ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន ចុះផ្សព្វផ្សាយ និងក្រើនរំលឹកប្រជាពលរដ្ឋ ឲ្យបន្តប្រុងប្រយ័ត្ន និងការពារខ្លួនពីវីរុសកូវីដ COVID-19
ឯកឧត្តម ឈាង វុន ចុះផ្សព្វផ្សាយ និងក្រើនរំលឹកប្រជាពលរដ្ឋ ឲ្យបន្តប្រុងប្រយ័ត្ន និងការពារខ្លួនពីវីរុសកូវីដ COVID-19
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/25/2020 12:15:08 AM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ  និងព័ត៌មាននៃរដ្ឋសភា និងជា ប្រធានក្រុមកាងារទំនាក់ទំនងក្រុមការងារពលករ ប្រចាំខេត្តបាត់ដំបង និងជាតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ដោយមានការ ចូលរួមពី លោក គឹម វណ្ណៈ អភិបាលស្រុកថ្មគោល បានចុះផ្សព្វផ្សាយ និងក្រើនរំលឹកប្រជាពលរដ្ឋ ពិសេសប្រជាពលករ៨០គ្រួសារ ដែលទើបត្រឡប់មកពីប្រទេសថៃ ឲ្យបន្តប្រុងប្រយ័ត្ន និងការពារខ្លួនពីវីរុសកូវីដ COVID-19 ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដោយកុំមានការធ្វេសប្រហែសឡើយ។

ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងឃុំបន្សាយត្រែង និងឃុំជ្រោយផ្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជាមួយនឹងការជម្រាបជូនថា កម្ពុជាទើបនឹងរកឃើញមានការឆ្លងវីរុសកូវីដ COVID-19 ថ្មីចំនួន២ករណី ឯកឧត្តម ឈាង វុន បានណែនាំ ដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវភ្លេចខ្លួនពីជំងឺដ៏កាចសាហាវនៃវីរុសកូវីដ១៩ (COVID-19) នោះទេ គឺត្រូវបន្តប្រកាន់ខ្ជាប់នូវអនាម័យ ខ្ពស់ គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត ពិសេសត្រូវប្រកាន់ខ្ជាប់នូវការពាក់ម៉ាស ការលាងសម្អាតដៃដោយសាប៊ូ ឬទឹកអាល់កុល ឱ្យបានញឹកញាប់ជាប្រចាំ ដើម្បីជៀសផុតពីការឆ្លង និងការរីករាលដាល នៃវីរុសកូវីដ១៩ (COVID-19) មកលើខ្លួនឯង ក្រុមគ្រួសារ និង សហគមន៍។

ឯកឧត្តមក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជានិច្ចជាកាលទោះបីជាសម្តេចទាំងបួនរវល់ក្តី សម្តេច តែងតែផ្តាំផ្ញើរ និងយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជានិច្ច។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ លើកឡើងពីគុណតម្លៃ នៃកម្មវិធីគោលនយោបាយដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា និង នយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញ និងឯកភាពជាតិ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បាននាំយកអំណោយមួយចំនួន ចែកជូនប្រជាពលករផងដែរ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២០គីឡូក្រាម ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ត្រីខ៦កំប៉ុង មីមួយកេះ និងថវិកាមួយចំនួនទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន