ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាវៀតណាម ផ្តល់ម៉ាសជាង៣០ពាន់ដល់សភាកម្ពុជា ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩
រដ្ឋសភាវៀតណាម ផ្តល់ម៉ាសជាង៣០ពាន់ដល់សភាកម្ពុជា ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/19/2020 11:55:39 PM )

រដ្ឋសភាវៀតណាម បានផ្តល់ជូនរដ្ឋសភាកម្ពុជានូវម៉ាសចំនួន១២កេសស្មើនឹងម៉ាសចំនួន៣០ពាន់ សម្រាប់ចែកជូនប្រជាពលរដ្ឋ ក្នុងការ ការពារជំងឺកូវីដ១៩។

ពិធីទទួល និងប្រគល់ម៉ាស ដែលជាជំនួយរបស់រដ្ឋសភាវៀតណាមនេះ បានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅវិមាន រដ្ឋសភា ដោយមានការចូលរួមពី ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ឯកឧត្តម ឡោយ ឆាយ អគ្គលេខាធិការរង ព្រឹទ្ធសភា និង ឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រ កម្ពុជា។ ពិធីនេះ មានការចូលរួមជាសាក្សីពីគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះ- បណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ  ឡោក  ខេង  ប្រធានគណៈកម្មការ ផងដែរ។

ឯកឧត្តម ឡេង ប៉េងឡុង ក្នុងនាមថ្នាក់ដឹកនាំរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភា វៀតណាម  ដែលផ្តល់អំណោយម៉ាសនាពេលនេះដល់សភាកម្ពុជា។ អំណោយនេះពិតជាបានជួយបំពេញនូវតម្រូវការខាងមធ្យោបាយ ប្រយុទ្ធទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវនោះ។

ឯកឧត្តមអគ្គលេខាធិការ បានគូសបញ្ជាក់ថា អំណោយនេះ ពិតមែនតែមិនមានចំនួនច្រើន ប៉ុន្តែវាតំណាងឲ្យមនោសញ្ចេតនាមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិយើងទំាងពីរ កម្ពុជា-វៀតណាម។ អំណោយនេះគឺជាសក្ខីភាពថ្មីមួយទៀត ក្នុងចំណោមកាយវិការដ៏ច្រើន ក្នុងរយៈពេលកន្លងមក ដែលប្រជាជាតិទំាងពីរបានបណ្តុះបណ្តាល កសាង និងពង្រឹងឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព ការជួយគ្នាទៅវិញទៅមក ដែលសម្បតិ្តរួមដ៏ថ្លៃថ្លារបស់ប្រជាជាតិយើងហើយ ដែលជាមូលដ្ឋានគ្រឹះបម្រើឲ្យការរស់នៅជាអ្នកជិតខាងល្អ ប្រកបដោយសុខសន្តិភាពនឹងការរីកចម្រើននៃប្រទេសទំាងពីរ។

សូមជម្រាបថា នៅពេលនេះ កម្ពុជាពុំមានករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ។ អ្នកជំងឺទំាង១២២នាក់ដែលបានរកឃើញ បានព្យាបាល ជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យអស់ហើយ។ ប៉ុន្តែទំាងថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលនៅតែទទូចសូមឲ្យពលរដ្ឋបន្តការប្រុង- ប្រយ័ត្ន ធ្វើអនាម័យជាប្រចំា ដោយត្រូវលាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ពាក់ម៉ាស និងមិនគួរចេញពីផ្ទះបើមិនមានការចំាបាច់ ត្រូវរក្សាគម្លាតសង្គម ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ១៩នេះដល់សហគមន៍។ បើទោះបីកម្ពុជាមិនមានករណីឆ្លងថ្មី តែហានីភ័យនៅតែមានខ្ពស់ ដោយសារប្រទេសជិតខាង និងសកលលោកនៅតែប្រឈមជាមួយនឹងកូវីដ១៩ជារៀងរាល់ថ្ងៃ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន