ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភាបានដឹកនាំសមាជិកគណៈកម្មការ អញ្ជើញទៅបំពេញបេសកកម្មស្វែងយល់ពីវិស័យការងារ ក្រោមការទទួលបន្ទុករបស់គណៈកម្មការ នៅខេត្តព្រៃវែង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។
នៅពេលជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង និងមន្ទីរពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ នៅ សាលប្រជុំរបស់សាលាខេត្ត ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈប្រតិភូ បានមានប្រសាសន៍ថា បេសកកម្មរបស់គណៈកម្មការរដ្ឋសភា មកកាន់ខេត្តព្រៃវែងនាពេលនេះ គឺចង់ស្វែងយល់ពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់នានារបស់ខេត្ត លើវិស័យផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា និងប្រមូលព័ត៌មានអំពីលទ្ធផលការងារ បញ្ហាប្រឈម ក៏ដូចជាពិនិត្យមើលពី ភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តនេះ។
ក្នុងនាម ឯកឧត្តមអភិបាលខេត្ត ឯកឧត្ដម ចាន់ ថា អភិបាលរងខេត្តព្រៃវែង បានរាយការណ៍ជូនប្រតិភូគណៈកម្មការរដ្ឋសភា អំពី ការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត និងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តព្រៃវែងសម្រេចបានកន្លងមក និងផែនការទិសដៅ ដែលត្រូវអនុវត្តបន្តក្នុងឆ្នាំថ្មី២០២០ និងឆ្នាំបន្តបន្ទាប់ទៀត។
ឯកឧត្តមអភិបាលរងខេត្តបានបន្តថា ក្រៅពីសមិទ្ធផលដែលពាក់ព័ន្ធលើវិស័យផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ហើយនោះ ខេត្តក៏បានជំរុញការអភិវឌ្ឍវិស័យជាអាទិភាពដទៃទៀតដែរ មានដូចជា វិស័យអប់រំ វិស័យសុខាភិបាល វិស័យសាធារណការ និងដឹកជញ្ជូន វិស័យសង្គមកិច្ច និងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ ក៏មានវឌ្ឍនភាពកាន់តែប្រសើរគួរឱ្យកត់សម្គាល់ផងដែរ។
ឯកឧត្ដម ចាន់ ថា បានបញ្ជាក់ថា លទ្ធផលដែលខេត្តសម្រេចបានទាំងនេះ គឺបានមកពីការខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ច ពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក្រោមដំបូលនៃសុខសន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ដ៏ឆ្នើម។
ក្រៅពីរាយការណ៍លម្អិតអំពីលទ្ធផល និងសមិទ្ធផលសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការហើយ ឯកឧត្តម អភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធ ក៏បានលើកឡើងបញ្ហាប្រឈមនានា ដែលរដ្ឋបាលខេត្តបានជួបប្រទះកន្លងមក និងសំណូមពរ ស្នើសុំឲ្យគណៈកម្មការនៃរដ្ឋសភា ជួយធ្វើអន្តរាគមន៍រកមធ្យោបាយដោះស្រាយផងដែរ។
បន្ទាប់ពីបានស្តាប់នូវការរាយការណ៍របស់ថ្នាក់ដឹកនាំខេត្តរួចមក ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា បាន ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង និងមន្ទីរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង ធ្វើការអភិវឌ្ឍ ខេត្តលើគ្រប់វិស័យ ដែលជាការជួយលើកស្ទួយ កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានកាន់តែប្រសើរឡើង ស្របតាមគោល- នយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែល សម្ដេចតែងបានណែនាំ ឱ្យមន្ត្រីរាជការទាំងអស់ខិតខំបម្រើប្រជាពលរដ្ឋឲ្យកាន់តែសកម្មទ្វេដង។
ជាមួយនឹងការលើកទឹកចិត្តចំពោះអាជ្ញាធរខេត្តបន្តយកចិត្តទុកដាក់ក្នុងការបំពេញការងារបន្តទៀត ឯកឧត្តម ជា វ៉ាន់ដេត ប្រធាន គណៈកម្មការ បានសន្យាថា នឹងនាំយកបញ្ហាប្រឈមដែលខេត្តបានលើកឡើង ជម្រាបសម្តេចប្រធានរដ្ឋសភា ដើម្បីធ្វើអន្តរាគមន៍ទៅ រាជរដ្ឋាភិបាល រកមធ្យោបាយជួយដោះស្រាយឲ្យបានទាន់ពេលវេលា។
ក្នុងថ្ងៃដដែលនេះដែរ គណៈប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា ក៏បានអញ្ជើញចុះពិនិត្យសិក្សាស្វែងយល់ទីតាំងមួយចំនួនក្នុងខេត្ត ព្រៃវែង មានដូចជា ទីតាំងស្ថានីយវៃកូរទី២ ស្ថិតនៅឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក។ ទីតាំងប្រព័ន្ធធារាសាស្ត្រស្ថានីយទី២ ស្ថិតនៅ ឃុំល្វា ស្រុកព្រះស្តេច ដោយស្ថានីយនេះគ្របដណ្តប់ ៣ ស្រុក មានស្រុកបាភ្នំ ស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក។ ចុះពិនិត្យមើល ទីលានចាក់សំរាម ស្ថិតនៅភូមិបារាយណ៍ខាងកើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង។ ចុះពិនិត្យមើលទីតាំងសត្តឃាតដ្ឋាន ស្ថិតនៅភូមិ ឯករាម សង្កាត់ជើងទឹក ក្រុងព្រៃវែង និងចុះពិនិត្យសិក្សាស្វែងយល់ទីតាំងទំនន់បឹងស្នេហ៍ ស្ថិតនៅឃុំភាយ ស្រុកបាភ្នំ ជាទីកន្លែង អភិរក្សសត្វស្លាប និងជាកន្លែងមួយដែលនិងត្រូវរៀបចំជាតំបន់ទេសចរណ៍ធម្មជាតិនាពេលខាងមុខ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន