ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភា ជំរុញឱ្យថ្នាក់ដឹកនាំខេត្តព្រះវិហារ រៀបចំផែនការមេក្នុងការទាក់ទាញអ្នកវិនិយោគ មកកាន់ខេត្តមួយនេះ
គណៈកម្មការរដ្ឋសភា ជំរុញឱ្យថ្នាក់ដឹកនាំខេត្តព្រះវិហារ រៀបចំផែនការមេក្នុងការទាក់ទាញអ្នកវិនិយោគ មកកាន់ខេត្តមួយនេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/28/2020 8:47:15 PM )

ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ឯកឧត្តម ឡូយ សុផាត បានជំរុញថ្នាក់ដឹកនាំខេត្តព្រះវិហារ ត្រូវរៀបចំផែនការមេ និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការទាក់ទាញអ្នកវិនិយោគមកកាន់ខេត្តព្រះវិហារ ដោយសារខេត្តមួយនេះមានអំណោយផលខាងកសិកម្ម កសិឧស្សាហកម្ម និងកសិទេសចរណ៍ជាដើម ដើម្បីឆ្លើយតបចំពោះការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវផែនការសកម្មភាពស្របទៅតាមស្ថានភាពបច្ចុប្បន្ន និងការប្ដេជ្ញាចិត្ត ក្នុងការបម្រើប្រជា- ពលរដ្ឋ។

ឯកឧត្តមប្រធានគណៈកម្មការ បានលើកឡើងបែបនេះ ខណៈឯកឧត្តមបានដឹកនាំសមាជិកគណៈកម្មការ ចុះសិក្សាស្វែងយល់វិស័យ ការងារពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់គណៈកម្មការ និងបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃ គណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់ គណៈកម្មការ នៅក្នុងសាលប្រជុំរបស់សាលាខេត្ត នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។

វិស័យការងារដែលគណៈកម្មការត្រូវសិក្សាសែ្វងយល់ក្នុងបេសកកម្មនេះ មានការងារផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម។

ក្នុងជំនួបនោះដែរ ថ្នាក់ដឹកនាំខេត្តព្រះវិហារ បានរាយការណ៍ជូនគណ:កម្មការជំនាញនៃរដ្ឋសភា អំពីសភាពការណ៍រួមទូទៅ និងវឌ្ឍន- ភាពរីកចម្រើន ព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តព្រះវិហារសម្រេចបានកន្លងមក និងបានលើកឡើងពីការលំបាក បញ្ហាប្រឈម ដែលខេត្តបានជួបប្រទះ ដោយបានស្នើសុំគណៈកម្មការជំនាញទី៣នៃរដ្ឋសភាជួយធ្វើអន្តរាគមន៍ ដើម្បីរកមធ្យោបាយ ដោះស្រាយផងដែរ។

ការលំបាកមួយចំនួនដែលខេត្តបានលើកឡើងនោះមានដូចជា ការខ្វះខាតមធ្យោបាយ សំភារៈ ថវិកា និងមន្ត្រីឧទ្យានអនុរក្ស ដែលមិន សមាមាត្រទៅនឹងទំហំផ្ទៃដីតំបន់ការពារធម្មជាតិដែលមានវិសាលភាពធំទូលាយ ចំណែកសមិទ្ធផលលើវិស័យអភិវឌ្ឍន៍ជនបទ មិនទាន់ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ការចូលរួមថែទាំផ្លូវលំជនបទ អណ្តូងទឹក ស្រះទឹកសហគមន៍នៅមានកម្រិត ខ្វះមន្ត្រី សម្រាប់បម្រើការងារនៅរដ្ឋបាល ក្រុង ស្រុក ខ្វះឆ្មាំថែរក្សាប្រព័ន្ធធារាសាស្ត្រដែលបានជួសជុលរួច ព្រោះមានប្រជាពលរដ្ឋខ្លះលួចបិទ បើកទ្វារទឹកដើម្បីចាប់ត្រីក្នុងអាងទឹក និងមានការទន្ទ្រានយកដីអាងទឹកធ្វើជាកម្មសិទ្ធិជាដើម។

បន្ទាប់ពីបានស្តាប់ការរាយការណ៍របស់អាជ្ញាធរខេត្តរួចមក ឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ខេត្តព្រះវិហារ និងភាគីពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងធ្វើការ ក្នុងការបម្រើប្រជាពលរដ្ឋ និងបានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ សូមបន្តយកចិត្តទុកដាក់ក្នុងការងារបន្តទៀត។ ចំណែកការលំបាក និងបញ្ហាប្រឈមដែលខេត្តបានលើកឡើង គណៈកម្មការបាន បញ្ជាក់ថា នឹងពាំនាំទៅជម្រាបជូនសម្តេចប្រធានរដ្ឋសភា ដើម្បីធ្វើអន្តរាគមន៍ទៅតាមនីតិវិធីរបស់រដ្ឋសភា ដើម្បីឲ្យខេត្តមានលទ្ធភាព ពេញលេញក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ។

បន្ទាប់មកនៅរសៀលថ្ងៃដដែល គណៈកម្មការទី៣នៃរដ្ឋសភា ក៏បានបន្តដំណើរចុះពិនិត្យ និងសិក្សាស្វែងយល់ទីតាំងមួយចំនួនក្នុងខេត្ត ព្រះវិហារមានដូចជា ចុះពិនិត្យមើលផ្ទះសំណាញ់ សម្រាប់ដាំបន្លែសុវត្ថិភាព ស្ថិតនៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ និងចុះពិនិត្យមើលឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប និងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ កសិដ្ឋានចិញ្ចឹមចៀម និងពពែ យកសាច់ នៅឃុំឆែប១ ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន