ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រតិភូគណៈកម្មការសង្គមកិច្ចសុខាភិបាលរដ្ឋសភា ចុះស្វែងយល់សេវាសាធារណៈដល់ពលរដ្ឋ នៅខេត្តស្ទឹងត្រែង
ប្រតិភូគណៈកម្មការសង្គមកិច្ចសុខាភិបាលរដ្ឋសភា ចុះស្វែងយល់សេវាសាធារណៈដល់ពលរដ្ឋ នៅខេត្តស្ទឹងត្រែង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/28/2020 7:10:40 PM )

ប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានចុះសិក្សាស្វែងយល់លទ្ធផលការងារ និងបញ្ហាប្រឈម របស់អាជ្ញាធរខេត្តស្ទឹងត្រែង លើវិស័យការងារដែលគណៈកម្មការទទួល ខុសត្រូវ ពិសេសការផ្តល់សេវាសាធារណៈសង្គម និងសុខាភិបាល។

នៅក្នុងបេសកកម្មនេះ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ប្រតិភូរដ្ឋសភាដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង

ក្រោយពីបានរាយការណ៍ជូនប្រតិភូពីវឌ្ឍនភាពរបស់ខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត បានលើកឡើងពីវិស័យសង្គមកិច្ច សុខាភិបាល នៅក្នុងខេត្តស្ទឹងត្រែង។ ឯកឧត្តមបានឲ្យដឹងថា ខេត្តមានមន្ទីរពេទ្យបង្អែក១កន្លែង មណ្ឌលសុខភាព១៤កន្លែង បុស្តិ៍ សុខភាព២កន្លែង។ នៅក្នុងពេលដែលកូវីដ១៩ កំពុងរាតត្បាតនេះ មន្រ្តីសុខាភិបាលខេត្ត អាជ្ញាធរគ្រប់វិស័យ បានសហការគ្នាយ៉ាងល្អ  ដើម្បីផ្សព្វផ្សាយណែនាំពលរដ្ឋ ឲ្យចេះការពារខ្លួន អនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាលខ្ជាប់ខ្ជួន ដើម្បីចៀសផុតពីការឆ្លងជំងឺ កូវីដ១៩ដល់ខ្លួនឯង សហគមន៍ខ្លួន និងសង្គមជាតិខ្លួន។

ចំពោះការអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភពលរដ្ឋក្រីក្រក្នុងអំឡុងពេលកូវីដ១៩ ការអនុវត្តគោលនយោបាយ ឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រី មានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ ព្រមទាំងការប្រើប្រាស់សេវាថែទាំសុខភាព (ប.ស.ស) ដល់កម្មករ កម្មការិនីរោងចក្រ និយោជិក មន្ត្រីរាជការ និវត្តន៍ជន និងបណ្ណមូលនិធិសមធម៌ បានដំណើរការល្អ។ ពលរដ្ឋសប្បាយរីករាយ នៅក្នុងការទទួលសេវាពីរដ្ឋ និងបានជួយ សម្រាលការលំបាករបស់ពួកគាត់បានយ៉ាងច្រើន។

លោកជំទាវ ឡោក ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់អជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ ទាំងអស់ ដែលបានយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ ក៏ដូចជាសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព មានការទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះ លោកជំទាវបានសំណូមពរដល់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធបន្តសហការគ្នា ក្នុងការផ្តល់សេវាសាធារណៈ ផ្សេងៗដល់ពលរដ្ឋបន្ថែមទៀត។ ប្រតិភូរដ្ឋសភា បានសន្យាពាំនាំសំណូមពរ និងការសំណើរបស់អាជ្ញាធរ ដែលមានជូនថ្នាក់ដឹកនាំ ដើម្បីរិៈរកមធ្យោបាយដោះស្រាយ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារឲ្យកាន់តែល្អទាន់ពេលវេលា ឆ្លើយតបតម្រូវការ និងសំណូមពរ ពលរដ្ឋ។

បន្ទាប់ពីចប់កិច្ចប្រជុំជាមួយរដ្ឋបាលខេត្ត គណៈប្រតិភូគណៈកម្មការជំនាញរដ្ឋសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់- ដឹកនាំ មន្រ្តីសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង និងបានពិនិត្យមើលការផ្តល់សេវាសុខាភិបាលនៅទីនោះ ជូនប្រជាពលរដ្ឋ ផងដែរ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន