ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភាពិនិត្យសេចក្តីព្រាងច្បាប់២ ទាក់ទងនឹងការប្រឆាំងហិរញ្ញប្បទាន ការរីកសាយភាយអាវុធមហាប្រល័យ និងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
គណៈកម្មការរដ្ឋសភាពិនិត្យសេចក្តីព្រាងច្បាប់២ ទាក់ទងនឹងការប្រឆាំងហិរញ្ញប្បទាន ការរីកសាយភាយអាវុធមហាប្រល័យ និងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/25/2020 8:47:01 PM )

គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការ បានដឹកនាំ សមាជិក សមាជិកាគណៈកម្មការ ប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន២គឺ សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញ- ប្បទានភេរវកម្ម នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ មាន៨ជំពូក ចែកចេញជា២៤មាត្រា។ សេចក្ដី ព្រាងច្បាប់នេះមានគោលបំណង ធានាការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដោយកំណត់អំពីវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

ចំណែកឯសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម មាន៩ជំពូក ចែកចេញជា៤៧មាត្រា។ សេចក្ដី ព្រាងច្បាប់នេះមានគោលបំណង ធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

បន្ទាប់ពីការពិនិត្យពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក កិច្ចប្រជុំបានសម្រេចគាំទ្រទាំងស្រុង លើសេចក្តីព្រាងច្បាប់ទាំង២នេះ ដោយបាន ឯកភាពគ្នាថា នឹងអញ្ជើញតំណាងរាជរដ្ឋាភិបាលមកពន្យល់លើចំណុចមួយចំនួនបន្ថែមទៀត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ខាងមុខ មុននឹងបញ្ជូនសេចក្ដីព្រាងច្បាប់ទាំង២នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីចាត់ចែងតាមនីតិវិធីបន្តទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន