម វិសុទ្ធវង្សា សៅ ទី ហេងសំរិន ព្រមទំាងទទួលបានពីសប្បុរសជនផ្សេងទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការសោកស្តាយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់អាយុជីវិត ខូចខាតផ្ទះ សម្បែង និងទ្រព្យសម្បត្តិ និងជាពិសេសសម្តេចបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបាត់បង់អាយុជីវិត ដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ។

សម្តេចប្រធានរដ្ឋសភា បានអរគុណ និងកោតសរសើរដល់តំណាងរាស្រ្តទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ សហការជាមួយ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។

ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភ ដល់រាជរដ្ឋាភិបាល ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋយើង ដែលកំពុងរងគ្រោះដោយទឹកជំនន់។

សម្តេចបានលើកឡើងថា “កាយវិការដ៏ប្រពៃទំាងនោះបានបង្ហាញពីវប្បធម៌ចែករំលែក សាមគ្គីភាព និងការរួបរួមគ្នារបស់ប្រជាពលរដ្ឋ កម្ពុជាយើង ដែលជានិច្ចកាលតែងតែជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលយើងជួបគ្រោះអាសន្ន ដូចជាការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាដើម”។

សូមជម្រាបថា ចាប់ពីពេលដែលខេត្តក្រុងមួយចំនូនរបស់កម្ពុជា ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលប៉ុន្មានថ្ងៃមកនេះ សមាជិក សមាជិការដ្ឋសភា បានចុះជួយអន្តរាគមន៍សង្រ្គោះពលរដ្ឋចេញពីតំបន់រងគ្រោះទៅកាន់ទីទួលសុវត្ថិភាព ព្រមទំាងធ្វើសកម្មភាពមនុស្ស- ធម៌ ចែកនូវអំណោយសង្រ្គោះបន្ទាន់ដល់ពលរដ្ឋ នៅតាមមណ្ឌលខេត្តក្រុងដែលជួបគ្រោះធម្មជាតិនេះ បន្តបន្ទាប់ផងដែរ។

ដោយតាមការព្យាករណ៍ ប៉ុន្មានថ្ងៃខាងមុខនេះ រហូតដល់ថ្ងៃទី២១ ខែតុលា ប្រទេសកម្ពុជា អាចប្រឈមនឹងព្យុះនំាមកនូវទឹកភ្លៀងដែល នឹងបន្តឱ្យមានការជន់លិចបន្ថែមទៀត នៅតាមតំបន់ផ្សេងៗទៀតនោះ នៅក្នុងពិធីប្រគល់អំណោយដល់តំណាងរាស្រ្ត នៅឯគេហដ្ឋាន របស់សម្តេចក្នុងរាជធានីភ្នំពេញនេះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ខ្ពស់ ថែមទៀត ជាពិសេសត្រូវថែទាំ និងយកចិត្តទុកដាក់លើកុមារ និងក្មេងតូចៗ ដើម្បីជៀសផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ ជាពិសេស ត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀត លើកុមារ និងក្មេងតូចៗ ដើម្បីជៀសផុតពីការបាត់បង់អាយុជីវិត។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់តំណាងរាស្រ្តទាំងអស់ បន្ដយកចិត្តទុកដាក់តាមដាន ដំណើរវិវត្តន៍នៃចរន្ដ ទឹក សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច សំដៅធ្វើយ៉ាងណារំដោះប្រជាពលរដ្ឋចេញពីតំបន់ដែលរងគ្រោះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកទឹកចិត្តផងដែរ ដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងទាហាន នគរបាល កងរាជអាវុធហត្ថ ប្រជាការពារ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្ដទុកដាក់ការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាម ផ្ទះ ដែលត្រូវជម្លៀសមកទីទួលសុវត្ថិភាព។ ចំណែកក្រុមគ្រូពេទ្យ ត្រូវបន្តតាមដាន និងពិនិត្យព្យាបាលប្រជាពលរដ្ឋ ដែលមានបញ្ហា សុខភាពនៅពេលនេះឲ្យបានល្អ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន