សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភា ជួបប្រជុំពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ចំនួនពីរ ជាមួយក្រសួងពាណិជ្ជកម្ម
គណៈកម្មការរដ្ឋសភា ជួបប្រជុំពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ចំនួនពីរ ជាមួយក្រសួងពាណិជ្ជកម្ម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/6/2020 9:11:21 PM )

អន្តរគណៈកម្មការនៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានជួបប្រជុំគ្នា ដោយលើកយក សេចក្តីព្រាងច្បាប់ចំនួនពីរ រួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រម- ព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងជប៉ុន មកធ្វើការពិនិត្យសិក្សាជាមួយគ្នា នៅវិមានរដ្ឋសភា។

សមាសភាពអន្តរគណៈកម្មការនៃរដ្ឋសភា ដែលដឹកនាំចូលរួមក្នុងកិច្ចប្រជុំនេះ មាន លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និង ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ព្រមទាំងតំណាងមកពីគណៈកម្មការនានានៃរដ្ឋសភា។ រីឯតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី។

លោកជំទាវ និន សាផុន បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ទាំងពីរនេះ គឺជាផ្នែកមួយដ៏មានសារៈសំខាន់ នៃប្រព័ន្ធច្បាប់ ពិភពលោក ដែលជួយជំរុញដំណើរការសេដ្ឋកិច្ចទីផ្សារប្រកបដោយប្រសិទ្ធភាព។ ម្យ៉ាងទៀតសេចក្តីព្រាងច្បាប់នេះ ធ្វើឡើងដើម្បីពង្រឹង កិច្ចសហប្រតិបត្តិលើវិស័យសេវាកម្ម ក្នុងចំណោមបណ្តារដ្ឋជាសមាជិកអាស៊ាន  ដោយលុបបំបាត់ឲ្យបានច្រើនបំផុតនូវការរឹតត្បិតនានា ចំពោះពាណិជ្ជកម្ម និងពង្រីកវិសាលភាពនៃការធ្វើសេវាកម្មឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ជម្រាបជូនអង្គប្រជុំអំពី សមទ្ធិផលធំៗយ៉ាងច្រើនដែលក្រសួង សម្រេចបានជូនសង្គមជាតិ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ឯកឧត្តមបានបន្តថា ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្រសួងពាណិជ្ជកម្មបានខិតខំរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិត បទដ្ឋានគតិយុត្តនានា ក្នុងការទាក់ទាញអ្នកវិនិយោគ។ ជាពិសេសក្រសួងពាណិជ្ជកម្មបាននឹងកំពុងពង្រីកទីផ្សារថ្មីៗ ទៅកាន់បណ្តា ប្រទេសអាស៊ាន និងប្រទេសអឺរ៉ុប តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងទ្វេភាគី និងពហុភាគី។ ឯកឧត្តមបានបញ្ជាក់ ថា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាកត្តាសំខាន់ណាស់ក្នុងការទាក់ទាញវិនិយោគិនបរទេសមកវិនិយោគក្នុងប្រទេស សំដៅចូលរួម អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់នៃសេចក្ដីព្រាងច្បាប់ទាំងពីរដែលកំពុងតែលើកយកមកធ្វើការពិភាក្សាគ្នានេះ និងបានបកស្រាយនូវរាល់ចំណុចទាំងឡាយដែលគណៈកម្មការរដ្ឋសភាបានសាកសួរផងដែរ។

ក្រោយពីបានស្ដាប់ការពន្យល់បកស្រាយពីតំណាងរាជរដ្ឋាភិបាលរួចមក គណៈកម្មការនៃរដ្ឋសភា បានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ សេចក្តីព្រាងច្បាប់ទាំងពីរគឺ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្រប- ខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាព ជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងជប៉ុន ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន