នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម ហ៊ុន ណេង តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា អមដំណើរដោយអាជ្ញាធរថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ បាន អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង១កន្លែង ស្ថិតនៅភូមិទូលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
គួររំលឹកថា ស្ពាន១កន្លែងនេះជាប្រភេទដែកបាឡេ បានកសាងឡើងនាឆ្នាំ១៩៩៣ មានសភាពទ្រុឌទ្រោម បានទទួលរងគ្រោះបាក់ស្រុត ដោយទឹកជំនន់ទន្លេមេគង្គ ដោយបានទឹកហូរធ្វើឲ្យរលំសរសរ ១ដើម នៅត្រង់ចំណុចកណ្ដាលស្ពាន កាលពីវេលាម៉ោង ៦៖៣០នាទី ថ្ងៃទី០៦ កញ្ញា ឆ្នាំ២០១៩ កន្លងទៅ។ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្រោយពីស្ពានបាក់ស្រុតនោះ ក្រុមជំនាញ បច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម សម្រេចសាងសង់បន្ថែមប៉ាណូ ចំនួន២ជួរ កម្ពស់១ជាន់ទៀត លើប៉ាណូ ចាស់ដែលមានស្រាប់ ដោយប្រើដែកប៉ាណូចំនួន៣៦ផ្ទាំង ដើម្បីពង្រឹងតួស្ពាន ឲ្យធ្វើចរាចរបណ្តោះអាសន្ន រហូតមកដល់សព្វថ្ងៃនេះ។
ដោយឡែកនាបច្ចុប្បន្ននេះ កងវិស្វកម្មក្រសួងការពារជាតិ ក៏បានរៀបចំប៉ាណូ១ជួរបន្ថែមទៀត ដើម្បីពង្រឹងតួស្ពានទាំងមូលឲ្យកាន់តែ រឹងមាំជាងមុន សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈដែលស្ពានបេតុងថ្មីកំពុងចាប់ផ្ដើមដំណើរការស្ថាបនានោះ។
តាមការគូសបញ្ជាក់ពី លោក សុ កុល មន្ត្រីបច្ចេកទេសគ្រប់គ្រងគម្រោងសាងសង់ ឲ្យដឹងថា ស្ពានបេតុង១កន្លែងនេះ មានទំហំ៩០ គុណនឹង៨ម៉ែត្រ ប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល អនុវត្តដោយកងវិស្វកម្មក្រសួងការពារជាតិ។ គម្រោងបានចាប់ផ្ដើមដំណើរការងារ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០មក។ បច្ចុប្បន្ន ក្រុមបច្ចេកទេសកំពុងឃួងគ្រឹះស្ថាបនាស្ពានបេតុងថ្មី ដើម្បីពន្លឿនការងារនៅ ខាងក្រោមដី ក៏ព្រោះតែទឹកជំនន់កំពុងហក់ឡើងបណ្ដើរមកហើយ។
ឯកឧត្ដម ហ៊ុន ណេង បានមានប្រសាសន៍ថា ស្ពានបេតុងថ្មីនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទុកជាចំណងដៃជូនប្រជាពលរដ្ឋ នៅក្នុងស្រុកស្ទឹងត្រង់ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ផងដែរ ដោយតភ្ជាប់ពីភូមិទួលរកា ឆ្ពោះទៅភូមិដីលើ នៃឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ និងជាស្ពានសម្រាប់ការចរាចរណ៍របស់ប្រជាពលរដ្ឋ ទូទៅ ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្ពោះទៅកាន់ស្រុកព្រែកប្រសប់ខេត្តក្រចេះផងដែរ។
ពេលនេះ គម្រោងកំពុងចាប់ដំណើរការស្ថាបនាហើយ សូមសំណូមពរឲ្យប្រជាពលរដ្ឋ ជាអ្នកធ្វើដំណើរទាំងអស់ មានការយោគយល់ អធ្យាស្រ័យ ពីព្រោះថា វាអាចមានការរំខានបន្តិចបន្តួច ទៅដល់ការធ្វើចរាចរណ៍របស់បងប្អូន។ ដូច្នេះ យើងត្រូវចេះសម្រួលគ្នាទៅវិញ ទៅមក ធ្វើយ៉ាងណាដើម្បីទទួលបានស្ពានប្រើប្រាស់ទាំងអស់គ្នានៅពេលអនាគតនោះ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន