រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អន្តរគណៈកម្មការរដ្ឋសភា ជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ សម្រាប់ជាការផ្ដល់ទំនុកចិត្តដល់ការវិនិយោគលើវិស័យថាមពលអគ្គិសនី
អន្តរគណៈកម្មការរដ្ឋសភា ជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ សម្រាប់ជាការផ្ដល់ទំនុកចិត្តដល់ការវិនិយោគលើវិស័យថាមពលអគ្គិសនី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/22/2020 6:20:53 PM )

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធាន គណៈកម្មការ សហការជាមួយ គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ ដោយ មានការចូលរួម ពីតំណាងគណៈកម្មការផ្សេងៗទៀតនៃរដ្ឋសភា បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដែលមាន ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និង ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យសិក្សា ទៅលើសេចក្តីព្រាងច្បាប់ចំនួនបី សម្រាប់ជាការផ្ដល់ទំនុកចិត្តដល់ក្រុមហ៊ុនវិនិយោគ ទាក់ទងនឹងគម្រោងវិនិយោគលើវិស័យថាមពល អគ្គិសនី នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

សេចក្តីព្រាងច្បាប់ទាំងបីរួមមានៈ

១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិនវេសម៉ិន គ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ខេត្តកោះកុង។

២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនី ដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត។

៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ២៦៥មេហ្គាវ៉ាត់ ខេត្តឧត្តរមានជ័យ។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ  និងថាមពល បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ទាំងបីខាងលើ បានរៀបចំឡើងក្នុង បរិបទនៃនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ និងការអភិវឌ្ឍនៅគ្រប់ទិសទី និងលើ គ្រប់វិស័យ។ ក្នុងនោះ វិស័យថាមពលក៏ត្រូវបានអភិវឌ្ឍន៍ក្នុងសន្ទុះយ៉ាងលឿន និងបានដើរតួនាទីស្នូលយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ ការអភិវឌ្ឍ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា តម្រូវការប្រើប្រាស់អគ្គិសនីបានបន្តស្ថិតក្នុងអាត្រាកំណើនខ្ពស់ ដើរស្របនឹងចក្ខុវិស័យដ៏មានមហិច្ឆិតា របស់រាជរដ្ឋាភិបាល ក្នុងការជំរុញការផ្គត់ផ្គង់អគ្គិសនីអោយបានគ្របដណ្តប់គ្រប់ភូមិក្នុងឆ្នាំ២០២០ ក្នុងអត្រាតម្លៃសមរម្យ និងតម្លៃ ឯកភាពទូទាំងប្រទេស។

ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលបាននិងកំពុងបន្តអនុវត្តនូវនយោបាយបញ្ចុះថ្លៃលក់ថាមពលអគ្គិសនី ដើម្បីរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋអោយកាន់តែល្អ ប្រសើរថែមទៀត។

បន្ទាប់ពីការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ អង្គប្រជុំបានឯកភាពទទួលយកសេចក្ដីព្រាងច្បាប់ទាំងបី ដោយរក្សាខ្លឹមសារអត្ថបទច្បាប់នៅ ដដែលទាំងស្រុង ដោយគ្រាន់តែធ្វើការកែសម្រួលអក្ខរាវិរុទ្ធបន្តិចបន្តួចអោយត្រូវតាមវចនានុក្រមប៉ុណ្ណោះ។ គណៈកម្មការជំនាញនៃ រដ្ឋសភា ក៏បានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ទាំងបី ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រាប់ពិនិត្យដាក់បញ្ចូលទៅក្នុង សម័យប្រជុំរដ្ឋសភាធ្វើការពិភាក្សានិងអនុម័តនាពេលខាងមុខ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនដល់តំណាងរាជរដ្ឋាភិបាល ដែលបានខិតខំ ទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនវិនិយោគលើវិស័យថាមពលនេះ និងបានបង្កើតច្បាប់ដ៏មានសារៈសំខាន់ខាងលើ ដើម្បីជាការផ្ដល់ ទំនុកចិត្តដល់ក្រុមហ៊ុនវិនិយោគ ក្នុងការធានាទូទាត់លើគម្រោងវិនិយោគវិស័យថាមពលអគ្គិសនីនេះ ផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន