ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភា គោរពជូនពរ សម្ដេចចក្រី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៨៦ ឈានចូល៨៧ឆ្នាំ
អគ្គលេខាធិការដ្ឋានរដ្ឋសភា គោរពជូនពរ សម្ដេចចក្រី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៨៦ ឈានចូល៨៧ឆ្នាំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/25/2020 12:02:58 AM )

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីបុណ្យចម្រើនជន្មាយុ របស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជា- ណាចក្រកម្ពុជា គម្រប់ខួប៨៦ ឈានចូល៨៧ឆ្នាំ ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានដឹកនាំមន្ត្រីរាជការនៃអគ្គ- លេខាធិការដ្ឋានរដ្ឋសភា ចូលគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន នៅគេហដ្ឋានសម្ដេចក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃ ទី២៥ ខែឧសភា ឆ្នាំ២០២០។

ក្នុងសារលិខិតជូនពរ ឯកឧត្ដម ឡេង ប៉េងឡុង បានលើកឡើងថា ឯកឧត្ដម និងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ មានមោទនភាពយ៉ាងក្រៃលែង និងសូមកោតសរសើរដោយស្មោះ ចំពោះរាល់សកម្មភាពដ៏ប្រពៃថ្លៃថ្លារបស់ សម្ដេចអគ្គមហាពញាចក្រី ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតីដ៏ខ្ពង់ខ្ពស់ ដើម្បីរួមចំណែកយ៉ាងធំធេងក្នុងការការពារ និងអភិវឌ្ឍជាតិមាតុភូមិ ជាពិសេសក្រោមមគ្គុទេសក៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេច បានធ្វើឲ្យមានការរីកចម្រើនឥតឈប់ឈរ ទាំងវិស័យកសាង ច្បាប់នៃស្ថាប័នរដ្ឋសភាកម្ពុជា និងវិស័យការទូតសភាលើឆាកអន្តរជាតិ។ នេះជាវីរភាពដ៏ឧត្ដុង្គឧត្ដម សម្រាប់មន្ត្រីរាជការគ្រប់ៗរូប ប្រតិបត្តិ និងយកគំរូតាម។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ តាងនាមមន្រ្តីរាជការទាំងអស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្ដម ឡេង ប៉េងឡុង បានបួងសួងដល់ គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក និងសូមទេវតាតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យសិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូនសម្ដេច និងសម្ដេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បត្រី ចៅប្រុស ចៅស្រី សូមមានជន្មាយុយឺនយូរ និងមានសុខុមាលភាពល្អបរិបូរណ៍ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់វឌ្ឍនភាព ក្នុងសុខសន្តិភាព ស្ថិរភាពរឹងមាំ តរៀងទៅ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន