ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត នៅរសៀលថ្ងៃទី១១ ខែឧសភាឆ្នាំ២០២០ បានយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ ដោយសុវត្ថិភាព បន្ទាប់ពីបានគង់ ប្រថាប់នៅក្នុងប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងឥស្សរជនជាន់ខ្ពស់ជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ព្រះរាជវង្សានុវង្សជាច្រើន បានយាង និងអញ្ជើញទទួលព្រះរាជដំណើរនិវត្តន៍របស់ព្រះអង្គទាំងទ្វេ ដល់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ។
សូមក្រាបថ្វាយបង្គំព្រះអង្គទាំងទ្វេមានព្រះរាជសុខភាពមាំមួន ល្អបរិបូណ៍ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់នៅក្នុងព្រះរាជសម្បត្តិ ជាម្លប់ត្រជាក់ត្រជុំដល់ប្រជារាស្រ្តគ្រប់រូបជាយូរអង្វែងតរៀងទៅ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន